ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១. សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ២.សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។ ៣.សេចក្តពីព្រាងច្បាប់ស្តីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ៤.សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។ ៥.បញ្ហាផ្សេងៗ។
បើតាមលោកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ត្រូវបានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែលើ សេចក្តីព្រាងច្បាប់ទាំងបួន។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុងលើរបៀបវារៈលើសេចក្តីព្រាងច្បាប់ស្តីពី “អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ”ខ្លឹមសារសង្ខេបមានដូចខាងក្រោម៖
សេចក្ដីព្រាងច្បាប់នេះបានរៀបចំឡើងដោយផ្អែកតាមវាក្យខណ្ឌទី៦ នៃសេចក្ដីប្រកាសទីក្រុង ដូហា (Doha) ស្ដីពីកិច្ចព្រមព្រៀងទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធបញ្ញាសម្រាប់សុខភាពសាធារណៈ តាមសេចក្ដីសម្រេចរបស់អគ្គក្រុមប្រឹក្សានៃអង្គការពានិជ្ជកម្មពិភពលោក។
ក្រសួងសុខាភិបាលបានសហការ និងពីគ្រោះជាមួយក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្មក្រសួងពាក់ព័ន្ធផ្សេងៗទៀតនិងអង្គការសុខភាពពិភពលោក ខិតខំព្យាយាមរៀបចំសេចក្ដីព្រៀងច្បាប់ស្ដីពីការផ្ដល់អាជ្ញាប័ណ្ណសម្រាប់សុខភាពសាធារណៈនេះឡើង ដែលជាតម្រូវការចាំបាច់សម្រាប់ប្រទេសកម្ពុជា។
សេចក្ដីព្រាងច្បាប់នេះមានគោលបំណងលើកកម្ពស់សិទ្ធទទួលបានផលិតផលឱសថ សម្រាប់សុខភាពសាធារណៈតាមរយៈការផ្ដល់អាជ្ញាបណ្ណបញ្ជាអោយផលិត នាំចេញនិងនាំចូល នូវផលិតផលឱសថក្នុងកាលៈទេសៈប្រទេសជាតិមានអាសន្ន ឫកាលៈទេសៈបន្ទាន់ផ្សេងទៀត ឫប្រើប្រាស់ជាសាធារណៈមិនមានលក្ខណៈពានិជ្ជកម្ម ឫកាលៈទេសបន្ទាន់ផ្សេងទៀត ឫប្រើប្រាស់ជាសាធារណៈមិនមានលក្ខណៈពានិជ្ជកម្ម ឫស្ថានភាពសុខភាពសាធារណៈផ្សេងទៀតដែលកំណត់ដោយក្រសួងសុខាភិបាល។
សេចក្ដីព្រៀងច្បាប់នេះមានគោលដៅកំណត់លក្ខខណ្ឌ បែបបទនិងនីតិវិធីនៃការផ្ដល់ និងការអនុញ្ញាតអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ និងមានវិសាលភាពពាក់ព័ន្ធនឹងផលិតផលឱសថដែលការពារដោយប្រកាសនីយបត្រតក្កកម្មក្នុងកាលៈទេសៈប្រទេសជាតិមានភាពអាសន្ន ឫកាលៈទេសៈបន្ទាន់បំផុត។
សេចក្ដីព្រៀច្បាប់ស្ដីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈនេះ ជាតម្រូវការចាំបាច់សម្រាប់ប្រទេសកម្ពុជា និងផ្ដល់ផលប្រយោជន៍សម្រាប់បម្រើសេវាសាធារណៈនៅពេលមានអាសន្ន។
សេចក្ដីព្រៀងច្បាប់ស្ដីពីអាជ្ញាពណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈនេះ ត្រូវបានប្រជុំពិភាក្សាផ្លាស់ប្ដូយោបល់របស់ក្រុមការងារបច្ចេកទេសអន្តរក្រសួងចំនួន១២ លើក និងធ្វើសិក្ខាសាលាពិគ្រោះយោបល់ចំនួន៣លើក។ នៅឆ្នាំ ២០១៤ សេចក្ដីព្រៀងច្បាប់នេះត្រូវបានលើកយកមកពិភាក្សាគ្នាជាថ្មីម្ដងទៀតជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ តំណាងក្រសួងសុខាភិបាល តំណាងក្រសួងពានិជ្ជកម្ម តំណាងក្រសួងឧស្សាហកម្ម រ៉ែនិងថាមពលចំនួន ២៣លើក។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញខ្លឹមសារសង្ខេបមានដូចខាងក្រោម៖
យោងតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញមានសិទ្ធពិនិត្យ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានបង្កើតដោយព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨។ ដើម្បីធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយដែលវិវាទទាំងនេះត្រូវបានកំណត់ថាជាសម្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដោយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
