បាត់ដំបង ៖ ឯកឧត្តម ងួនរតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍អំពាវនាវដល់ប្រជាកសិករ ដែលនៅឆ្ងាយពីប្រព័ន្ធផ្គត់ផ្គង់ទឹក សូមកុំធ្វើស្រូវបង្កើនរដូវ ខណៈដែលមូលដ្ឋានរបស់ខ្លួន កំពុងជួបប្រឈមខ្វះប្រភពទឹកស្រោចស្រព។
ការអំពាវបែបនេះ ក្នុងពេលចុះពិនិត្យមើលពីវឌ្ឍនភាព នៃការងារដាំដុះដំណាំស្រូវរដូវវស្សាឆ្នាំ២០២០នេះ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្តម ងួនរតនៈ អភិបាលខេត្តបាត់ដំបង ដឹកនាំមន្ទីរជំនាញសំខាន់ៗមួយចំនួន រួមមាន មន្ទីរសេដ្ឋកិច្ចនិងហិញ្ញវត្ថុខេត្ត មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរនៃស្រុកទាំង២ ចុះត្រួតពិនិត្យមើលនិងបានធ្វើការវាយតម្លៃផ្ទាល់ ពីផលប៉ះពាល់ជាក់ស្តែង។
តាមរាយការណ៍អាជ្ញាធរខេត្ត និងគណៈកម្មាធិការគ្រោះមហន្តរាយខេត្តបាត់ដំបង បានអះអាង អំពីគ្រោះរាំងស្ងួតខ្វះទឹក បង្កធ្វើឲ្យខូចខាតដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋរាប់ពាន់ហិកតា កន្លងមកនេះ។ ការចុះទៅពិនិត្យមើលនិងចុះទៅពិនិត្យ វាយតម្លៃពីស្ថានភាពទឹកនិងការងារដាំដុះ បង្កបង្កើនផលស្រូវវស្សារបស់បងប្អូនកសិករ នៅទូទាំងខេត្តបាត់ដំបង ការដាំដុះនូវដំណាំស្រូវវស្សាប្រមាណ ៨០ភាគរយ ដែលប្រជាកសិករបានដាំដុះលើផ្ទៃដីប្រមាណជាង៣៧ម៉ឺនហិកតា កន្លងមកនេះ មានស្ថានភាពដាំដុះបានល្អប្រសើរ ហើយក្នុងនោះ២០ភាគរយទៀត កំពុងប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព។
លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា ដំណាំស្រូវ ដែលកំពុងតែប្រឈមនឹងការខ្វះខាតទឹកទាំងនោះ គឺសុទ្ធជាប្រភេទ “ស្រូវបង្កើនរដូវ” ដែលបងប្អូនប្រជាកសិករ បានដាំដុះនៅតំបន់ឆ្ងាយពីប្រភពទឹក និងមួយចំនួនទៀតនៅតំបន់ដែលប្រភពទឹក ត្រូវបានប្រើប្រាស់ស្ទើរអស់ទៅហើយ លើការងារបង្កបង្កើនផលស្រូវប្រាំង និងស្រូវដើមរដូវកន្លងទៅ និងគ្មានលទ្ធភាពទាញយកប្រភពទឹកស្រោចស្រពបានទៀត។
តំណាងប្រជាកសិករ និងលោកមេឃុំបន្សាយត្រែង បានប្រាប់ឲ្យដឹងថា ៖ រៀងរាល់ឆ្នាំនៅរដូវខែនេះ មានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ ប៉ុន្តែនៅឆ្នាំ២០២០នេះ ទឹកភ្លៀងធ្លាក់មិនបានគ្រប់គ្រាន់ ហើយទឹកក្នុងប្រឡាយក៏ស្ទើរតែអស់ដែរ បណ្ដាលឲ្យកើតបញ្ហាខ្វះទឹកស្រោចស្រប់ស្រូវ។
លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានឲ្យដឹងថា ចាប់តាំងពីដើមរដូវវស្សាមកដល់ពេលនេះ ខេត្តបាត់ដំបង ទទួលបាននូវរបាយទឹកភ្លៀង នូវក្នុងកម្រិតតិចតួច ហើយក៏មិនបានរាយប៉ាយឲ្យបានសព្វគ្រប់ទីកន្លែងនោះទេ ដោយសារតែការធ្លាក់ភ្លៀង មិនបានល្អនេះ គឺវាបានបង្កនិងធ្វើឱ្យការងារដាំដុះបង្កបង្កើនផលស្រូវវស្សា នៅតំបន់មួយចំនួនតាមបណ្តាស្រុក កំពុងតែជួបនូវបញ្ហាប្រឈមទៅនឹងការខ្វះខាតទឹកស្រោចស្រព៕ ដោយ ៖ អ៊ុងសារុំ