Saturday, October 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​កម្ពុជា អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​១៣​នាក់ ចាញ់បោក​មេខ្យល់ ទៅ​ធ្វើការ​ខុស​ច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ចិន​

​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ បានប្រកាសថា ស្ថានទូត​កម្ពុជា បាន​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​១៣​នាក់ ដែល​ធ្វើការ​ដោយ​ខុសច្បាប់​ប្រទេស​ម៉ាឡេស៊ី ប្រទេស​វៀតណាម និង​ប្រទេស​ចិន ក្រោយ​ចាញ់បោក​មេខ្យល់​។

 បើ​តាម​លោក​ជុំ សុន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី ដោះស្រាយ​បញ្ហា​និង​រៀបចំ​មាតុភូមិ​វត្ត​ន៍​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​៧​នាក់ ដែល​បាន​ទៅ​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ។ ពលក​រទាំង​៧​នាក់ បាន​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​២១ ទី​២៥ និង​ទី​២៨ ខែ​មករា​ឆ្នាំ​២០១៨​។

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម បាន​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​២​នាក់ ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​ចម្រុង​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​។ ស្ត្រី​ទាំង​២​នាក់​មកពី​ខេត្ត​កណ្តាល បាន​ធ្វើដំណើរ​ចេញពី​ភ្នំពេញ តាម​យន្តហោះ​ទៅ​ដល់​ក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​២៦​ខែ​មករា​ឆ្នាំ​២០១៨ រួច​បន្ត​ដំណើរ​ដោយ​ម៉ូតូ​ឆ្លងកាត់​ទីក្រុង​ហាណូយ ឆ្ពោះ​ទៅ​ព្រំដែន​ឡាំង​សឺ​ន​វៀតណាម​ចិន ប៉ុន្តែ​បាន​លោត​ចេញ​ពី​ម៉ូតូ និង​រត់​សំដៅ​ទៅ​ការិយាល័យ​នគរបាល​វៀតណាម ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​។​ស្ថានទូត បាន​សហការ​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍​ទីក្រុង​ហាណូយ នាំ​ស្ត្រី​រងគ្រោះ​ទាំង​ពីរ​នាក់​ទៅ​ស្នាក់នៅ​បណ្តោះអាសន្ន ក្នុង​មជ្ឈមណ្ឌល​គាំពារ​សង្គម និង​បាន​បញ្ជូន​ពួកគេ​តាម​យន្តហោះ មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ។​

​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម បាន​ទទួល​ពលរដ្ឋ​ខ្មែរ​៣​នាក់ ដែល​បាន​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ (១៧​មករា​២០១៦​ដល់​១៧​មករា​២០១៨) ពី​បទ​រៀបចំ​លេង​ល្បែងស៊ីសង និង​បាន​ចេញ​លិខិត​ធ្វើដំណើរ​ជូន​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១៧​ខែ​មករា​ឆ្នាំ​២០១៨​ដោយ​មាន​សាច់ញាតិ​រង់ចាំ​ទទួលយក​ពី​ស្ថាន​អគ្គ​កុងស៊ុល​។

​តាម​ការណែនាំ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយយោង​តាម​ពាក្យបណ្តឹង​ពី​សាច់ញាតិ​ជនរងគ្រោះ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​ត្រូវបាន​មេខ្យល់​បញ្ចុះបញ្ចូល​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន អំឡុង​ឆ្នាំ​២០១២ ។ ស្ថាន​អគ្គ​កុងស៊ុល​បាន​រកឃើញ​ស្ត្រី​រងគ្រោះ​នៅ​ទីក្រុង​វ៉េ​ន​ស៊ូ ខេត្ត​ជឺ​ជាំង និង​បាន​ជូន​នាង​មក​ដល់​ស្ថាន​អគ្គ​កុងស៊ុល​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨ ដោយ​មាន​កិច្ចសហការ​ពី​នគរបាល​ទីក្រុង​សៀង​ហៃ​។ ស្ត្រី​រងគ្រោះ​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុងពេល​ឆ្នាំៗ​នេះ ក្រោយ​ទទួលបាន​លិខិត​ធ្វើដំណើរ​ពី​ស្ថាន​អគ្គ​កុងស៊ុល និង​ទិដ្ឋាការ​ពី​អាជ្ញាធរ​ចិន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×