ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ ដែលកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មានករណីឃាតកម្មដ៏សែនតក់ស្លុតមួយបានកើតឡើង ដោយបុរសជាឪពុកបានដាច់ចិត្តសម្លាប់កូនស្រីខ្លួនទាំង៣ រួចចងកសម្លាប់ខ្លួនតាមក្រោយ ដោយសារមូលហេតុ ដែលបើតាមស្ត្រីជាប្រពន្ធរៀបរាប់ឲ្យដឹង គឺអាចដោយសារភ្លើងប្រច័ណ្ឌ និងរស់នៅមិនចុះសម្រុងគ្នា ដែលប្តីតែងតែគំរាមសម្លាប់ទាំងអស់។
ហេតុការណ៍ដ៏មិននឹកស្មាននេះ បានកើតឡើងនៅផ្ទះជួលមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវ ១០១៣ ភូមិឧកញ៉ាវាំង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយឡែក បើយើងក្រឡេកមើលទិដ្ឋភាពក្នុងពិធីបុណ្យសពឪពុក និងកូនស្រីទាំងបី ឃើញថាពិតគួរឲ្យស្រណោះខ្លាំងណាស់ ខណៈស្ត្រីជាប្រពន្ធ និងជាម្តាយផងនោះ បានស្រែកយំ រហូតដល់ថ្នាក់មានបញ្ហាសតិអារម្មណ៍ខ្លាំង វង្វេងស្មារតីនិយាយលែងដឹងខុសត្រូវ ដែលមិនខុសពីនាងបដាចានោះទេ។
ងាកមកទិដ្ឋភាពចុងក្រោយនៃពិធីដង្ហែសពឪពុក និងកូនស្រីទាំង៣ នៅឯស្រុកកំណើតខេត្តកំពង់ចាម គឺធ្វើឲ្យយើងគ្រប់គ្នារិតតែសង្វែក និងរំជួលចិត្តខ្លាំងណាស់ ខណៈស្ត្រីជាម្តាយដើរបណ្តើរ កាន់រូបថតកូនស្រីច្បង និងប្តី ហើយទន្ទេញតែពាក្យថា កូនអើយកើតជាតិណាៗ ឲ្យស្អាតអ៊ីចឹងទៀត៕ ដោយ៖ លឹម ហុង