ច្បា់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវបានធ្វើវិសោធនកម្មជាច្រើនលើក ដែលនាំអោយសម្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានការប្រែប្រួលខ្លះៗទៅតាមការកំណត់របស់ច្បាប់នេះ ដែលទាមទារឲ្យមានការធ្វើវិសោធនកម្មទៅលើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ឆ្លើយតបនឹងបរិការណ៍ខាងលើ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានអនុម័ត និងប្រកាសអោយប្រើតាមព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧។
បន្ថែមជំពូកទី១៥ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវបានប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៥/០០២ ចុះថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៥ បានជំរុញអោយរដ្ឋសភា និងព្រឹទ្ធសភាអនុម័តច្បាប់ថ្មីៗពាក់ព័ន្ធនឹងការបោះឆ្នោត ជាពិសេសច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៥/០០៣ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧១៧/០០៦ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។
សម្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងការពិនិត្យ និងសម្រចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានការពាក់ព័ន្ធជាមួយនឹងច្បាប់ស្ដីពីការបោះឆ្នោយជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបទបញ្ញត្តិនៃច្បាប់នេះ បានពន្លាតសម្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការពិនិត្យ និងសម្រេចទៅលើបណ្ដឹងរបស់បុគ្គល ដែលទទួលរងឥទ្ធិពលពីសេចក្ដីសម្រេចអំពីទណ្ឌកម្មដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ម្យ៉ាងទៀត ដោយយោងតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលប្រកាសអោយប្រើដោយព្រះរាជកក្រមលេខ នស/រកម/០៣១៧/០០៣ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ក្រុមប្រឹក្សាធម្មនុញ្ញលែងមានសម្ថកិច្ចសម្រេចលើបណ្ដឹងរបស់គណបក្សនយោបាយ ដែលក្រសួងមហាផ្ទៃបដិសេធមិនព្រមចុះបញ្ជីគណបក្សនយោបាយទៀតហើយ។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ត្រូវបានអនុម័តទាំងស្រុងដោយគ្មានការកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពី “វិសោធនកម្មក្រមព្រហ្មទណ្ឌ”។
ខ្លឹមសារសង្ខេបមានដូចខាងក្រោម ៖
យោងតាមរដ្ឋធម្មនុញ្ញ ប្រទេសកម្ពុជាជាព្រះរាជាណាចក្រដែលមានព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ដោយប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ នៅក្នុងការបំពេញឋានៈជាព្រះប្រមុខរដ្ឋ អង្គព្រះមហាក្សត្រត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញ ជាពិសេសកថាខណ្ឌទី៣នៃមាត្រា៧ដែលចែងថា អង្គព្រះមហាក្សត្រមិនអាចរំលោភបំពានបានឡើយ។ ទន្ទឹមនេះតាមការសិក្សាស្រាវជ្រាវច្បាប់របស់បណ្ដាប្រទេសរាជានិយមមួយចំនួន អំពើប៉ះពាល់ទោះបីតាមរូបភាពណាក៏ដោយដល់អង្គព្រះមហាក្សត្រត្រូវបានចាត់ទុកជាបទឧក្រិដ្ឋ ឫមជ្ឈិម ដែលត្រូវផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរ។
