Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជ្រាប​គុន​ល្បុក្កតោ ក្នុង​វិស័យ​កងទ័ព ដែលជា​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ ព្រលឹង​ជាតិខ្មែរ​ឲ្យ​ទៅជា​ក្បាច់គុន​កងទ័ព

​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង​កងយោធពល​ខេមរភូមិន្ទ បានធ្វើ​កិច្ច​សហការគ្នា​ប្រមាណ​៤​ឆ្នាំ​មកហើយ ដើម្បី​បញ្ជ្រាប​គុន​ល្បុក្កតោ ដែល​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ ព្រលឹង​ជាតិខ្មែរ​ឲ្យ​ទៅជា​ក្បាច់គុន​កងទ័ព ជាពិសេស ក៏​កំពុង​ខិតខំ​អភិវឌ្ឍ​វិស័យ​កីឡា​គុន​ល្បុក្កតោ​ទៅកាន់ ស្រទាប់​កុមារ យុវជន និង​មហាជន​នានា​។

​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​អន្តរាគមន៍​ពិសេស​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ និង​បើក​វគ្គ​បំប៉ន​ជំនាញ​ស៊ើបការណ៍ ប្រដាប់អាវុធ​របស់​ក​ង​ពល​តូច​ថ្មើរជើង​លេខ​៥១ ស្ថិតនៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ ដោយមាន​សិក្ខាកាម​ជិត​១០០​នាក់ ក្រោម​អធិបតី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើ​គោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​៥​។​

​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​ថ្លែងថា ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ការពារជាតិ​ផ្នែក​ក្បាច់គុន ដោយបាន​ចូលរួម​ក្នុងការ​ដំណើរការ​រៀបចំ​ចងក្រង​ឯកសារ សៀវភៅ​ក្បាច់គុន កងយោធពល​ខេមរភូមិន្ទ ហើយ​បាន​នឹង​កំពុង​រៀបចំ​ជា​ឯកសារ​វីដេអូ សម្រាប់​បង្ក​ភាពងាយស្រួល ក្នុងការ​ផ្ទេរ​នូវ​ជំនាញ​ក្បាច់គុន​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ និង​បណ្តុះបណ្តាល​យោធា​ចា​រ្យ​ក្បាច់គុន សម្រាប់​បំពេញតម្រូវការ​របស់​អង្គភាព​កងកម្លាំង​នានា ដែល​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ក្បាច់គុន​កងយោធពល​ខម​រ​ភូមិន្ទ​។​

​អគ្គលេខាធិការ​រូបនេះ​បាន​លើកឡើងថា សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង​កងយោធពល​ខេមរភូមិន្ទ បានធ្វើ​កិច្ច​សហការគ្នា​ប្រមាណ​៤​ឆ្នាំ​មកហើយ ដើម្បី​បញ្ជ្រាប​គុន​ល្បុក្កតោ ដែល​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ ព្រលឹង​ជាតិខ្មែរ​ឲ្យ​ទៅជា​ក្បាច់គុន​កងទ័ព ក្នុងពេល​ដំណាលគ្នា​នេះដែរ ក៏​កំពុង​ខិតខំ​អភិវឌ្ឍ​វិស័យ​កីឡា​គុន​ល្បុក្កតោ​ទៅកាន់ ស្រទាប់​កុមារ យុវជន និង​មហាជន​នានា ដែលជា​យុទ្ធសាស្ត្រ​ដ៏​ធំ​របស់ខ្លួន​ក្នុង​គោលដៅ​ចម្បងៗ​ចំនួន​២ ដែល​ទី​១ គឺ​កំពុង​ជំរុញ​បន្ថែម​ឲ្យ​ក្បាច់គុន​ព្រលឹង​ជាតិ​មួយ​នេះ​ទទួលបាន​ជោគជ័យ​នៃ​ការដាក់​ប​ញ្ជូ​ល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី នៃ​មនុស្សជាតិ ដែល​បានដាក់​ការស្នើសុំ​រួចហើយ​នៅ​អង្គការ​យូណេស្កូ ដោយ​រង់ចាំ​ការប្រកាស​លទ្ធផល នាពេលខាងមុខ​។ ទី​២-​ការបញ្ជ្រាប​ក្បាច់គុន​នេះ គឺជា​យុទ្ធសាស្ត្រ​ចម្បង ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ប្រកបដោយ​ភាពជឿជាក់ និង​ក្តីសង្ឃឹម​បំផុត ដោយ​ក្រុមទី​១ គឺ​រំពឹង​លើ​ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ និង​ក្រុមទី​២​រំពឹង​លើ​ក្រុម​យោធា ដែល​អាចជា​កីឡាករ​មាន​ទេព​កោ​ល​ស្យ​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​បាន តាមរយៈ​ការប្រកួត​ជម្រុះ​ជាដើម​។ ដូច្នេះហើយ​ទើប​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​កំពុង​ខិតខំ បញ្ជ្រាប​ការហ្វឹកហាត់ ការបណ្តុះបណ្តាល​កាន់តែ​សម្បូរបែប ដើម្បី​ឲ្យ​សហព័ន្ធ​មាន​ជម្រើស​កាន់តែច្រើន ក្នុងការ​ជ្រើសរើស​អត្ត​ព​លិ​ក​ប្រកបដោយ​សក្តានុពល ដណ្តើមបាន​នូវ​ភាពជោគជ័យ​ជា​ប្រវត្តិសាស្ត្រ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


×