ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អតីតកំពូលតារាចម្រៀងដ៏ល្បីឈ្មោះ ទូច ស៊ុននិច បានធ្វើឲ្យបងប្អូនមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបានឃើញនាងបង្ហើរបទចម្រៀងមួយបទជាលើកដំបូង ក្រោយពីនាងទទួលរងការបាញ់ប្រហារពីសំណាក់ឃាតករមិនស្គាល់មុខ កាលពីឆ្នាំ២០០៣។
គួរឲ្យកត់សម្គាល់ផងដែរថា អតីតតារាចម្រៀងសំឡេងដ៏ផ្អែមស្រទន់ ទូច ស៊ុននិច បានចាប់ផ្តើមទទួលបាននូវការចាប់អារម្មណ៍ឡើងវិញនៅលើបណ្តាញសង្គម និងបណ្តាញសារព័ត៌មាននានា ក្រោយពីនាងបានស្ងប់ស្ងាត់ពីសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំ ដែលក្នុងនោះ បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន នៅតែកោតសរសើរពីទឹកដមសម្តែងដ៏ពីរោះរបស់នាង និងព្រមទាំងជូនពរឲ្យនាងឆាប់ជាសះស្បើយ ព្រោះតែចង់ឃើញនាងបង្ហើរបទចម្រៀងជាថ្មីឡើងវិញ។
ដូចជាការរំពឹងទុក ទូច ស៊ុននិច បានធ្វើឲ្យអ្នកគាំទ្រមិនខកបំណងនោះទេ ដោយកាលពីពេលថ្មីៗនេះ នាងបានបង្ហើរបទចម្រៀងមួយបទនៅលើឆាណែល Youtube របស់នាង ដែលបទចម្រៀងនោះមានចំណងជើងថា៖ «ពាក្យមិនពិត» ដែលនាងថតកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។
តាមរយៈបទចម្រៀងថតថ្មី ដែលនាងពុំធ្លាប់ច្រៀងពីមុនមក ទូច ស៊ុននិច ក៏បានបង្ហោះសារខាងក្រោមវីដេអូយ៉ាងដូច្នេះ៖ «សូមបងប្អូនចូលរួមស្ដាប់កម្សាន្តជាមួយបទចម្រៀងថតថ្មីដំបូងរបស់នាងខ្ញុំឆ្នាំ២០២០នេះ បន្ទាប់ពីនាងខ្ញុំបានអាក់ខានថតអស់រយៈពេលជិត១៧ឆ្នាំ។
មិនពីរោះទេបងប្អូន តែនេះគឺជាការបង្ហាញពីទឹកចិត្តរបស់នាងខ្ញុំ ដែលតែងតែមានការនឹករលឹកទៅដល់បងប្អូនខ្មែរយើងទាំងអស់គ្នា និងដើម្បីឆ្លើយតបទៅនឹងការនឹករលឹករបស់បងប្អូនមកដល់ខ្ញុំ និងទឹកចិត្តរបស់បងប្អូនដែលតែងតែស្រឡាញ់ចូលចិត្តនិងគាំទ្រសំនៀងចម្រៀងនាងខ្ញុំរហូតមក ហើយចង់ស្ដាប់បទថ្មីៗរបស់ខ្ញុំ។ ឥឡូវនេះនាងខ្ញុំសូមជូនបទថតថ្មី (ដែលបទនេះខ្ញុំមិនដែលថតពីមុនមកទេ) ទៅដល់បងប្អូនជាការសណ្ដាប់និងបញ្ជាក់ថា នាងខ្ញុំមានការនឹករលឹកនិងស្រឡាញ់បងប្អូនអ្នកគាំទ្រគ្រប់ៗគ្នាណា៎…» ។
ជាមួយគ្នានេះផងដែរ បងប្អូនអ្នកគាំទ្របានសម្តែងនូវកោតសរសើរផ្សេងៗគ្នាថា៖ «ម្ចាស់ Idol ខ្ញុំទើបតែចេញចម្រៀងថ្មីគួរឲ្យស្រឡាញ់ណាស់, នឹកណាស់ នៅតែពីរោះណាស់ រាជនីសំឡេងផ្អែម, បើជាការពិតមែន ពិតជារំភើបរកពាក្យអ្វើមកថ្លែងពុំបានទេ សំឡេងព្រមទាំងកាយវិការដ៏ទន់ភ្លន់របស់គាត់ នៅតែដក់ជាប់ក្នុងក្រអៅបេះដូងខ្ញុំជានិច្ច វីរនារី» និងនៅមានពាក្យពេចន៍សរសើរជាច្រើនទៀតរាប់មិនអស់ផងដែរ។
ក៏សូមបញ្ចាក់ផងដែរថា ក្រៅពីជាតារាចម្រៀង ទូច ស៊ុននិច ក៏ជាសាស្ត្រាចា្យផ្នែកអក្សខ្មែរម្នាក់ និងជាគ្រូបង្រៀននៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ៕ ដោយ៖ លឹម ហុង