នៅក្នុងថ្ងៃទី២នៃដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ ដែលត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសមជាមួយ លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា នៅប្រទេសថៃ។ ក្នុងនាមនាយករដ្ឋមន្ត្រី និងរដ្ឋសភាថៃ លោក សូមគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការគ្នាដ៏ល្អ នៃស្ថាប័នសភាប្រទេសទាំងពីរ។ លោក សូមជំរុញស្ថាប័ននីតិប្បញ្ញត្តិទាំងពីរប្រទេសត្រូវខិតខំថែរក្សា និងជំរុញទំនាក់ទំនងនេះឲ្យកាន់តែល្អរឹងមាំបន្ថែមទៀត។
កោក ប្រាយុទ្ធ ច័ន្ទអ៊ូចា បានមានប្រសាសន៍បន្តថា ទំនាក់ទំនងប្រទេសថៃ និងកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនខ្លាំងណាស់ មិនធ្លាប់ មានពីមុនមកទេ។ ក្នុងនាមជាថ្នាក់ដឹកនាំថៃ ឯកឧត្តមបានជួបពិភាក្សាការងារជាច្រើនលើកជាមួយ សម្តេចតេជោ ហ៊ុន សែន ពីបញ្ហាព្រំដែន បញ្ហាពាណិជ្ជកម្ម។ នៅក្នុងជំនួបទាំងនោះម្តងៗ មានផ្លែផ្កាជាវិជ្ជមាន។ លោក នាយករដ្ឋមន្ត្រីបានអះអាងថា ប្រទេសថៃខិតខំថែរក្សាពលករខ្មែរដែល កំពុងធ្វើការនៅក្នុងប្រទេសខ្លួន ហើយនៅក្នុងខែមិថុនាឆ្នាំ២០១៨នេះ ពលករខ្មែរនឹងអាចទទួលបាននូវឯកសារស្របច្បាប់។
លោក នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអ៊ូចា បានលើកឡើងថា ទំនាក់ទំនងរវាងប្រជាពលរដ្ឋទាំងពីរប្រទេស នឹងកាន់តែមានលក្ខណៈងាយស្រួល បន្ថែមទៀតនាពេលខាងមុខនេះ ដោយសារតែការតភ្ជាប់ផ្លូវរថភ្លើងកម្ពុជា-ថៃ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណ ចំពោះប្រសាសន៍ដ៏មានអត្ថន័យរបស់លោក នាយករដ្ឋមន្ត្រី ដែលបានវាយតម្លៃខ្ពស់ អំពីវឌ្ឍនភាព នៃទំនាក់ទំនងរវាងព្រះរាជាណាចក្រយើងទាំងពីរ(កម្ពុជា-ថៃ) និងសមិទ្ធផលនានា ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបាននាំមកនូវឧត្តមប្រយោជន៍ដល់ប្រជារាស្ត្រទាំងសងខាង។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចក៏បានវាយតំលៃខ្ពស់ និងអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលរាជរដ្ឋាភិបាល និងប្រជារាស្ត្រថៃសម្រេចបាន ក្នុងការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្ពោះទៅសង្គមមួយកាន់តែមានភាពជឿនលឿន និងស៊ីវិល័យ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់អង្គព្រះ- មហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងរូបលោកផ្ទាល់ជានាយករដ្ឋមន្ត្រី។
សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវក្តីរីករាយ ពេញចិត្ត ដោយសង្កេតឃើញថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើនខ្លាំងទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ រួមទាំងវិស័យផ្សេងៗទៀត។ ទាំងនេះ មិនត្រឹមតែបាននាំមកនូវផ្លែផ្កាសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោកផងដែរ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគ្រប់រូប នៃព្រះរាជាណាចក្រថៃ នាឱកាសនេះផងដែរ។
លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា ក៏បានវាយតម្លៃ និងកោតសរសើរចំពោះពលីកម្មរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានចូលរួមចំណែក ក្នុងការដឹកនាំ និងកសាងប្រទេសកម្ពុជារហូតមក។ ឯកឧត្តមបានជូនពរឲ្យកម្ពុជាទទួលបានជោគជ័យនៅក្នុងដំណើរការរៀបចំការបោះឆ្នោតរដ្ឋសភា នីតិកាលទី៦ នាពេលខាងមុខនេះ៕ ដោរយ៖បញ្ញាស័ក្តិ