ភ្នំពេញ ៖ សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង្ស ជួន ណារ៉ុន ដែលបានសម្រេចលុបឈ្មោះលោក រុង ឈុន ចេញពីក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដោយលើកហេតុថាឈប់គ្មានច្បាប់។
ក្នុងសេចក្តីប្រកាស បានបញ្ឋាក់ថា “លុបឈ្មោះលោករ៉ុងឈុនបុគ្គលិកអប់រំបម្រើការងារនៅនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រចេញពីក្របខ័ណ្ឌក្រសួងអប់រំចាប់ពីថ្ងៃទី១ ខែកមរា ឆ្នាំ២០១៨ ដោយសារសាមីជនអវត្តមានគ្មានច្បាប់អនុញ្ញាត”។
បើតាមលោកម៉ុតចន្ថានាយកខុទ្ទាល័យលោកកឹមសុខា បានបញ្ជាក់ថា សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីអប់រំ ហង្ស ជួន ណារ៉ុន ដែលបានសម្រេចលុបឈ្មោះលោក រុង ឈុន ចេញពីក្របខណ្ឌក្រសួងអប់ យុវជន និងកីឡា ដោយលើកហេតុថាឈប់គ្មានច្បាប់។ នេះជាហេតុផលដែលមជ្ឈដ្ឋានទូទៅមើលឃើញថាមិនត្រឹមត្រូវ ជាហេតុផលមួលបង្កាច់ និងមានចរិតនយោបាយ។
លោក រ៉ុង ឈុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដោយអនុលោមតាមមាត្រា ៧៦ ថ្មី នៃរដ្ឋធម្មនុញ្ញ។ លោកបានទៅបំពេញតួនាទីធម្មនុញ្ញ ក្នុងស្ថាប័នឯករាជ្យ គឺ គជប ជាងបីឆ្នាំ រហូតលោកបានលាលែងពីតួនាទីជាសមាជិក គជប នៅខែវិច្ឆិកា ឆ្នាំ២០១៧ ជាការតវ៉ាប្រឆាំងទៅនឹងការរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងអំឡុងពេលនេះ លោកស្ថិតក្នុងច្បាប់ពិសេស ដើម្បីមកបំពេញតួនាទីក្នុង គជប។ តើនេះឬដែលរដ្ឋមន្ត្រីអប់រំចោទថាលោក រុង ឈុន ឈប់អត់ច្បាប់នោះ? លោករដ្ឋមន្ត្រីអប់រំ មិនមែនមិនដឹងពីកិច្ចការនេះទេ ប៉ុន្តែការណ៍ដែលយកហេតុផលលុបឈ្មោះលោក រុង ឈុន ចេញពីក្របខណ្ឌក្រសួងអប់រំ ត្រូវបានគេមើលឃើញថាជាការសងសឹកនយោបាយទៅវិញទេ៕ ដោយ៖បញ្ញាស័ក្តិ