ភ្នំពេញ៖ នាថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២០ ព្រោះតែក្តីបារម្ភអំពីសុខភាពផ្លូវចិត្ត និងសតិអារម្មណ៍របស់ក្មួយស្រីរងគ្រោះ ឧកញ៉ា ឌួង ឆាយ បានធ្វើរឿងមួយជូនក្មួយស្រីដែលត្រូវគេយកកាំបិតឆូតមុខ។ ក្នុងនោះ តាមរយៈទំព័រហ្វេសប៊ុករបស់លោកឧកញ៉ា ដួង ឆាយ បានបង្ហោះបញ្ជាក់ឲ្យដឹងថា៖ «ថ្ងៃនេះឆ្លៀតពេលពីការងារបានទិញតុក្កតា និងជូនថវិកា បន្តិចបន្តួច ឲ្យក្មួយ សុជាតា និងសួរសុខទុក្ខអំពីស្ថានភាពជំងឺមុខរបួសរបស់ក្មួយ និងញុំា តែទឹកដោះគោគជ់ ឲ្យក្មួយស្រីបានចេញពីផ្ទះខ្លះ ដើម្បីឲ្យក្មួយមានភាពរឹងមាំ និងក្លាហានហ៊ាន ចេញមកក្រៅផ្ទះ ជួបគេឯង ពីព្រោះខ្ញុំបារម្ភអំពីសុខភាពផ្លូវចិត្ត និងសតិអារម្មណ៍របស់ក្មួយស្រី។ ពូមីងគ្មានអ្វីក្រៅពីអាណិត និងលើកទឹកចិត្តបួងសួងបន់ស្រន់ឲ្យក្មួយស្រីបានជាសះស្បើយដូចដើម»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កន្លងផុតទៅថ្មីៗនេះ មានហេតុការណ៍សែនរន្ធត់មួយ ដោយស្ត្រីជាជនដៃដល់មានចិត្តសាហាវឃោរឃៅម្នាក់ ដែលបានយកកាំបិតឆូតផ្ទៃមុខក្មេងស្រីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ដើម្បីជាការសងសឹកទៅលើក្មេងស្រីរូបនោះ បានយកដុំថ្មគប់កូនប្រុសខ្លួនដែលចាត់ទុកធំឡើងដូចតារា បែ កក្បា លពេទ្យដេរអស់១ថ្នេរប៉ុណ្ណោះ ស្ថិតនៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផល ទង្វើដ៏សាហាវព្រៃផ្សៃ របស់ស្ត្រីរូបនេះដែលមហាជនចំអកឲ្យថាអនាគតម្តាយតារា ត្រូវបានតុលាការផ្តន្ទាទោស ដែលអាចប្រឈមជាប់គុកពី ១០ ឆ្នាំ ទៅ ២០ ឆ្នាំ។ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានសប្បុរសជន ពិសេសថ្នាក់ដឹកនាំនៃយើង ព្រោះតែក្តីអាណិតជាពន់ពេក បានឧបត្ថម្ភនូវថវិកាមួយចំនួនដ៏ថ្លៃថ្លា ដើម្បីជាការលើកទឹកចិត្តដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ។
ក្នុងនោះផងដែរ ឧកញ៉ា ឌួង ឆាយ និងភរិយា ក៏បានចុះទៅសួរសុខទុក្ខ និងលើកទឹកចិត្ត ក្មេងស្រីនៅក្នុងមន្ទីរពេទ្យកុមារជាតិដោយផ្ទាល់ និងព្រមទាំងជូនថវិកាចំនួន ១០០០ ដុល្លារ ហើយសន្យានឹងជួយក្មួយស្រីម្នាក់នេះ ដើម្បីព្យាបាលអ៊ុតមុខនៅប្រទេសថៃ ឬ ប្រទេសកូរ៉េ នៅពេលជំងឺក្មួយបានជាសៈស្បើយ និងស្ថានភាពជំងឺកូវិត-19 ប្រសើរឡើង៕ ដោយ៖ លឹម ហុង