Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​ចិន​និង​កម្ពុជា ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​

​ភ្នំពេញ​៖​នា​ថ្ងៃទី​២០ ខែកក្កដា ឯកឧត្តម Zhong Shan រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ចិន និង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​អញ្ជើញ​រៀបចំ​កិច្ចប្រជុំ​រួមគ្នា​តាម​Video Conference និង​បានប្រកាស​រួមគ្នា​ថា កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​និង​កម្ពុជា ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​។ នេះ​បើតាម​ការប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។

​ក្រោយពី​បានបញ្ចប់​កិច្ចប្រជុំ​ខាងលើនេះ ភាគី​ទាំង​ពីរបាន​ចុះផ្សាយ សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ការបញ្ចប់​កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​លើកឡើងថា ប្រទេស​ទាំងពីរ​បានបញ្ចប់​កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែលមាន​ទិសដៅ​ប្រកបដោយ​អត្ថប្រយោជន៍ ទាំងនេះ​នឹង​ជា​កម្លាំង​ជំរុញ​ថ្មី​មួយ ក្នុងការ​ព​ន្លឿ​ន​ការកសាង​សហគមន៍​ជោគវាសនា​រួម រវាង​ចិន​និង​កម្ពុជា ប្រកបដោយ​អត្ថន័យ​យុទ្ធសាស្ត្រ​។
​ភាគី​ទាំងពីរ​នឹង​អនុវត្តតាម​នីតិវិធី​ក្នុងប្រទេស​រៀងៗ​ខ្លួន ខិតខំ​សម្រេច​ឲ្យ​បានការ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នៃ​ទ្វេភាគី​ឲ្យ​បាន​ឆាប់រហ័ស​។​
​កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​និង​កម្ពុជា ត្រូវបាន​ចាប់ផ្តើម​នា​ចុងឆ្នាំ​២០១៩ ដំណើរការ​តែ​ជាង​ពាក់កណ្ដាល​ឆ្នាំ​ក៏​ឈានដល់​ការឯកភាព​គ្នា នេះ​បានបង្ហាញ​ពី​កម្រិត​ខ្ពស់ នៃ​ទំនាក់ទំនង​ដៃគូ​កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ទាំងពីរ​។​

​បើតាម​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែលជា​កិច្ចព្រមព្រៀង​មួយ​ដែល​ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​យូរអង្វែង​ជា​ប្រពៃណី ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​។
​ការបញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ដោយ​ជោគជ័យ ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី​នេះ បានបង្ហាញ​ពី​ចន្ទៈ​នៃ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និត និង​ទូលំទូលាយ ដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​ជាច្រើន ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទំនិញ និង​សេវា ការជំរុញ​ការវិនិយោគ​ទូលំទូលាយ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួនទៀត​ផងដែរ​។​

​ជា​ជំហាន​បន្ទាប់ ភាគី​ទាំងពីរ​នឹង​អនុវត្ត​នីតិវិធី​ផ្ទៃក្នុង​រៀងៗ​ខ្លួន ដើម្បី​ឈានទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី នៅក្នុង​ឆ្នាំ​២០២០ នេះ​៕

ដោយ៖កូឡាប

×