Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ និង JICA ចុះហត្ថលេខា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​សម្រាប់​គម្រោង ធ្វើឱ្យ​ប្រសើរឡើង​ប្រព័ន្ធ​ភស្តុភា​រកម្ម​នៅ​កម្ពុជា​

​ភ្នំពេញ ៖ ឯកឧត្ដម ស៊ុន ចាន់ថុល បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​សម្រាប់​គម្រោង ធ្វើឱ្យ​ប្រសើរឡើង​ប្រព័ន្ធ​ភស្តុភា​រកម្ម​នៅ​កម្ពុជា​(​ដំណាក់កាល​ទី​២)​។

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា ការធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ និង​ការធ្វើឱ្យ​ប្រសើរឡើង​ច្រកទ្វារព្រំដែន​អន្តរជាតិ ក៏ដូចជា​ការបើក​ច្រកទ្វារ​អន្តរជាតិ​ថ្មី​ជាមួយ​ប្រទេសជិតខាង គឺជា​កម្លាំងចលករ​លើ​ក​កម្ពស់​វិស័យ​ភស្តុភារ​កម្ម​ដែល​អាច​ប្រកួតប្រជែង​បានជា​មួយ​ប្រទេស​ក្នុង​តំបន់​។​

ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានភាព​ច្រកទ្វារព្រំដែន​ស្ទឹង​បត់​-​បាន​ណង​អៀង ដោយ​កម្ពុជា​បានស្នើ​ភាគី​ថៃ​ដាក់ឱ្យ​ដំណើរការ​បណ្ដោះអាសន្ន ពោលគឺ​បើក​ឱ្យ​រថយន្ត​ដឹកទំនិញ​(​កុង​ទី​ន័​រ​) ចេញចូល​តាម​ច្រក​ស្ទឹង​បត់ ចំណែក​ការបំពេញ​បែបបទ​ឯកសារ​ត្រូវធ្វើ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​កត្តា​ផ្សេងៗ ដែល​ចាំបាច់​សម្រាប់​ទ្រទ្រង់​គម្រោង​នេះ រួមមាន​បទដ្ឋាន​គតិ​យុ​ត្តិ ប្រភព​ហិរញ្ញប្បទាន និង​ការចូលរួម​ពី​វិស័យ​ឯកជន ព្រមទាំង​ការបង្កើត​នូវ​មជ្ឈមណ្ឌល​ទិន្នន័យ​ភស្តុភា​រកម្ម ការប្រើប្រាស់​កម្មវិធី​ព័ត៌មានវិទ្យា​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​ឯកសារ​ផងដែរ​។​

ជាមួយគ្នានេះ តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​អន្តរជាតិ​ជប៉ុន ​បានបង្ហាញ​ការគាំទ្រ​លើ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​វិស័យ​ភស្តុភា​រកម្ម និង​ដឹកជញ្ជូន ជាពិសេស​ការធ្វើឱ្យ​ប្រសើរឡើង​ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា ​ជាមួយ​ប្រទេសជិតខាង ដើម្បី​លើកកម្ពស់​ឧត្ដមប្រយោជន៍​សេដ្ឋកិច្ចជាតិ​៕
ដោយ៖CEN

×