ភ្នំពេញ ៖ តារាចម្រៀងស្រី ញញឹមស្រស់ មុខមានមុនស្នេហ៍កញ្ញា ទេព បូព្រឹក្ស មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាជីវិតដើរលើវិថីសិល្បៈរបស់នាង ហាក់ឡើងសន្ទុះគួរឲ្យកត់សម្គាល់ រួមជាមួយគូស្នេហ៍របស់នាងលោក ងួន ចាន់ដេវីត ហៅ G-Devith ។ ប៉ុន្តែ ទន្ទឹមនឹងការបង្ហាញភាពស៊ីវីល័យដែលទើបលេចធ្លោនេះ អ្នកទាំងពីរក៏បានជួបប្រទះរឿងរ៉ាវជាច្រើន ដែលផ្តើមចេញពីមនុស្សមួយចំនួនតូចដែលហាក់មានចិត្តច្រណែនរិះគន់មើលងាយ…។
ទោះយ៉ាងណា ពុំត្រឹមតែកញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍ ដែលកំពុងឡើងកូដប៉ុណ្ណោះទេ តែក្រុមគ្រួសារនាងក៏ហាក់បង្ហាញសញ្ញាល្អប្រសើរផងដែរ ដែលថ្មីៗនេះ (ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០) គ្រួសារនាងពិតជាត្រេកអរយ៉ាងខ្លាំង នៅពេលដឹងថាឪពុករបស់នាងគឺលោក ទេព ផន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ឡើងឋានន្ដរសក្ដិជាឧត្ដមសេនីយ៍ត្រី (ផ្កាយ១)។
ទន្ទឹមងនោះផងដែរ កញ្ញា ទេព បូព្រឹក្ស ក៏បានផុសរូបឪពុកក្នុងឯកសណ្ឋានប៉ូលិសមួយសន្លឹក ដោយភ្ជាប់សាររំភើបរំជួលចិត្តយ៉ាងដូច្នេះថា៖ «អបអរសាទលោកពុក ខ្ញុំឃើញហើយចង់ស្រក់ទឹកភ្នែក ខ្ញុំរំភើបខ្លាំងណាស់ លោកពុកមិនដែលនិយាយអ្វីទេមិនដែលចង់បានអ្វីឬសុំអ្វីពីកូនស្រីម្នាក់នេះទេ ដឹងតែព្រឹកឡើង ជិះម៉ូតូទៅធ្វើការ ពេលដែលឃើញកូនៗ ពិបាកចិត្ត ពុកមានតែពាក្យមួយម៉ាត់ថា ខំធ្វើការកូន ការងារណា ក៏ពិបាកដែរ បើគេចង់ឈ្នះ ឲ្យគេឈ្នះទៅ កូននឹងជោគជ័យ នៅពែលដែលកូនខំប្រឹងតស៊ូ ការមិនបៀតបៀនអ្នកដទៃ គឺនាំឲ្យចិត្តយើងស្ងប់នឹងជួបរឿងល្អៗច្រើន»។
ដោយឡែក គូស្នេហ៍របស់នាង អន្ទិត G-Devith វិញក៏បានបង្ហោះសារដ៏រំភើបមួយផងដែរថា៖ «សូមអបអរសាទរអនាគតឪពុកក្មេកក្នុងឱកាស ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ត្រី ទេព ផន សូមជូនពរលោកឪពុក ឱ្យជោគជ័យគ្រប់ភារកិច្ច ការងារ ដោយសេចក្តីមោទនភាព ដែលកើតឡើងដោយធម៌ បានមកដោយធម៌» ។
គួរបញ្ជាក់ផងផងដែរថា មួយរយៈចុងក្រោយនេះ ទេព បូព្រឹក្ស និងលោក ជី ដេវីត ដែលមហាជនចាត់ទុកដូចជាប្តីប្រពន្ធនឹងគ្នាទៅហើយ បើទោះជាអ្នកទាំងពីរពុំទាន់ដឹកដៃគ្នាចូលរោងការក្តី គេកត់សម្គាល់ឃើញថា អ្នកទាំងពីរតែងបង្ហាញពីជីវិតដ៏ស៊ីវីល័យខ្លាំង ដែលធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់ ខណៈគេឃើញ ទេព បូព្រឹក្ស តែងតែចូលហាងទិញគ្រឿងអលង្ការច្រើនប្រភេទម្តងៗ ជះលុយរហូតរាប់ម៉ឺនដុល្លារឯណោះ ខណៈគូស្នេហ៍របស់នាងលោក ជី ដេវីត វិញក៏បានមិនធម្មតានោះដែរ ដោយលោកបាន Surprise ទៅដល់ ទេព្យ បូព្រឹក្ស នូវកំពូលរហូតប្រណិត Roll Royce Ghost ដែលត្រូវបានគេប៉ាន់ខ្ទង់ជាង ៣០ ម៉ឺនដុល្លារឯណោះ៕ ដោយ៖ លឹម ហុង