បាត់ដំបង៖ ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថាព្រោះតែវិបត្តិកូវីដ១៩ បានធ្វើឲ្យពលរដ្ឋមួយចំនួនដែលមានជីវភាពគ្រាន់បើ ចង់បាននូវប័ណ្ណក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល បានបំបែកគ្រួសារ ដោយបានឲ្យម្ដាយឪពុករបស់ខ្លួន ទៅរស់នៅក្នុងខ្ទមតូចៗ ។
ការលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំអន្តរក្រសួង ជាមួយអាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ក្រោមអធិបតីភាពឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ឯកឧត្តម សំហេង បុរស បានមានប្រសាសន៍ថាការងារផ្ដល់ប័ណ្ណក្រីក្រដល់គ្រួសារពលរដ្ឋងាយរងគ្រោះក្នុងអំឡុងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ជួបការលំបាកច្រើន ព្រោះមានពលរដ្ឋជាច្រើនចង់បាននូវប័ណ្ណនេះ ដែលអ្នកខ្លះទោះមានជីវភាពសមរម្យហើយ នៅតែដាក់ពាក្យស្នើសុំ ហើយនៅពេលវាយតម្លៃទៅរកឃើញថាគាត់មិនស្ថិតក្នុងក្រកម្រិត១និងកម្រិត២ មិនទទួលបានប័ណ្ណក៏មានការអន់ចិត្តនឹងក្រុមការងារ ។មួយទៀត ក្រោយការវាយតម្លៃឡើងវិញ ក្រុមការងារក៏រកឃើញអ្នកមានជីវភាពធូរធារទទួលបាននូវប័ណ្ណក្រីក្រនេះ រហូតដល់ជាង៦០០០ប័ណ្ណនិងត្រូវបានដកហូតមកវិញបានជាង៤០០០ប័ណ្ណនិងបន្តដកទៀត ប៉ុន្តែការដកនេះ ក៏មានប្រតិកម្មពីពួកគាត់ ដោយអ្នកខ្លះសម្របសម្រួលបាននិងខ្លះទៀតនៅពុំសុខចិត្ត ដែលបញ្ហានេះ ទាមទារឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវតែធ្វើការឲ្យបានច្បាស់លាស់ ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ចំពោះការងារនេះនៅខេត្តបាត់ដំបងក៏បានជួបបញ្ហាមួយចំនួនផងដែរ មានដូចជាបញ្ហាជនអនាថាមិនទាន់បានផ្ដល់ប័ណ្ណជូនពួកគេនូវប័ណ្ណក្រីក្រ ព្រោះរស់នៅទីកន្លែងមិនច្បាស់លាស់ ទាំងមនុស្សចាស់ទៅរស់នៅក្នុងវត្តដែលកូនមានជីវភាពធូរធារ ហើយផ្ដល់ប្រាក់ចិញ្ចឹមគាត់រាល់ខែ ក៏ទាមទារការឧបត្ថម្ភពីរាជរដ្ឋាភិបាល រួមទាំងការផ្សព្វផ្សាយពីអាជ្ញាធរមូលដ្ឋាន នៅមានកម្រិតផងដែរ ។
គួរបញ្ជាក់ផងដែរថាចាប់តាំងពីថ្ងៃទី២៥ខែមិថុនា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង បានផ្ទៀងផ្ទាត់ឈ្មោះគ្រួសារបានចំនួន ៦៦ ៧២០គ្រួសារ ដោយចំណាយថវិកាអស់ចំនួនជាង ១៥ម៊ឺនលានរៀល។កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ចាប់ពីដើមពីខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ចុះឈ្មោះស្ត្រី និងកុមារសរុប៥ ៣៥៤នាក់ ផ្ដល់ប្រាក់ជូនពួកគេ បានចំនួន៦៥០ ១៦០ ០០០រៀល ។ ពាក់ព័ន្ធនឹងការដកប័ណ្ណក្រីក្រ នៅខេត្តបាត់ដំបង បានដកចំនួន ១៧២ប័ណ្ណហើយ ៕ ដោយៈអ៊ុងសារុំ