ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិនិត្យសម្រេចលើសំណើរបស់រាជរដ្ឋាភិបាល ដែលបានស្នើសុំរដ្ឋសភា ពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន។
សេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លើកយកមកប្រជុំពិភាក្សា និងអនុម័ត ដើម្បីប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សានាពេលនេះមានចំនួន៤ មាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ។ សេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ និង សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ។
បន្ទាប់ពីបានប្រជុំពិភាក្សាតាមនីតិវិធីរួចមក អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភាពិនិត្យនិងសិក្សា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។
អង្គប្រជុំបានសម្រេចប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ដល់គណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ និងអង្គប្រជុំបានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ដល់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ពិនិត្យនិងសិក្សា ដោយសហការជាមួយគណៈកម្មការ សាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី គនរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។
ជាចុងក្រោយ អង្គប្រជុំបានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ៕ ដោយ៖បញ្ញាស័ក្តិ