ភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រិយមិត្តជាច្រើន ប្រាកដណាស់ជាបានស្គាល់រួចហើយ ចំពោះពិធីការិនីរាងស្រឡូនខ្ពស់ស្រឡះកញ្ញា ជីមមី ដែលលោកអ្នកតែងតែឃើញនាងបង្ហាញវត្តមានភាគច្រើនក្នុងបទសម្ភាសន៍ ចែករង្វាន់ធំភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ទៅដល់ប្រជាពលរដ្ឋដែលបានឈ្នះ។
ដោយឡែក ងាកមកដឹងរឿងស្នេហានាងវិញ ថ្មីៗនេះ កញ្ញា ជីមមី បានរៀបរាប់ទៅដល់ហ្វេនៗដែលទទូចចង់ដឹង ដោយនាងបានសារភាពថា នាងធ្លាប់បានលួចស្រឡាញ់បុរសរូបសង្ហាម្នាក់ដែលមានឈ្មោះដូចនាងដែរគឺ Jimmy ប៉ុន្តែ គួរឲ្យខ្មាសអៀនខ្លាំងណាស់ដែរ ដែលបុរសនោះពុំបានចាប់អារម្មណ៍នឹងរូបនាង ។ តែយ៉ាងណា ក្នុងការចំណាយពេលអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុត បុរសនោះក៏បានបាក់ចិត្តលង់ស្នេហ៍ស្រឡាញ់រូបនាងវិញ។
នាងបាននិយាយថា មានបុរសៗទាំងក្មេង និងចាស់ មិនតិចឡើយ ដែលសុំធ្វើជាម្ចាស់បេះដូងរបស់នាង ប៉ុន្តែ គួរឲ្យសោកស្តាយ ដែលនាងពុំទទួលយកការសុំស្នេហ៍ទាំងនោះ ដែលហាក់គ្រាន់តែចង់លេងសើចប៉ុណ្ណោះ។ តែយ៉ាងណា នៅពេលនេះ នាងបានសម្រេចជ្រើសរើសបុរសម្នាក់ជាម្ចាស់បេះដូងរួចហើយ ដែលបុរសនោះមានមាឌធំដំបង ដែលមានឈ្មោះដូរនាងដែរគឺ Jimmy។ នេះពិតជារឿងចៃដន្យណាស់ ដែលអ្នកទាំងពីរមានឈ្មោះដូចគ្នាបែបនេះ។
ជាការពិតណាស់ កញ្ញា ជីមមី បានសារភាពឥតលាក់លៀមថា ដំបូងឡើយ នាងជាអ្នកលួច Crush ទៅលើគូស្នេហ៍មុន តាមរយៈការសម្តែង Mv មួយរបស់ផលិតកម្មហង្សមាស ដោយនាងគិតថា រូបលោកមានរូបរាងសង្ហា និងក៏ជាកូនកាត់គួរឲ្យស្រឡាញ់ផងដែរ។ នាងបន្តថា តែកាលនោះ លោក Jimmy ហាក់មិនចាប់អារម្មណ៍ទៅលើរូបនាងឡើយ បើទោះជារូបនាងបានសារភាពថាពេញចិត្តរូបលោកក៏ដោយ។ តែទោះយ៉ាងណា ក្រោយរួមការងារជាមួយគ្នា អស់រយៈពេល ៥ ឆ្នាំ មក ពិធីការិនីវ័យក្មេង វោហាចាក់ទឹកមិនលិចរូបនេះ បានធ្វើឲ្យ Crush បាក់ចិត្តសារភាពស្នេហ៍មកលើរូបនាងវិញម្តង។
ពិធីកររាងខ្ពស់តូចច្រឡឹងរូបនេះ ក៏បានបង្ហើបឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យរូបនាងជ្រើសរើសលោក Jimmy ជាគូស្នេហ៍ ដោយសារតែមើលឃើញថា លោកជាសុភាពបុរសពិតប្រាកដ ជាអ្នកការពារ និងតែងនៅពីក្រោយ រហូតធ្វើឲ្យនាងទទួលបានជោគជ័យមកទល់ពេលនេះ។
តែទោះយ៉ាងណា សម្រាប់ពេលនេះ ជីមមី មិនទាន់គិតគូររឿងរៀបការនោះទេ ដោយទុកពេលគិតទៅលើរឿងការងារជាច្រើនសម្រាប់ថ្ងៃអនាគត និងផ្តល់ក្តីស្រឡាញ់ឲ្យគ្នាកាន់តែខ្លាំងបន្ថែមទៀត។ ក៏សូមបញ្ជាក់ឲ្យដឹងផងដែរថា លោក Jimmy មិនមែនជាកូនកាត់នោះទេ តែលោកជាកូនខ្មែររស់នៅសហរដ្ឋអាមេរិក៕ ដោយ៖ លឹម ហុង