ភ្លៀងធ្លាក់យ៉ាងគំហុកប៉ុន្មានសប្តាហ៍ជាប់ៗគ្នា បណ្តាលឲ្យតំបន់ជាច្រើន នៅក្នុងប្រទេសថៃ ត្រូវលិចលង់ និងបណ្តាដងផ្លូវនៅក្នុងទីក្រុងវិញ បានប្រែក្លាយជាទន្លេតែម្តង។ តាមរយៈរូបភាពនៅលើអ៊ីនធឺណិត គេបានសន្មតថា ប្រទេសថៃឆ្នាំនេះហាក់ទទួលរងនូវការលិចលង់ធ្ងន់ធ្ងរ ដោយភ្លៀងធ្លាក់ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ត្រូវលិចលង់យ៉ាងនេះទៅហើយ។
ទោះយ៉ាងណា មិនថាតែនៅក្នុងប្រទេសថៃ ឬ ប្រទេសដទៃទៀតទេ ដែលក្នុងនោះប្រទេសកម្ពុជាយើង ក៏ត្រូវលិចលង់ផងដែរ ដោយគ្រាន់តែថា មានកម្រិតធ្ងន់និងស្រាលខុសគ្នាប៉ុណ្ណោះ។ តែទោះយ៉ាងណា តំបន់ជន់លិចមួយចំនួននៅក្នុងប្រទេសកម្ពុជាយើង បានស្រកច្រើនហើយ បន្ទាប់ពីភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃមកនេះ ស្ទើរទូទាំងប្រទេស។
ភ្ជាប់នឹងបញ្ហាគ្រោះធម្មជាតិនេះផងដែរ នាថ្ងែទី៧ ខែសីហា ឆ្នាំ២០២០នេះ អគ្គនាយកស៊ីម៉ាក់ ឯកឧត្តម ហេង រតនា បានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា «ហាមធ្វើសួនច្បារផ្លូវថ្នល់បែបរចនាបទប្រណាំងទូក គឺថាមានទឹកលិចអាចអុំទូកប្រណាំងបានមែនហ្នង! វត្តអាត្មាក៏លិច ស្រុកញមក៏លិច ស្រុកអាត្មាក៏លិច! ទិដ្ឋភាពទីក្រុងនៅប្រទេសថៃ លិចស្ទើររៀងរាល់ឆ្នាំហ្មង!»។
ឯកឧត្តមនបន្តថា «ស្រុកថៃក៏លិច ស្រុកខែ្មរក៏លិច ស្រុកវៀតណាមក៏លិច ស្រុកជប៉ុន ស្រុកកូរ៉េក៏លិច ស្រុកអាមេរិកក៏លិច ស្រុកអូស្ត្រាលីក៏លិច កុំបន្ទោសផែនដី កុំបន្ទោសការអភិវឌ្ឍ! មធ្យោបាយល្អបំផុត ត្រូវគិតគូរនិងមានវិធានការបញ្ចៀសទឹកជន់លិចអាក្រក់បំផុត ត្រូវធ្វើយ៉ាងម៉េច?!»៕ ដោយ៖ លឹម ហុង