បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ការធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី គឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋ មុននឹងឈានទៅធ្វើការវាស់វែងក្បាលដី និងផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម និងក្រុមការងារអមដំណើររដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជា សំអាង ចុះផ្សព្វផ្សាយអំពីការធ្វើអត្តសញ្ញាណកម្មមនុស្សនិងអត្តសញ្ញាណកម្មដី មុនធ្វើការវាស់វែងក្បាលដី និងការផ្តល់ប្លង់កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។
ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ពន្យល់អំពីច្បាប់នានា ទាក់ទងមុននឹងធ្វើការវាស់វែងក្បាលដី និងការផ្តល់ប្លង់កម្មសិទ្ធិ គឺប្រជាពលរដ្ឋទាំងអស់ត្រូវតែធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដីដោយឱ្យពួកគាត់ បំពេញសាលាបត្រព័ត៌មាន ដោយខ្លួនឯង ដែលបានផ្តល់ឱ្យដោយក្រុមការងារថ្នាក់ខេត្ត ជាទម្រង់មួយ ដើម្បីឱ្យពួកគាត់ធ្វើបំពេញដោយខ្លួនឯង នូវទិន្នន័យឬព័ត៌មានរៀងៗខ្លួន អំពីទំហំដីនិងទីតាំងដីជាក់លាក់ ដែលខ្លួនកំពុងរស់នៅ។ ការចុះបញ្ជីដីធ្លីនេះ គឺពិតជាមានសារសំខាន់បំផុតសម្រាប់ដីលំនៅដ្ឋាន ដីចំការរបស់បងប្អូនប្រជាពលរដ្ឋមានកម្មសិទ្ធិស្របច្បាប់ ដើម្បីឲ្យមានសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន និងមានសិទ្ធិពេញលេញច្បាស់លាស់ ក្នុងការគ្រប់គ្រងដីដែលខ្លួនអាស្រ័យផល ជៀសវាងមានការរំលោភបំពានពីជនទាំង
ឡាយណាព្យាយាមប៉ុនប៉ងរំលោភកម្មសិទ្ធិដីធ្លីរបស់ពួកគាត់។ ដីសហគមន៍ គឺជាដីសមូហភាព ដោយមិនមែនជាដី កម្មសិទ្ធិរបស់អ្នកណាម្នាក់ឡើយ ដូចនេះយើងមិនអាចធ្វើការចុះបញ្ជីដីសហគមន៍ ឬដីសមូហភាពជារបស់ជនណាម្នាក់ ដើម្បីផលប្រយោជន៍របស់បុគ្គលណាម្នាក់ឡើយ ពោលគឺដីសហគមន៍ជាដីបម្រើផលប្រយោជន៍រួមទាំងអស់គ្នា។
ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿលើការញុះញង់ពីសំណាក់ជនខិលខូចមួយចំនួន ឲ្យទៅកាប់ទន្ទ្រានដីរបស់រដ្ឋឬដីព្រៃភ្នំ ដើម្បីឲ្យរដ្ឋាភិបាលផ្ដល់កម្មសិទ្ធិស្របច្បាប់ជូននោះ។ ទោះបីជាបងប្អូនប្រជាពលរដ្ឋធ្វើការទន្ទ្រានដីព្រៃ ក៏រដ្ឋមានវិធានការតឹងរ៉ឺង ដោយពិនិត្យមើលតាមរយៈផ្កាយរណប ដោយមិនមាននរណាអាចប្រកែកបានឡើយ។
ឯកឧត្តមជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ចាត់ទុកថា នេះគឺជាការធ្វើស្វ័យប្រកាសអំពីអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី ឲ្យបានជាក់លាក់ពិតប្រាកដ មានន័យថា ព័ត៌មានដែលបានប្រកាសនេះ គឺជាព័ត៌មានពិត មិនក្លែងក្លាយ ដែលត្រូវទទួលដឹងឮពីមេភូមិឬអនុភូមិ ហើយបើមេភូមិត្រួតពិនិត្យឃើញថា ប្រជាពលរដ្ឋមានការស្រពេចស្រពិល សូមជួយណែរនាំគាត់ ដើម្បីធ្វើឲ្យបានច្បាស់លាស់ បើព័ត៌មាននេះមិនពិតឬក្លែងក្លាយ យកមកប្រើប្រាស់មិនកើត។ បើប្រើការមិនកើតវាបាត់បង់ផលប្រយោជន៍ អ្នកធ្វើស្វ័យប្រកាសនោះតែម្តង ។ ការធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី ត្រូវតែមានអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ដែលទាំងអស់នេះ គឺឯកសារសំខាន់សម្រាប់ធានា បាននូវផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់ៗរូប ៕ ដោយ៖អ៊ុងសារុំ