ព្រះមហាក្សត្រថៃព្រះបាទ មហា វេជ្ជីរ៉ាឡុងកន (Maha Vajiralongkorn) បានសម្រេចព្រះទ័យដកហូតតំណែង និងឋានៈទាំងអស់ពីមហេសីមួយអង្គរបស់ព្រះអង្គគឺ អ្នកម្នាង Sineenat Wongvajirapakdi ដោយសារតែអ្នកម្នាងមិនមានភាពស្មោះត្រង់។ នេះបើតាមសារព័ត៌មាន BBC ដកស្រង់ប្រភពពីព្រះបរមរាជវាំងថៃ កាលពីអំឡុងខែតុលា ឆ្នាំ២០១៩ កន្លងទៅ។
ទោះយ៉ាងណា បើតាមប្រភពពីបណ្តាញសារព័ត៌មានថៃជាច្រើន នាពេលថ្មីៗនេះស្រាប់តែបានចុះផ្សាយឲ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ Vajiralongkorn ដែលជាស្តេចសោយរាជ្យក្នុងរជ្ជកាលទី១០ នេះ បានសម្រេចព្រះរាជហប្ញទ័យប្រទានមុខតំណែង និងឋានៈគ្រឿងឥស្សរិយយសសាជាថ្មីដល់អ្នកម្នាង Sineenat ឡើងវិញទាំងអស់។
ជាក់ស្តែង បើងាកមើលសេចក្តីសម្រេចរបស់ព្រះរាជវាំងថៃវិញ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ អ្នកម្នាង Sineenat ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឲ្យកាន់តំណែងជាអ្នកម្នាងឡើងវិញ ព្រមជាមួយឋានៈផ្សេងៗទៀតនៅក្នុងព្រះរាជវាំងផងដែរ។
គួរបញ្ជាក់ថា អ្នកម្នាង Sineenat Wongvajirapakdi ត្រូវបានផ្ដល់គោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) កាលពីខែកក្កដា កន្លងទៅ ដែលមានរយៈពេលពីរខែ បន្ទាប់ពីព្រះបាទ Maha Vajiralongkorn រៀបអភិសេក និងតែងតាំងអគ្គមហេសីព្រះនាម Suthida ជាផ្លូវការ។
តែទោះយ៉ាងណា អ្នកម្នាង Sineenat Wongvajirapakdi ត្រូវបានដកហូតតំណែង និងរាល់តួនាទីទាំងអស់ ក្នុងនោះរួមមានទាំងគោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) ផងដែរ ដោយសារតែមិនមានភាពស្មោះត្រង់ចំពោះព្រះបាទ Maha Vajiralongkorn និងព្រះអគ្គមហេសី សុធីតា (Suthida) ពោលគឺអ្នកម្នាងរូបនេះមានមហិច្ឆតាលើកតម្កើងខ្លួនឱ្យមានឋានៈស្មើនឹងព្រះអគ្គមហេសី៕ ដោយ៖ លឹម ហុង