Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ស្រុក​ក្រុង​និង​មន្ត្រី​ភូមិបាល ត្រូវ​ចុះទៅ​ពង្រឹង​និង​ធ្វើការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ភូមិបាល ដើម្បី​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ខ្លួន មានការ​យល់ដឹង​អំពី​តួនាទី​ភារកិច្ច​របស់​ពួកគាត់ ជាមួយនឹង​នីតិវិធី​ដីធ្លី​

​បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ជំរុញ​ដល់​មន្ទីរជំនាញ និង​មន្ទីរ​វិស័យ​រួមទាំង​បណ្តា​អង្គ​​ភាព​ពាក់ព័ន្ធ​ក្នុងការ​ផ្តល់នូវ​សេវា​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ត្រូវតែ​បង្កើន​នូវ​ការយកចិត្តទុកដាក់​ក្នុងការ​ព​ន្លឿ​ន ពី​ការផ្តល់សេវា​ទំនុកចិត្ត​ជូន​ពលរដ្ឋ ឲ្យ​បាន​លឿន​ឆាប់​និង​បញ្ឈប់​ពី​ភាពសាំញ៉ាំ​អសកម្ម​មួយចំនួន ដែល​កើតឡើង​ពី​ភាពខ្វះ​ចន្លោះ​របស់​មន្ត្រី​ជំនាញ ដែល​បាន​អនុវត្ត​កន្លងមក​នោះ​។​

​ការលើកឡើង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​មួយ​ដែល​រៀបចំ​ដោយ​រដ្ឋបាលខេត្ត ស្តីពី​បញ្ហា​ការ​ផ្តល់នូវ សេវា​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង ទទួលបន្ទុក​ការងារ​ដីធ្លី លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្ត អស់លោក លោកស្រី ជា​អភិបាល អភិបាលរងក្រុង​ស្រុក​ទាំង​៦ រួមមាន​ក្រុង​បាត់ដំបង ស្រុក​សង្កែ ស្រុក​មោងឫស្សី ស្រុក​ថ្មគោល ស្រុក​ឯក​ភ្នំ និង​ស្រុក​បាណន់ ព្រមទាំង​លោក​មេឃុំ ចៅសង្កាត់ មកពី​ស្រុក​-​ក្រុង រួម​និង​មន្ត្រី​ការិយាល័យ​រៀបចំ​ដែនដី និង​ភូមិបាល​ស្រុក ក្រុង​ផងដែរ​។​

​លោក អ៊ូ ដា​រី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា តាមរយៈ​កិច្ចប្រជុំ​ចង្អៀត និង​លទ្ធផល​ដែល​ទទួលបាន​ពី​ការធ្វើ​បទ​បង្ហាញ អំពី​បញ្ហា​ការផ្តល់សេវា​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត និង​តាមរយៈ​បទ​បង្ហាញ​ជា​សារ​វ័​ន្ត អំពី​បញ្ហា​ការផ្តល់សេវា​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្ត ។​

​លោក ហេង ជំនិត ប្រធាន​សាខា​ពន្ធដារ​ខេត្ត បានបញ្ជាក់ និង​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ទិដ្ឋភាព​រួម ក្នុងការ​អនុវត្ត​ពី​នីតិវិធី​កំណត់ដោយ​ច្បាប់ ដែល​សាខា​ពន្ធដារ​អនុវត្ត​កន្លងមក គឺ​ត្រឹមត្រូវ​តាម​ស្តង់ដារ​ដែល​ក្រសួង​កំណត់​ជាក់លាក់​។ ក្រោយពី​កិច្ចពិភាក្សា​លើកឡើង​ពី​ទឡ្ហីករណ៍ និង​បញ្ហា​ប្រឈម​ចំពោះមុខ ភាព​សកម្ម និង​ភាព​អសកម្ម​របស់​បណ្តា​មន្ទីរ​អង្គភាព អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជុំវិញ​បញ្ហា​ការរៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង សុរិយោដី​ខេត្ត ដែល​បាន​ចូលរួម ។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានធ្វើការ​ណែរ​នាំ​ដល់​មន្ទីរជំនាញ និង​អង្គភាព​ពាក់ព័ន្ធ ពី​នៅ​ថ្នាក់មូលដ្ឋាន​ស្រុក ច្រកចេញចូល មក​សាខា​ពន្ធដារ រហូតដល់​មន្ទីរជំនាញ ត្រូវធ្វើ​ការសិក្សា​លម្អិត​ឲ្យ​បាន​ស៊ីជម្រៅ និង​អំពី​បរិបថ​ការងារ​ឲ្យ​បានជា​ក់លាក់ ពី​ការ​ផ្តល់នូវ​សេវា​ខាងលើនេះ ដែល​កន្លងមក ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​រិះគន់​ថ្នាំងថ្នាក់ ដោយសារតែ​ការយឺតយ៉ាវ ក្នុង​​ការផ្តល់សេវា​មិនលឿន​និង​ឆាប់រហ័ស ដល់​ពួកគាត់ ដែល​ខ្លះ​អាច​រហូតដល់​១​ឆ្នាំ​ក៏មាន​។​

