បាត់ដំបង ៖ ឯកឧត្តម សុខ វាសនា អនុប្រធានក្រុមការងារសម្របសម្រួលឧបត្ថម្ភគាំទ្រសកម្មភាពយុវជនខេត្តបាត់ដំបង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ទទួលជួយដឹកនាំស្រុកបាណន់ បានមានប្រសាសន៍ថា និស្សិតនិងយុវជនយុវតី ត្រូវចូលបម្រើសង្គម ឬយកបទពិសោធសង្គម មុននឹងបញ្ចប់ការសិក្សាឬចេញទៅធ្វើការងារបម្រើរដ្ឋ ឬស្ថាប័នឯកជន ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិឲ្យរីកចម្រើនបន្ថែមទៀត។
ការលើកឡើងនេះ កាលពីរសៀលថ្ងៃសុក្រ ១១កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក.ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបាណន់ ក្រោមអធិបតីភាពឯកឧត្តម សុខ វាសនា អនុប្រធានក្រុមការងារសម្របសម្រួលឧបត្ថម្ភគាំទ្រសកម្ម ភាពយុវជនខេត្តបាត់ដំបង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដើម្បីជួបសំណេះសំណាលនិស្សិតអាហារូបករណ៍សម្តេចក្រឡាហោម ស ខេង ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ឆ្នាំសិក្សា ២០១៩-២០២០ របស់សាកលវិទ្យាល័យបាត់ដំបង ចំនួន ១១០នាក់។
តំណាងនិស្សិតឈ្មោះឌុច លក្ខណា ដែលទទួលបានអាហារូបករណ៍សម្តេចក្រឡាហោម ស ខេង ជំនាន់ទី១៣ ថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៤ នៅវិទ្យាល័យបាត់ដំបង បានបេ្តជ្ញាចិត្ត ក្រោយពីបញ្ចប់ការសិក្សា ហើយយកចំណេះដឹងនិងបទពិសោធ ទៅបម្រើសង្គមនិងបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្វះខាតទាំងអស់ នៅក្នុងស្រុកបាណន់។
ឯកឧត្តម សុខ វាសនា បានមានប្រសាសន៍ថា ការផ្តល់អាហារូបករណ៍នេះ គឺជាការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ រាជរដ្ឋាភិបាលកម្ពុជា និងបានជួយឲ្យកូនចៅប្រជាពលរដ្ឋយើង មានឱកាសទទួលបានចំណេះដឹង និងការងារល្អៗ ក្នុងពេលអនាគត។
ឯកឧត្តម សុខ វាសនា បានស្នើឲ្យនិស្សិតបង្កើតមធ្យោបាយទំនាក់ទំនងគ្នាជាក្រុម ដើម្បីចែករំលែកចំណេះដឹង ផ្លាស់ប្តូរបទពិសោធ ដោយស្មារតីសាមគ្គីភាពផ្ទៃក្នុង និងចូលរួមក្នុងសកម្មភាពមនុស្សធម៌ សង្គមកិច្ច បរិស្ថាន អប់រំ កីឡា ការគោរពច្បាប់ចរាចរណ៍ និងត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង និងអំពើអបាយមុខផ្សេងៗ។
ឯកឧត្តម សុខ វាសនា បានស្នើឲ្យនិស្សិតនិងយុវជនយុវតី មានការប្រុងប្រយ័ត្ន និងចូលរួមការពារ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឹឆ្លងកូវីត១៩ផងដែរ៕
ដោយៈអ៊ុងសារុំ