ភ្នំពេញ៖ ប្រិយមិត្តបានដឹងហើយ ចំពោះបុរសម្នាក់ដែលបងប្អូននៅក្នុងបណ្តាញសង្គម បានចាត់ទុកជាវីរៈបុរសក្នុងចិត្តនៅពេលនេះ ព្រោះតែគាត់បានលះបង់ប្រថុយជីវិត ទៅជួយសង្គ្រោះយកក្មេងស្រីរងគ្រោះចេញពីក្នុងបន្ទប់ឡៅតឿ ខណៈជាប់គាំងក្នុងភ្លើងកំពុងឆាបឆេះសន្ធោសន្ធៅ ប៉ុន្តែ គួរឲ្យសោកស្តាយដែលនាងបានបាត់បង់ជីវិត។
តែយ៉ាងណាមិញ ការខិតខំរបស់គាត់ក្នុងការជួយសង្គ្រោះក្មេងស្រីរងគ្រោះ ក៏បានបង្កឲ្យមហាជនផ្ទុះការរិះគន់ផងដែរ ទៅលើឡានពេទ្យដែលគេចោទឡើងថា ពុំមានសម្ភារគ្រប់គ្រាន់ ជាពិសេសនោះគឺអុកស៊ីហ្សែនគ្មាននៅក្នុងរថយន្ត ខណៈពេលគាត់បីក្មេងស្រីរងគ្រោះ ដែលបានគេឃើញថានាងនៅមានដង្ហើម រត់ទាំងត្រដាបត្រដួសស្វែងរកឡានពេទ្យ។
ដោយសារតែមកដល់ឡាន ពុំឃើញមានបុគ្គលិកពេទ្យណាម្នាក់នៅនឹងកន្លែង ជាហេតុធ្វើឲ្យគាត់ផ្ទុះកំហឹងស្រែកយ៉ាងខ្លាំងៗតែម្តងទៅលើបុគ្គលិកឡានពេទ្យ ព្រោះតែអារម្មណ៍នៅពេលនោះ គាត់អាណិតអាសូរ និងបារម្ភខ្លាំងពេកដល់ក្មេងស្រីរងគ្រោះ ដែលកំពុងត្រូវការការសង្គ្រោះបន្ទាន់។ តែយ៉ាងណា ក្រោយហេតុការណ៍នេះ គាត់ក៏បានចេញមុខសុំទោសដល់បុគ្គលិកឡានពេទ្យផងដែរ ចំពោះពាក្យសម្តីដែលគាត់ប្រើមិនគួរគប្បី។
តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះថា Klang KN បុរសខាងលើរូបនេះ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បាទសុំទោសបងៗឡានពេទ្យដែលខ្ញុំបាទមានពាក្យសម្ដីមិនល្អទៅលើក្រុមពួកបងៗ ដោយខ្ញុំបាទមានការបារម្ភពីជីវិតក្មេងស្រី សុំបងៗមេត្តាអធ្យាស្រ័យដល់រូបខ្ញុំបាទផង»៕ ដោយ៖ លឹម ហុង