​ដោយឡែក​មន្ត្រី​ជំនាញ​និង​ស្ថាប័ន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ក៏បាន​លើកឡើងថា បញ្ហា​នេះ​ក៏មាន​កត្តា​អសកម្ម ពី​ប្រជាពលរដ្ឋ​ខ្លួនឯង​ផងដែរ ដោយសារតែ​ដាក់​ឯកសារ ខ្វះ​ការទំនាក់ទំនង​បាន ឬ​យឺតយ៉ាវ​ពី​បុគ្គល​ខ្លួនឯង​ផ្ទាល់ និង​កត្តា​មួយទៀត​បញ្ហា​ខ្វះ​មន្ត្រី​បំពេញការងារ ខណៈដែល​ទំហំ​ការងារ​កាន់តែច្រើន ឯ​ការផ្តល់សេវា​ជូន​ពលរដ្ឋ​កាន់តែ​មាន​ទំហំ​ទ្វេរ​ឡើង និង​មិនអាច​ឆ្លើយតបបាន​ទាន់ពេលវេលា​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានបញ្ជាក់​បន្ថែមថា កិច្ចការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​នេះ គឺពាក់ព័ន្ធ​តាំងពី​ម្ចាស់​ដី​រហូតដល់​អ្នកសម្រេច ដែលមាន​រយៈពេល​វែង​និង​កំណត់ដោយ​នីតិវិធី​អនុវត្ត មាន​បរិបថ​ទំនាក់ទំនង និង​ពាក់ព័ន្ធ​ជាមួយ​គ្រប់​ស្ថាប័ន ចំពោះ​កិច្ចការងារ​នេះ ក៏​មិនមែន​ស្ថាប័ន​ណាមួយ​ធ្វើ​ម្នាក់ឯង​បាន​នោះទេ​។ សូម​ធ្វើការ​ក្រើនរំលឹក​បន្ថែម​ដល់​អាជ្ញាធរ ក្រុង ស្រុក​និង​មន្ត្រី​ភូមិបាល​និង​មន្ទីរជំនាញ ត្រូវយក​កំណត់​យក​ចំណុច​នីតិវិធី​ណា ដែល​ត្រូវធ្វើ​ឲ្យ​បាន​លឿន​បាន​ឆាប់​ក្នុង​ការផ្តល់សេវា ដែលជា​តម្រូវការ​រប​ស់​ប្រជាពលរដ្ឋ​។ ឯកឧត្តម ងួន រតនៈ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ស្រុក​ក្រុង និង​មន្ត្រី​ភូមិបាល ត្រូវ​ចុះទៅ​ពង្រឹង​និង​ធ្វើការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ភូមិបាល ដើម្បី​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ខ្លួន មានការ​យល់ដឹង​អំពី​តួនាទី​ភារកិច្ច​របស់​ពួកគាត់ ជាមួយនឹង​នីតិវិធី​ដីធ្លី​៕ ដោយ​៖​អ៊ុង​សា​រុំ​

×