Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​បង្កើត​ទីលាន​គ្រប់គ្រង​សំណល់​រឹង លើ​ផ្ទៃដី​ជាង ២០​ហិកតា នៅ​បាត់ដំបង​

​បាត់ដំបង ៖ រដ្ឋបាលខេត្ត​បាត់ដំបង​និង​មន្ទីរ​បរិស្ថាន​និង​ក្រុមហ៊ុន អេស ប៊ី ខេ​(SBK) បានគ្រោង​បង្កើត​ទីលាន​គ្រប់គ្រង​នូវ​សំណល់​រឹង​​លើ​ផ្ទៃដី​ដែល​បាន​គ្រោងទុក​ប្រមាណ​ជាង ២០​ហិកតា ដើម្បី​ធ្វើការ​វាយតម្លៃ​ពី​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង នៃ​អនុ​គម្រោង​បង្កើត​ទីលាន​គ្រប់គ្រង​សំណល់​រឹង នៅ​ក្រុង​បាត់ដំបង។​

​ការលើកឡើង​នេះ ក្នុង​កិច្ចប្រជុំ​ជាមួយនិង​ស្ថាប័ន អង្គភាព​និង​បណ្តា​អន្តរមន្ទីរ​ពាក់ព័ន្ធ ជាពិសេស​ជាមួយ និង​ក្រុមហ៊ុន អេស ប៊ី ខេ ដើម្បី​ធ្វើការ​វាយតម្លៃ​ពី​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង​នៃ​អនុ​គម្រោង​បង្កើត​ទីលាន​គ្រប់គ្រង​សំណល់​រឹង ក្រុង​បាត់ដំបង​ ​ដែល​បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​សាលប្រជុំ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង​ខេត្ត​និង​ជា​តំណាង​ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។​

​លោកស្រី ដាវ សុគន្ធា​តំណាង​ឲ្យ​ក្រុមហ៊ុន​SBK និង​ជា​អ្នកវាយតម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន បានបញ្ជាក់​ថា​អនុ​គម្រោង​បង្កើត​ទីលាន​គ្រប់គ្រង​សំណល់​រឹង​ថ្មី របស់​ក្រុង​បាត់ដំបង​នេះ គឺ​ស្ថិតនៅក្នុង​អនុ​គម្រោង​មួយ​ក្នុងចំណោម​អនុ​គម្រោង របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានទទួល​ប្រាក់កម្ចី​ពី​ឥណទាន​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ADB​។​គម្រោង​នេះ​ស្ថិតនៅ​ក្នុងភូមិ​ប៉ោយ​ស្វាយ ឃុំ​​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង មាន​ទំហំ​ផ្ទៃដី​សរុប ២០,៨០​ហិកតា ហើយ​ម្ចាស់​គម្រោង​អនុវត្ត គឺ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

​ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង​ខេត្តបាត់ដំបង​និង​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​ធ្វើការ​សិក្សា​ពី​ផលប៉ះពាល់​របស់​គម្រោង​មុន​ការសម្រេច​ដល់​ការអនុវត្ត​នូវ​គម្រោង​នេះ បាន​មានប្រសាសន៍​និង​សំណូមពរ​ដោយ​ជំរុញ​ឲ្យ​គ្រប់​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ដែល​ចូលរួម ជួយ​ធ្វើ​ការផ្តល់​ជា​មតិ​និង​ពិនិត្យ​ឲ្យ​បាន​ជាក់លាក់​ទៅលើ​គម្រោង​នេះ​ពី​ហេតុផល​ប៉ះពាល់​ក្នុងការ​​អនុវត្ត​នូវ​គម្រោង​នេះ ដើម្បី​ឲ្យ​ម្ចាស់​គម្រោង​បានធ្វើការ​សិក្សា​បន្ថែម​និង​ត្រូវ​បំភ្លឺ​ឡើងវិញ​ពី​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​ទៅ​ថ្ងៃ​អនាគត មុន​និង​គម្រោង​នេះ ត្រូវបាន​អនុវត្ត​។​