ដូចនេះដើម្បីធានាលើកស្ទួយ និងការពារព្រះចេស្ដា និងព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រ ដែលជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ ស្របតាមមាត្រា៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានសំណើពីក្រុមប្រឹក្សាធម្មនុញ្ញផងនោះអំពីប្រមាថចំពោះអង្គព្រះមហាក្សត្រត្រូវកំណត់ជាបទល្មើសព្រហ្មទណ្ឌ។ យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០០៩ គឺមានបទបញ្ញត្តិមួយចំនួនចែងអំពីការរំលោភបំពានដល់អង្គព្រះមហាក្សត្រដែលត្រូវបានរៀបចំប្រមូលផ្ដុំក្នុងជំពូកទី១ នៃមាតិការទី១ ស្ដីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ ក្នុងគន្ថីទី៤ ស្ដីពីបទល្មើសប្រឆាំងនឹជាតិ។ ក្នុងន័យនេះ បទល្មើសប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវរៀបចំជាមាត្រាថ្មី មួយបន្ថែ គឺមាត្រា ៤៣៧ ស្ទួន ដោយបញ្ចូលទៅក្នុងជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ ដែលមានខ្លឹមសារជារួមថា “ ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថាមានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ”។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងដោយគ្មានការកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពី “ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ខ្លឹមសារសង្ខេបមានដូចខាងក្រោម៖
ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែលធ្លាប់មានអារ្យធម៌ដ៏ឧត្តុង្គឧត្តម មានឥស្សរភាព និងកិត្យានុភាព ខ្ពស់ខ្ពង់។ ប្រវិត្តសាស្ត្រនាទសវត្សឆ្នាំ៧០ បានបង្ហាញប្រាប់ប្រជាជនសខ្មែរគ្រប់រូបឲ្យបានយល់ដឹង និងចងចាំឥតមានថ្ងៃភ្លេចថា នយោបាយវាតទីនិយមរបស់បរទេស និងការជ្រៀតជ្រែកពីខាងក្រៅ បានធ្វើឲ្យប្រជាជាតិមួយនេះស្គាល់នូវការបែកបាក់ និងបានធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមអស់ជាងពីរទសវត្ស ធ្វើឲ្យប្រជាជនខ្មែររាប់លាននាក់បានស្លាប់បាត់បង់ជីវិត និងបង្កឲ្យប្រទេសជាតិរងនូវសោកវិនាសអន្តរាយគួរឲ្យសោកស្តាយជាទីបំផុត។ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា នាទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានបង្កលក្ខណៈឲ្យមានការរៀបចំការបោះឆ្នោតថ្នាក់ជាតិមួយនៅក្នុងឆ្នាំ ១៩៩៣ ហើយសភាធម្មនុញ្ញដែលកើតចេញពីការបោះឆ្នោតនេះ បានរៀបចំនូវរដ្ឋធម្មនុញ្ញថ្មីមួយ សម្រាប់កម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ទន្ទឹមនឹងនេះ នយោបាយឈ្នះ-ឈ្នះ បានរំលាយចោលនូវអង្គការចាត់តាំងខាងនយោបាយ និងយោធារបស់ខ្មែរក្រហម នៅឆ្នាំ ១៩៩៨ និងបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងឯកភាពទឹកដីពេញលេញ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជារហូតមកដល់បុច្ចប្បន្ន។
ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋដែលមានឯករាជ្យ និងអធិបតេយ្យពេញបរិបូរណ៌ ជារដ្ឋស្មើភាព និងស្មើសិទ្ធិជាមួយនិងរដ្ឋដទៃទៀត នៅក្នុងសាកលលោក។ ឯករាជ្យជាតិ និងអធិបតេយ្យជាតិ គឺជាដួងព្រលឹងមួយរបស់ជាតិ ហើយត្រូវតែទទួលបានការគោរពដោយពេញលេញ។ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិចែងយ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ និងអធិបតេយ្យ ហើយរាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចត្រូវការពារជាដាច់ខាតនូវឯករាជ្យ និងអធិបតេយ្យនេះ។ ធម្មនុញ្ញអង្គការសហប្រជាជាតិក៏ចែងការពារអធិបតេយ្យនៃរដ្ឋជាសមាជិកយ៉ាងច្បាស់ថា គ្មានរដ្ឋណាមួយមានសិទ្ធិទៅលូកលាន់ដោយផ្ទាល់ ឫដោយប្រយោល ទោះក្នុងហេតុផលណាក៏ដោយ នៅក្នុងកិច្ចការផ្ទៃក្នុង ឫបញ្ហាដែលប៉ះពាល់ដល់បូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយរបស់ប្រទេសដទៃបានឡើយ (មាត្រា ២.៤ និង ២.៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ)។
