កំពត ៖ បុរសជនជាតិអូស្ត្រាលីម្នាក់ ដែលមានទំនាស់ដីធ្លីនៅខេត្តកំពត ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ផ្ដល់សញ្ជាតិខ្មែរ ដល់រូបលោកដោយមានឈ្មោះខ្មែរ សែន សន្តិភាព ។
លោក សែន សន្តិភាព ជាបុរសបរទេសទី ២ បន្ទាប់ពីលោក ថូមជនជាតិអាមេរិក ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រផ្ដល់សញ្ជាតិខ្មែរដោយមានឈ្មោះថា សែន សំណាង ។
បើតាមការផ្សាយព័ត៌មាននៅលើហ្វេសប៊ុក Duong Dara ទីប្រឹក្សាសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា “សែនសន្តិភាព SEN Santepheap” គឺជាឈ្មោះថ្មីរបស់ លោក ខេមប៊ែល ភីធឺ ម៉ាក (Campbell Peter Mark) ជនជាតិអូស្រាលី ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ជូនគាត់ ហើយដែលព្រះមហាក្សត្រកម្ពុជា បានឡាយព្រះហស្ថលេខា កាលពីថ្ងៃទី ១៧ កក្កដា ថ្មីៗនេះ។ សំណាងមែន លោក សន្តិភាព!
សង្ឃឹមថា ចាប់ពីពេលនេះទៅ លោក សន្តិភាព នឹងបានរស់នៅមានសេចក្តីសុខ ហើយមានសិទ្ធិពេញលេញ ក្នុងនាមជាពលរដ្ឋខ្មែរ ដែលជាឱកាសសម្រាប់ជីវិតរស់នៅចុងក្រោយលើទឹកដីកម្ពុជា!។
លោក Duong Dara បានលើកឡើងថា “ខ្ញុំបាទសូមគោរពអរគុណ សម្តេចតេជោ ប្រមុខដឹកនាំចំពោះក្តីមេត្តាករុណា និងក្តីស្រឡាញ់ដ៏ធំធេងបំផុតដែល សម្តេចតែងតែមានចំពោះពលរដ្ឋទូទៅ ដោយគ្មានការរើសអើងអ្វីឡើយ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង”៕
ដោយ៖កូឡាប