​លោក ជា វង្ស​ណា​រិ​ទ្ធ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង និង​ជា​អ្នកសម្របសម្រួល​ឲ្យ​មាន​កិច្ចប្រជុំ​វាយតម្លៃ ពី​ហេតុផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម​ដំបូង និង​ពី​ការធ្វើ​បទ​បង្ហាញ​លក្ខ​ណ្ឌ​ការងារ​របស់​អនុ​គម្រោង ដើម្បី​បង្កើត​នូវ​ទីលាន​គ្រប់គ្រង​សំណល់​រឹង​ក្រុង​បាត់ដំបង​នៃ​គម្រោងការ​គ្រប់គ្រង​បរិស្ថាន​ក្រុង នៅ​ជុំវិញ​បឹង​ទន្លេសាប​ជំហាន​ទី​២​នេះ បាន​បញ្ជាក់ថា​ទីលាន​គ្រប់គ្រង​សំណល់​​រឹង​ក្រុង​បាត់ដំបង​ថ្មី​នេះ ជា​ប្រភេទ​ទីលាន​គ្រប់គ្រង​សំណល់​រឹង​ដែលមាន​ការគិតគូរ​ច្បាស់លាស់​ពី​ការបែងចែក​សំណល់​រឹង ការ​គ្រប់​គ្រ​​ង​ទឹកស្អុយ ចេញពី​សំណល់​និង​គិតគូរ​ពី​ប្រព័ន្ធ​លូ​បង្ហូរ ហើយ​គម្រោង​នេះ​នឹងត្រូវ​រចនា​ឡើង សម្រាប់​ប្រតិបត្តិការ​រយៈពេល​រហូត​ដល់​ទៅ​២០​ឆ្នាំ​។​

​លោកស្រី ដាវ សុគន្ធា​តំណាង​ក្រុមហ៊ុន SBK​និង​ជា​អ្នកវាយតម្លៃ​ពី​ហេតុផល​ប៉ះពាល់​បរិស្ថាន បានធ្វើការ​អះអាងថា​ផលប្រយោជន៍​ពី​សកម្មភាព​គម្រោង​នេះ គឺ​នឹងធ្វើ​ឲ្យ​មានការ​ទុកដាក់​សំណល់​រឹង កាន់តែ​បានល្អ​និង​ប្រសើរ​ជាង​មុន នឹង​ជួយ​ទប់ស្កាត់​នូវ​ការ​ចោល​សំណល់​ពាសវាល​ពាសកាល តាម​ដងផ្លូវ​នឹង​ទីកន្លែង​កំសាន្ត​ផ្សេងៗ​។​ល​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃុំ អាច​និង​មានការ​យល់ដឹង​កាន់តែ​បាន​ច្រើនជាង​មុន ចំពោះ​ការ​ទុកដាក់​សំណល់ ហើយ​បរិ​កាស​លំហ​បរិស្ថាន​ក្នុង​ក្រុង​និង​ខេត្ត​ទាំងមូល បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​ឯកឧត្តម អ៊ុយ សុធាវី​អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​វាយតម្លៃ ពី​ហេតុផល​ប៉ះពាល់​បរិស្ថាន បាន​មាន​ប្រសា​ស​​ន៍​និង​សំណូមពរ​ទៅកាន់​ក្រសួង​ជា​ម្ចាស់​គម្រោង​ផ្ទាល់ នៅពេល​អនុវត្ត​គម្រោង​របស់ខ្លួន​សូម​ធ្វើការ​គ្រប់គ្រង​សំណល់ ទៅតាម​ស្តង់ដារ​ឲ្យ​បាន​ត្រឹមត្រូវ​។ អ្វីដែល​កិច្ច​ប្រជុំបាន​វាយតម្លៃ​ហើយ​នោះ ម្ចាស់​គម្រោង​ត្រូវធ្វើ​ការកែសម្រួល ឲ្យ​បាន​សមស្រប​ក្នុងការ​ឆ្លើយតប​ឲ្យ​បាន​ត្រឹមត្រូវ​ហ្មត់ចត់ មុន​និង​អនុវត្ត​គម្រោង​៕​ ដោយ​៖​អ៊ុង​សា​រុំ​

×