Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ក្រោម​ហិរញ្ញប្បទាន​សម្បទាន របស់​សាធារណរដ្ឋ​កូរ៉េ គ្រោង​នឹង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០២១

​បាត់ដំបង​៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​មានប្រសាសន៍ថា គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​​អន ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ គ្រោង​នឹង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០២១​។​

​ការលើកឡើង​នេះ ក្នុងពេល​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែសីហា ឆ្នាំ​២០២០ រួម​ដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង រួមជាមួយ​គណៈ​អភិបាលខេត្ត​បាត់ដំបង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង​ផងដែរ​។​

​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​មានប្រសាសន៍ថា គម្រោង​នេះ បានចាប់ផ្តើម​ធ្វើការ​សាងសង់​កាលពី​ខែមករា ឆ្នាំ​២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ ២០២១​។ គិត​មកដល់​ថ្ងៃនេះ ការងារ​សម្រេចបាន​ប្រមាណ ៧០​ភាគរយ លើ​ទំហំ​ការងារ​សរុប​របស់​គ​ម្រោ​ង​។ បន្ទាប់ពី​ការសាងសង់ ត្រូវបាន​បញ្ចប់ គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា​បាន ចំនួន ១១០០០ ហិកតា ផ្ទៃដី​ស្រូវប្រាំង​បាន ចំនួន ៤០០០ ហិកតា​។ ទំហំ​ការងារ​ដែល​បាននិងកំពុង​អនុវត្ត រួមមាន ៖​ទី​១- សាងសង់​ប្រឡាយ​ពង្វាង​ទឹក​តាម​មាត់​ស្ទឹង ១ ខ្សែ ប្រវែង ៣៨០​ម៉ែត្រ ។ ទី​២- សាងសង់​សំណង់​ទ្វារ​ទឹក​ស្ទាក់​ស្ទឹង​សង្កែ ប្រវែង ៧៤ ម៉ែត្រ ចំនួន ១ កន្លែង​។ ទី​៣- សាងសង់​ប្រឡាយ​ធ្វើ​ពី​បេតុង ចំនួន ៤ ខ្សែ ប្រវែង ១៧៧៧ គីឡូម៉ែត្រ ។ ទី​៤- សាងសង់​សំណង់​ក្បាលហុង ចំនួន ៤ កន្លែង​។ ទី​៥- សាងសង់​សំណង់​ស្ទាក់​ទឹក​ប្រឡាយ​មេ ចំនួន ១៣ កន្លែង​។ ទី​៦- សាងសង់​សំណង់​ចែកចាយ​ទឹក ចំនួន ២១ កន្លែង​។ ទី​៧- សាងសង់​ស្ពាន​ឆ្លងកាត់​ប្រឡាយ ចំនួន ២៣ កន្លែង​។ ទី​៨- សាងសង់​ជណ្តើរ​ចុះ​ក្នុង​ប្រឡាយ​មេ សម្រាប់​អ្នកភូមិ​ប្រើប្រាស់ ចំនួន ២៧៤ កន្លែង​។​

​ឯកឧត្តម លឹម គានហោ បាន​មានប្រសាសន៍​បញ្ជាក់បន្ថែម​ថា គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន គឺជា​ក្តី​ស្រមៃ​របស់ខ្ញុំ​ជា​យូរណាស់​មកហើយ ដែល​ចង់បាន​នូវ​សំណង់​ដូចនេះ ពេលនេះ​បាន​ក្លាយជា​ការពិតហើយ ។ គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ជា​ប្រព័ន្ធធារាសាស្ត្រ​មួយ ស្ថិតនៅលើ​ដងស្ទឹង​សង្កែ ដែលមាន​ប្រព័ន្ធ​បញ្ជា​ដោយ​ស្វ័យប្រវត្តិ​តាមរយៈ​កុំព្យូទ័រ ហើយក៏​ជា​គម្រោង​ទី ៣ បន្ទាប់ពី​គម្រោង​ពហុ​បំណង​សេក​សក និង​ទំនប់​ក​ង្ហ​ត ក្នុងការ​ស្ទាក់​ទឹក​ទុក មុននឹង​ហូរ​ទៅ​ទន្លេសាប​។ គម្រោង​នេះ មិន​ត្រឹមតែ​ផ្តល់​ទឹក​សម្រាប់​បម្រើ​ឲ្យ​ការងារ​ស្រោចស្រព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​ការប្រើប្រាស់ ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​ឯក​ភ្នំ ស្រុក​សង្កែ និង​ស្រុក​ថ្មគោល ជាពិសេស បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​ផ្ទាល់​តែម្តង មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់ បញ្ចៀស​បាន​នូវ​ការគំរាមកំហែង​ពី​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត ដែល​តែងតែ​យាយី​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។ មិនតែប៉ុណ្ណោះ គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ក៏​ជា​តំបន់​ទេសចរណ៍ និង​ជា​កន្លែង​កម្សាន្ត​ដ៏​ទាក់ទាញ​មួយ សម្រាប់​ភ្ញៀវទេសចរ​កាន់តែច្រើន​ចូលមក​កាន់​ខេត្ត​នេះ​៕ ដោយ : អ៊ុង​សា​រុំ​

×