ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានអះអាងថា យ៉ាងយូរនៅចុងឆ្នាំ២០២០នេះ លំហូរឯកសារទាំងឡាយ រួមទាំងការចុះហត្ថលេខាផងដែរ ដែលត្រូវធ្វើឡើងតាមប្រព័ន្ធ Online ស្ទើរទាំងអស់ ដើម្បីចូលរួមកាត់បន្ថយការប្រើក្រដាសស្នាមស្ទើរទាំងស្រុង។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីអំពីបម្រែបម្រួលផ្នែកឌីជីថល(Digital Transformation)
សិក្ខាសាលាស្តីអំពីបម្រែបម្រួលផ្នែកឌីជីថល(Digital Transformation) រៀបចំដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។
មានប្រសាសន៍បើកអង្គសិក្ខាសាលានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកមានសារសំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងយុគឧស្សាហកម្ម៤.០ ។ យើងដឹងហើយថា៖ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងផ្តល់អាទិភាពលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ក្នុងយុគឧស្សាហកម្ម ៤.០ និងយុគថ្មីបន្តទៀត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកត្តាលីករ ជួយឲ្យចម្រើនដល់អភិបាលកិច្ច រដ្ឋបាល វិស័យឧស្សាហកម្ម កសិកម្ម ផលិតកម្ម និងវិស័យជាច្រើនទៀត ។ ដូច្នេះ ការចូលរួមយ៉ាងសកម្ម និងរៀនបន្តសម្រាប់យើងទាំងអស់គ្នា ក្នុងសិក្ខាសាលានេះ ជាសកខីភាពនៃការយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍន៍ប្រទេស ដោយប្រើវិជ្ជាឌីជីថល ក្នុងជីវភាព ការងារប្រចាំថ្ងៃ និងការរៀនបន្តពេញមួយជីវិត ។ ចំណេះដឹង និងបំណិនទទួលបានពីសិក្ខាសាលានេះ នឹងត្រូវយកទៅប្រើ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ក្នុងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
ខណៈនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានផ្តល់យោបល់ឲ្យអង្គសិក្ខាសាលាយកចិត្តទុកដាក់លើធាតុចម្បងចំនួន០៣៖១-និយមន័យ បញ្ញត្តិ ខ្លឹមសារគោល ប្រយោជន៍នៃវិជ្ជាឌីជីថល បម្រែបម្រួលផ្នែកឌីជីថល និងដំណោះស្រាយនៃបញ្ហាប្រឈមក្នុងការងារប្រចាំថ្ងៃ ២-ការប្តូរការគិត ទម្លាប់ និងឥរិយាបទ ក្នុងជីវភាព និងការងារប្រចាំថ្ងៃ ក្នុងសង្គមឌីជីថល ៣- រចនាសម្ព័ន្ធ និងអភិបាលកិច្ច នៃប្រព័ន្ធឌីជីថល កាលានុវត្តភាព និងបញ្ហាប្រឈម ក្នុងការអនុវត្តវិជ្ជាឌីជីថល ក្នុងជីវភាព ការងារប្រចាំថ្ងៃ និងការរៀនបន្តពេញមួយជីវិត ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមថា៖ វិជ្ជាឌីធីថលមានភាពចាំបាច់ សម្រាប់ជីវភាព ការងារ និងការរៀនបន្តពេញមួយជីវិត សម្រាប់ពលរដ្ឋកម្ពុជា និងមន្ត្រីរាជការគ្រប់រូប ។ ដូច្នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាំទ្រឲ្យមានការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៌និងកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីរបស់ក្រសួងគ្រប់កំរិតទាំងអស់ រួមទាំងដល់សហគ្រាសធុនតូចនិងមធ្យមបន្តទៀត ។
បន្ទាប់មកអង្គសិក្ខាសាលាបានតាមដានស្តាប់បទឧទ្ទេសនាមពីមន្ត្រីជំនាញ ដែលបានចែករំលែកចំណេះដឹងទៅរួមមាន ៖-អត្ថប្រយោជន៍នៃបម្រែបម្រួលផ្នែកឌីជីថល-ការប្តូរការគិត ទម្លាប់ និងឥរិយាបទ ក្នុងជីវភាព និងការងារប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ក្នុងសង្គមឌីជីថល – និងបម្រែបម្រួលនៃផ្នែកឌីជីថល និងអភិបាលកិច្ចក្នុងក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គសិក្ខាសាលាលើកដំបូងនេះ ជាពិសេស យើងទទួលបាននូវគ្រូឧទ្ទេសនាម ដែលមានចំណេះដឹងប្រកបដោយជំនាញវិជ្ជជីវៈ សម្រាប់ជាទុនដល់សិក្ខាកាមទាំងមូល បានសិក្សាស្វែងយល់ និងត្រូវគិតថា៖ការសិក្សាគ្មានទីបញ្ចប់ឡើយ ។ ជាពិសេស ក្នុងបរិបទនៃសម័យឌីជីថលនេះ ទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កំរិតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវខិតខំរៀនសូត្រទាំងអស់គ្នា ពីព្រោះការរីកចម្រើនផ្នែកឌីជីថលនៃពិភពលោកមិនរង់ចាំយើងទេ ។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតក៏បានរំលឹកផងដែរថា៖ក្នុងនាមជាក្រសួងទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ទៅថ្ងៃមុខ យ៉ាងយូរនៅចុងឆ្នាំនេះ លំហូរឯកសារទាំងឡាយ រួមទាំងការចុះហត្ថលេខាផងដែរ ត្រូវធ្វើឡើងតាមប្រព័ន្ធ Online ស្ទើរទាំងអស់ គឺយើងបានកាត់បន្ថយការប្រើក្រដាសស្នាមស្ទើរទាំងស្រុង៕ដោយ៖កូឡាប