ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងវិធានការចុះអនុវត្ត ត្រួតពិនិត្យតាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ ដើម្បីធ្វើការណែនាំ អប់រំ និងផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដើម្បីរៀបចំប្រែក្លាយទីកន្លែងទាំងនោះទៅជាភោជនីយដ្ឋាន ដើម្បីចូលរួមសហការគ្នា ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។
ក្នុងឱកាសនោះដែរលោក លោកស្រីស្នងការរង លោកអធិការនគរបាលខណ្ឌទាំង១៤ បានចូលរួមមតិយោបល់ ផ្តល់របាយការណ៍ ចាត់វិធានការចុះត្រួតពិនិត្យជាប្រចាំ តាមគ្រប់ទីតាំងក្លឹបកម្សាន្ត ខារ៉ាអូខេ ដើម្បីឲ្យមានភាពច្បាស់លាស់ថា ក្លឹបទាំងនោះបើបើកដំណើរ គឺត្រូវតែកែប្រែទៅជាភោជនីយ៍ដ្ឋាន ដោយគោរពតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ ។
ឯកឧត្តមស្នងការ បានផ្តល់មតិណែនាំជាច្រើនដល់បណ្តាអធិការខណ្ឌទាំងអស់ ត្រូវតែរៀបចំកម្លាំងចុះត្រួតពិនិត្យជាប្រចាំ តាមគ្រប់ទីតាំក្លឹបកម្សាន្ត ខារ៉ាអូខេ ចៀសវាងការលួចបើកដោយផ្ទុយនឹងសេចក្តីណែនាំ ដែកអាចបង្កឲ្យមានការឆ្លងរាលដាលវីរុសកូវីដ ១៩ ។
ជាមួយនោះដែរឯកឧត្តមស្នងការ បានណែនាំដល់លោកស្នងការរង ការិយាល័យបង្ការអគ្គិភ័យ ត្រូវបង្កើនការចុះណែនាំអប់រំជាប្រចាំដល់អ្នកប្រកបមុខរបរ ដែលងាយរងគ្រោះដូចជាស្ថានីយ៍លក់ប្រេង ទីតាំងលក់ និងបញ្ចូលហ្គាស ជាពិសេសទីតាំងដែលងាយរងគ្រោះផ្សេងៗទៀត ហើយទាំងនោះគួរតែមានបំពង់ពន្លត់អគ្គិភ័យ ដើម្បីត្រៀមជួយសង្គ្រោះបឋម ក្នុងករណីដែលមានអគ្គិភ័យកើតឡើយជាយថាហេតុ ។
ចំណែកឯករណីគ្រឿងញៀនវិញ ទោះជាមួយរយ:ពេលកន្លងមកនេះការិយាល័យជំនាញ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបបានជាច្រើនករណី និងជាច្រើនទីតាំង ដែលបានលួចលាក់ប្រើប្រាស់និងជួញដូរគ្រឿងញៀន ឯកឧត្តមស្នងការ បានសង្កត់ធ្ងន់លើបញ្ហានេះដល់ការិយាល័យជំនាញ និងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវតាមដានស្រាវជ្រាវរកមុខសញ្ញា និងទីតាំងដែលជួញដូរគ្រឿងញៀន ទាំងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ ។
ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានណែនាំដល់ស្នងការរង និងអធិការទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសតាមដាន ស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានាដែលកើតមានឡើង៕
ដោយ៖កូឡាប