បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈខេត្តបាត់ដំបង និងជាអនុប្រធានកិត្តិយសសាខាកាកបាតក្រហមកម្ពុជាខេត្តបាត់ដំបង បានមានប្រសាសន៍ផ្តាំផ្ញើសមាជិក សមាជិកគណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា សូមបន្តការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដូចសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
ការលើកឡើងនេះ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈខេត្តបាត់ដំបង និងជាអនុប្រធានកិត្តិយសសាខា ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមមានពី មន្ត្រីកាកបាទក្រហមកម្ពុជា សមាជិក សមាជិកា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាសរុបចំនួន៣១រូប។
ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានៅក្នុងឆមាសទី១ឆ្នាំ ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងសម្រេចបាន ក្នុងវិស័យស្នូលទាំង៤ ក្នុងនោះរួមមាន ទី១.ការងារគ្រប់គ្រងគ្រោះមហន្តរាយ ទី ២.ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ទី ៣.ការងារលើកកម្ពស់ គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ និងទី ៤ ការអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍន៍ធនធាន ដែលលទ្ធផលទាំងនេះ បានឆ្លើយតបគ្រោះមហន្តរាយ ហើយលទ្ធផលល្អប្រសើរ ក្នុងនោះបានផ្ដល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋសរុបបានចំនួន២.២០២ គ្រួសារ ( កើន២៦២គ្រួសារ ប្រៀបធៀបឆ្នាំ២០១៩)។ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាសម្តេចបាន តាមដានសុខទុក្ខបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ រងទុក្ខដោយមិនមានការជួយជ្រោមជ្រែងពីអាជ្ញាធរ និងថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជារាជធានី ខេត្តឡើយ។
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈខេត្តបាត់ដំបង និងជាអនុប្រធានកិត្តិយសសាខា បានថ្លែងកោតសរសើរ ដល់ ឯកឧត្តមលោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក និងក្រុមប្រតិបត្តិ មានការសហការល្អ ក្នុងការអនុវត្តន៍តួនាទីភារកិច្ចទទួលបានលទ្ធផលល្អ និងបន្តខំប្រឹងបន្ថែម ដើម្បីឲ្យសាខាកាកបាទក្រហមខេត្ត មានការរីកចម្រើនទៅមុខ និងបន្តកៀរគរសប្បុរសជនជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន មន្ត្រីរាជការ ដើម្បីចូលរួមជាវិភាគទានទ្រទ្រង់ គាំទ្រសកម្មភាពសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងជួបនូវបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ និងជួបនូវគ្រោះមហន្តរាយផ្សេងៗទៀត ដែលអាចកើតមានឡើងជាយថាហេតុ។
ក្នុងស្ថានភាពដែលពិភពលោកក៏ដូចជា កម្ពុជាយើងជួបវិបត្តិនូវជំងឺកូវីដ១៩ ទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសាខាកាកបាទក្រហម គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត តែងបានរួមសហការគ្នាល្អ ជាមួយអាជ្ញាធរ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបានដោះស្រាយការខ្វះខាត ជូនប្រជាពលរដ្ឋនិងទប់ស្កាត់ការឆ្លងរីករាលដាល ក្នុងសហគមន៍បានយ៉ាងមានប្រសិទ្ធភាព។
ឯកឧត្តមងួន រតនៈ អនុប្រធានកិត្តិយស បានថ្លែងនូវអំណរគុណចំពោះព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរជនគ្រប់មជ្ឈដ្ឋាន ដែលកន្លងមកតែងបានជួយឧបត្ថម្ភគាំទ្រ ដល់សាខាកាកបាទក្រហមខេត្ត ជាថវិកាក្តី ជាសម្ភារក្តី ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ និងខ្វះខាតនៅមូលដ្ឋាន។ ឯកឧត្តម បានមានមតិផ្តាំផ្ញើសមាជិក សមាជិកគណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា សូមបន្តការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដូចសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងកិច្ចប្រជុំក៏បានដាក់ទិសដៅបន្ត ជំរុញការងារអភិវឌ្ឍន៍សាខា និងអនុសាខាដែលក្នុងនោះ គឺសកម្មភាពការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស និងការងាររដ្ឋបាលនិងហិរញ្ញកិច្ច ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ និងការពិនិត្យតាមដានវាយតម្លៃ របាយការណ៍ របស់អនុសាខា ដោយមានផែនការសកម្មភាពមួយជាក់លាក់ និងសាខាមានប្រព័ន្ធពិនិត្យតាមដានវាយតម្លៃ និងរបាយការណ៍ដែលមានប្រសិទ្ធភាពនិងទៀងទាត់៕ ដោយ៖អ៊ុងសារុំ