Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី ក្នុង​ខេត្តបាត់ដំបង​សម្រេចបាន​ប្រមាណ ២៦ %

​បាត់ដំបង​៖ គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៩០ គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង ឧតុនិយម បាន អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ។

គម្រោង​នេះ បានចាប់ផ្តើម​ធ្វើការ​សាងសង់​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៣ ។ គិត​មកដល់​បច្ចុប្បន្ន​នេះ ការងារ​សម្រេចបាន​ប្រមាណ ២៦ % លើ​ទំហំ​ការងារ​សរុប​របស់​គ​ម្រោ​ង ។ បន្ទាប់ពី​ការសាងសង់​ត្រូវបាន​បញ្ចប់ គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការ ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា​បាន ចំនួន​៣៣. ០០០ ហិកតា ផ្ទៃដី​ស្រូវប្រាំង​បាន​ចំនួន ៤.៥០០ ហិកតា ។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី គឺជា​ប្រព័ន្ធធារាសាស្ត្រ​ថ្មី​មួយ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា ដែល​សំណង់​នេះ ជា​ប្រភេទ​ទំនប់​ធំ ដែល​ការសាងសង់​តម្រូវ​ឲ្យ​ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី មិនដែល​អនុវត្ត​ន៏​នៅក្នុង​ប្រទេស​កម្ពុជា នាពេល​កន្លងមក ដូចជា ការជីក​រូង​ក្នុង​ភ្នំ ការជីក​ថ្ម​ក្នុង​លក្ខខណ្ឌ​ភូ​គ្គព​សាស្ត្រ​មិន​អនុគ្រោះ និង​វិធីសាស្ត្រ​ពង្រឹង​កែច្នៃ​បាត​គ្រឹះ​ទំនប់​ជាដើម ។ គម្រោង​នេះ មិន​ត្រឹមតែ​ផ្តល់​ទឹក​សម្រាប់​បង្កើន​ផលិតផល​កសិកម្ម​ទាំង​នៅ​រដូវវស្សា និង​នៅ​រដូវប្រាំង ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​ផងដែរ​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត និង​កាត់ បន្ថយ​ទឹកជំនន់​តាម​តំបន់​មួយចំនួន​នៅ​ផ្នែក​ខាងក្រោម ។

​លើសពីនេះ ទំនប់​ដូន​ទ្រី ក៏​នឹងមាន​លទ្ធភាព​ផ្គត់ផ្គង់​មួយផ្នែក​នូវ​ទឹក​សម្រាប់​ការស្រោចស្រព​ទៅ​ឲ្យ​គម្រោង​នៅ​ផ្នែក​ខាងក្រោម ដូចជា អនុ​គម្រោង​ពោធិ​កា​ណា​ល់ និង​អនុ​គម្រោង​រាម​គុណ តាមរយៈ​ស្ទឹង​ដូន​ទ្រី​។​នេះ​គឺជា​សមិទ្ធផល​ទី ២ នៅក្នុង​ខេត្តបាត់ដំបង ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ បន្ទាប់ពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ក្នុងការ​ធានា​ដល់​ការផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​សម្រាប់​ការបង្កបង្កើន​ផល​ស្រូវ ដំណាំ​គ្រប់​ប្រភេទ និង​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ ដែលជា​ផ្នែក​មួយ​ជួយ​លើក ស្ទួយ​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ តាមរយៈ​វិស័យ​ទឹក​នៅក្នុង​បរិបទ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​- ១៩ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

×