មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយថា វានឹងលែងមានសង្គ្រាមទៀតហើយ ដោយសារតែអាវុធនុយក្លេអ៊ែរធានាពីសុវត្ថិភាព និងអនាគតរបស់ប្រទេសខ្លួន ទោះបីជាមានសម្ពាធខាងក្រៅ និងការគំរាមកំហែងយោធាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ KCNA។
មេដឹកនាំផ្តាច់ការខាងលើបានធ្វើការប្រកាសបែបនោះ នៅពេលដែលលោកបានប្រារព្ធខួបលើកទី ៦៧ឆ្នាំនៃការបញ្ចប់សង្គ្រាមកូរ៉េ ១៩៥០-១៩៥៣ ដែលត្រូវបានបញ្ចប់នៅថ្ងៃទី ២៧ ខែកក្កដាដោយមានការស្វាគមន៍សម្រាប់អតីតយុទ្ធជន។
គីម ជុងអ៊ុននិយាយថា កូរ៉េខាងជើងអភិវឌ្ឍន៍នុយក្លេអ៊ែរ ដើម្បីយកឈ្នះកម្លាំងក្នុងការទប់ស្កាត់ជម្លោះប្រដាប់អាវុធ។
មេដឹកនាំរូបនោះនិយាយថា “ឥឡូវនេះ ពួកយើងមានសមត្ថភាពការពារខ្លួនបាន ប្រឆាំងនឹងសម្ពាធ និងការគំរាមកំហែងគ្រប់ទម្រង់ពីកងកម្លាំងចក្រពត្តិនិយម និងអរិយភាព”។
“ដោយសារតែអាវុធដែលអាចការពារខ្លួន និងគួរឲ្យទុកចិត្តបាន វានឹងលែងមានសង្គ្រាមទៀតហើយ ហើយសុវត្ថិភាព និងអនាគតរបស់ប្រទេសយើងនឹងត្រូវបានធានាជារៀងរហូត”។
ការប្រកាសរបស់មេដឹកនាំផ្តាច់ការនេះកើតឡើង ចំពេលដែលការចរចារវាងអាមេរិច និងកូរ៉េខាងជើង ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ បានជាប់គាំអស់រយៈពេលជាច្រើនខែ។
សូមរំលឹកថា លោក ដូណាល់ ត្រាំ និងគីម ជុងអ៊ុន បានជួបគ្នាជាលើកដំបូងកាលពីឆ្នាំ ២០១៨ ក្នុងប្រទេសសិង្ហបុរី ដោយកិច្ចប្រជុំកំពូលនោះធ្វើឲ្យមានក្តីសង្ឃឹមចំពោះការចរចា ដើម្បីរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងចោល ប៉ុន្តែកិច្ចប្រជុំកំពូលទី ២ របស់ពួកគេ កាលពីឆ្នាំ ២០១៩ ក្នុងប្រទេសវៀតណាម បានបរាជ័យ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters