បាត់ដំបង៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជូនបុរស២នាក់ ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក១៨ថង់ ម៉ូតូម២គ្រឿង សម្ភារពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។
លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលចាប់ឃាត់ខ្លួន ករណីទី១ ឈ្មោះម៉ុស រ៉េន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្រុមទី០១ ភូមិកញ្ចាំ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក១១ថង់ ម៉ូតូមូយគ្រឿង សម្ភារមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួន កាលពីម៉ោង១៧និង៤៥នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចស្ពានវែង ស្ថិតក្រុមទី០៤ ភូមិកញ្ចាំ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ ករណីទី២ ឈ្មោះធឿន ប៊ុនថេន ហៅឆើត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដង្កោក្រម៉ាង ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០៧ថង់ ម៉ូតូមូយគ្រឿង សម្ភារមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួន កាលពីម៉ោង២១និង៥០នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
លោកសុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុកទាំង២ ចុះបង្ក្រាបបានករណីរទាំង២នេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ហើយ៕ ដោយ៖ អ៊ុងសារុំ