ភ្នំពេញ៖ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ និង ឧកញ៉ា វង្ស ប៊ុនហេង អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ នឹងមន្ត្រីលេខាធិការដ្ឋាន បានអញ្ជើញទៅទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី លោកបណ្ឌិត អ៊ុក ម៉ាការា នាយក CARDI និងសហការី។
គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឹដើម្បីសិក្សាស្វែងយល់អំពីសកម្មភាពការងារសំខាន់របស់ CARDI ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍពូជស្រូវ នាពេលកន្លងមក ដើម្បីអាចឈានទៅរកការពិភាក្សាពីលទ្ធភាព នៃកិច្ចសហការរវាងភាគីទាំងបី រួមមាន សហព័ន្ធស្រូវអង្ករកម្ពុជា CAVAC និង CARDI ក្នុងទិសដៅលើកកម្ពស់ពូជស្រូវដែលមានគុណភាព និងទីផ្សារ សម្រាប់ពង្រឹងវិស័យកសិកម្មកម្ពុជា ក៏ដូចជាដើម្បីជំរុញការនាំចេញផងដែរ។
ដំណើរទស្សនកិច្ចនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី លោកបណ្ឌិត អ៊ុក ម៉ាការា នាយក CARDI និងសហការី។ ដំណើរទស្សនកិច្ចនេះ ក៏សម្របសម្រួល និងបានការចូលរួមពី តំណាងមកពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដែលមានលោក Edo Lin ប្រធានគម្រោងកិនកែច្នៃ និងនាំចេញ ជាមួយនឹងអ្នកសហរី ជា ពន្លឺ ព្រមទាំងសហការីផងដែរ។
ជាលទ្ធផលបន្ទាប់ពីទស្សនកិច្ច និងកិច្ចប្រជុំពិភាក្សានេះ ចំណុចសំខាន់ៗមួយចំនួនបានឯកភាព រួមមាន ១. ការគ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នា (MOU)លើការងារអភិវឌ្ឍន៍ថ្មីៗ និងការរៀបចំបង្កើតម៉ាកសមូហភាព (collective marks) របស់ពូជស្រូវដែលទើបបញ្ចេញថ្មី (SKO 01), ២. ការផ្សព្វផ្សាយ និងការរៀបចំយុទ្ធសាស្ត្រទៅលើពូជស្រូវដំណើបស្បៃមង្គលរបស់ CARDI ដើម្បីជំរុញការនាំចេញទៅប្រទេសចិន និងការប្រើប្រាស់ក្នុងស្រុក និង សិក្សាពីពូជស្រូវរបស់កម្ពុជាប្រភេទអង្ករបាយទន់ ដើម្បីបំរើទីផ្សារនាំចេញជាពិសេសប្រទេសចិន។
បន្ទាប់ពីការធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ផ្ទាល់នៅវិទ្យាស្ថាន ស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម្ពុជា CARDI ឧកញ៉ា ប្រធានសហព័ន្ធ និង អ្នកចូលរួមបានវាយតម្លៃ និងកោតសរសើរខ្ពស់លើស្នាដៃ ការដឹកនាំដែលបានសម្រេច និងកំពុងអនុវត្តន៍ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា រីករាយ និងមានសេចក្តីសោមន្សបំផុតចំពោះថ្នាក់ដឹកនាំវិទ្យាស្ថានដែលអនុញ្ញាត និងផ្តល់កិច្ចសហប្រតិបត្តិដល់សហព័ន្ធស្រូវអង្ករកម្ពុជាលើការសិក្សារ ក្នុងការអភិវឌ្ឍន៍ពូជស្រូវនៅពេលខាងមុខជាបន្តរទៀត៕
ដោយ៖CEN