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាកំណត់ថា ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ ក្នុងន័យនេះ គណបក្សនយោបាយ គឺជាតួអង្គដ៏សំខាន់ នៅក្នុងកិច្ចដំណើរការនៃប្រជាធិតេយ្យកម្ពុជាដើម្បីប្រកួតប្រជែងក្នុងការដឹកនាំប្រទេស។
ដូចនេះ ទាំងគណបក្សនយោបាយ ទាំងប្រជាពលរដ្ឋខ្មែរ ត្រូវគោរពគោលការណ៍អធិបតេយ្យជាតិ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សហើយត្រូវមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ ការការពារឯករាជ្យ អធិបតេយ្យជាតិ និងការតម្កល់ផលប្រយោជន៍ខ្មែរជាធំគឺជាកាតព្វកិច្ចរបស់គណបក្សនយោបាយ អ្នកនយោបាយ អ្នកនយោបាយខ្មែរពីគ្រប់និន្នាការ និងជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ក្នុងស្មារតីនេះដែរ រដ្ឋធម្មនុញ្ញក៏បានកំណត់ឲ្យសមាជិករដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់ដំណែង នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចសង្ឃរាជ និងទេវតារក្សាសេត្វច្ឆត្រ ដោយសច្ចាបេ្តជ្ញាដាច់ខាតការពារឯករាជ្យទាំងស្រុងនៃមាតុភូមិកម្ពុជា អធិបតេយ្យជាតិពេញបរិបូរណ៍នឹងមិនអនុញ្ញាតជាដាច់ខាត ឲ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុង ផ្ទៃក្នុងនៃកម្ពុជា ឫមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ ព្រមទាំងមិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូចប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ ទាំងបទពិសោធន៍ជាតិ ទាំងបទពិសោធន៍អន្តរជាតិ បង្ហាញយ៉ាងច្បាស់ថា ការបែកបាក់ជាតិ និងការបង្កលក្ខណៈឲ្យបរទេសអាចជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងជាតិរបស់ខ្លួន គឺនឹងនាំទៅដល់សង្គ្រាម និងវិនាសអន្តរាយ។ ដូចនេះ ទាំងគណបក្សនយោបាយ ទាំងអ្នកនយោបាយ ទាំងប្រជាពលរដ្ឋខ្មែរពីគ្រប់និន្នាការនយោបាយទាំងអស់ ត្រូវបេ្តជ្ញារួមគ្នាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ ប្រឆាំងដាច់ខាតសកម្មភាពជ្រៀតជ្រែកពីខាងក្រៅ និងមិនត្រូវធ្វើសកម្មភាពណាមួយប្រឆាំងនឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។
ដើម្បីឆ្លើយតបនឹងស្មារតីខាងលើនេះប្រកបដោយភាពឱឡារិក ជាពិសេស ដើម្បីលើកស្ទួយតម្លៃជាតិខ្មែរ ក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិតេយ្យជាតិ និងឯករាជ្យជាតិ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ តាមគ្រប់រូបភាព ព្រមទាំងដើម្បីលើកស្ទួយការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយស្នើធ្វើវិសោធនកម្ម ត្រង់មាត្រា ៣៤ថ្មី, មាត្រា ៤២, មាត្រា៤៩, និងមាត្រា៥៣។ ដោយឡែក ឆ្លងតាមបទពិសោធន៍ការងារជាក់ស្តែងនៃអង្គនៃអង្គនីតិប្រតិបត្តិ និង ដើម្បីឆ្លើយតបឲ្យបានត្រឹមត្រូវតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការទទួលខុសត្រូវរបស់សមាជិករាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភា ក៏ដូចជាផ្អែកលើបទពិសោធន៍នៃការងារអភិបាលកិច្ចបណ្តាប្រទេសជឿនលឿនទាំងក្នុងតំបន់ និងអន្តរជាតិ ក្នុងឋានៈជាប្រមុខរដ្ឋរាជរដ្ឋាភិបាល ខ្ញុំក៏មានភាពចាំបាច់ សូមស្នើធ្វើវិសោធនកម្មមាត្រា ១១៨ថ្មី នៃរដ្ឋធម្មនុញ្ញដោយដកចេញវិញនូវតំណែងរដ្ឋលេខាធិការពីសមាសភាព រដ្ឋាភិបាល។ ការធ្វើវិសោធនកម្មមាត្រា ១១៨ថ្មី នេះមិនត្រឹមតែអាចបន្ថយចំនួនសមាភាពរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការពង្រឹងការទទួលខុសត្រូវខ្ពស់របស់សមាជិក រាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភា និងការបង្កើនប្រសិទ្ធភាពនៃការងាររបស់អង្គនីតិប្រតិបត្តិតាមរយៈការកែទម្រង់លើរចនាសម្ព័ន្ធ និងអភិបាលកិច្ចនៃអង្គនីតិប្រតិបត្តិ នឹងអង្គមុខងារសាធារណៈផងដែរ៕ ដោយ៖បញ្ញាស័ក្តិ