បាត់ដំបង៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញទៅដល់គ្រប់ស្ថាប័នជាតិ រួមទាំងអាជ្ញាធររាជធានី ខេត្តទាំងអស់ ត្រូវខិតខំទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបានកើតឡើងជាបន្តបន្ទាប់ ក្នុងគោលបំណងបង្កភាពចលាចលក្នុងប្រទេស និងបំផ្លាញសន្តិភាព ។ការលើកឡើងនេះ ក្នុងពិធីប្រកាសតែងតាំងលោកណុប ដារ៉ាជាអភិបាលរងខេត្តបាត់ដំបងមួយរូប នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។
ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ថា ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ គឺមានជនមួយក្រុមតូចបានធ្វើការព្យាយាមម្ដងហើយម្ដងទៀត ក្នុងការប៉ុនប៉ងឲ្យមានការប៉ះពាល់ដល់សុខសន្តិភាពនិងស្ថិរភាពជាតិ ក្នុងគោលដៅគេងចំណេញនយោបាយ។ ការផ្សព្វផ្សាយព័ត៌មាននានា ដែលក្រុមឬបុគ្គលទាំងនោះ តែងតែធ្វើឡើងគឺមានព័ត៌មានខ្លះ មានចរិតជាព័ត៌មានប្រឌិត បង្កឲ្យមានភាពវឹកវរក្នុងសង្គម ចំណុចនេះ សុំស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវស្រាវជ្រាវពិនិត្យមើលព័ត៌មានដែលពាក់ព័ន្ធនឹងការពង្រឹងសន្តិភាព ស្ថិរភាព ក៏ដូចជាប៉ះពាល់ការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ស្ថាប័ននីមួយៗ។
ឯកឧត្តម សក់ សេដ្ឋា បានសង្កត់ធ្ងន់ថា អាជ្ញាធរទាំងអស់ ត្រូវធ្វើការឆ្លើយតបប្រតិកម្មវាយបកឲ្យបានទាន់ពេលវេលា នូវព័ត៌មានទាំងឡាយណានោះ ដែលមិនពិតធ្វើឲ្យមានមានការយល់ច្រឡំនៅក្នុងសង្គម។
ឯកឧត្តម សក់ សេដ្ឋា បានជំរុញដល់លោកណុប ដារ៉ាជាអភិបាលរងខេត្តបាត់ដំបងថ្មី ត្រូវចូលរួមជាមួយរដ្ឋបាលខេត្តបាត់ដំបងទាំងមូល ក្នុងការងារបម្រើផលប្រយោជន៍ពលរដ្ឋ អភិវឌ្ឍខេត្តឲ្យកាន់តែរីកចម្រើន និងរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងធ្វើឲ្យពិភពលោកទាំងមូលដ្ឋានកំពុងមានការព្រួយបារម្ភជាខ្លាំងនោះ ៕ដោយ៖អ៊ុងសារុំ