តាកែវ៖ កងកម្លាំងអាវុធហត្ថខេត្តតាកែវ បានធ្វើការឆ្មក់បង្ក្រាបទីតាំងចែកចាយសារធាតុញៀនមួយកន្លែង នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ដកហូតបានសារធាតុញៀនចំនួន ៥០១ក្រាម ស្មើនឹងកន្លះគីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ ។
សូមបញ្ជាក់ផងដែរថា ការឆ្មក់បង្ក្រាបបានទីតាំងចែកចាយគ្រឿងញៀនដ៏ធំនៅក្នុងស្រុកទ្រាំងនេះ គឺមានការដឹកនាំបញ្ជារផ្ទាល់ដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត និងរួមសហការដោយការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តតាកែវ ទើបឈានទៅដល់ការបង្ក្រាបទីតាំងចែកចាយនៅសារធាតុញៀនដុះស្លែនេះបានជោគជ័យ ។
បើតាមការឲ្យដឹងពីលោក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ការបង្ក្រាបទីតាំងចែកចាយសារធាតុញៀនដុះស្លែខាងលើនេះបាន គឺដោយទទួលដំណឹងពីភ្នាក់ងារសម្ងាត់ រួចលោកដឹកនាំកម្លាំងចុះឡោមព័ទ្ធទីតាំង និងមានការសហការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង កងកម្លាំងយើងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យជាស្ត្រីម្នាក់ឈ្មោះ ប៉ាល់ ថាវ អាយុ ២៣ឆ្មាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងដកហូតបានម្សៅក្រាមសថ្លា ចំនួន ១៤កញ្ចប់ មានទម្ងន់ ៥០១ក្រាម ស្មើនឹងកន្លះគីឡូក្រាម ជញ្ជីងថ្លឹង ២ ទូរស័ព្ទដៃ ១គ្រឿង ។
បើតាមចម្លើយសារភាពរបស់ស្ត្រីដែលជាជនសង្ស័យខាងលើ បានឲ្យដឹងថា ថ្នាំញៀនទាំងនេះ មិនមែនជារបស់នាងនោះទេ គឺជារបស់ប្តីរបស់នាងដែលមានឈ្មោះ មេង សេងហ៊ុយ ដែលបានរត់គេចខ្លួនបាត់ បន្ទាប់ពីក្រុមសមត្ថកិច្ចបានចូលមកដល់ក្នុងផ្ទះ ។
ចំពោះករណីនេះដែរ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យជាស្ត្រី រួមជាមួយវត្ថុតាងទៅតុលាការ ចំណែកឯជនសង្ស័យជាប្តីឈ្មោះ មេង សេងហ៊ុយ កម្លាំងជំនាញយើងកំពុងធ្វើការស្រាវជ្រាវរកសាវតារ ដើម្បីសុំគោលការណ៍ពីតុលាការចេញដីកា ធ្វើការតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ ៕ដោយ៖ តាកែវ