ភ្នំពេញ៖ ធនាគារពិភពលោក (Word Bank) បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០នេះ នឹងមានកំណើនអវិជ្ជមាន គឺ -២% ជាការធ្លាក់ចុះយ៉ាងគំហុកបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់កម្ពុជា ជាហេតុប៉ះពាល់ធ្ងន់ធ្ងរទៅលើសុខុមាលភាពគ្រួសារ និងអាចធ្វើឲ្យភាពក្រីក្រកើនឡើងទៀតផង។
សេដ្ឋកិច្ច និងក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ជាពិសេស វិស័យសំណង់, ទេសចរណ៍, និងការនាំចេញទំនិញនៅតែបន្តរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិ ដែលបង្កឡើងដោយការរាលដាលជំងឺកូវីដ១៩។
រដ្ឋាភិបាលបានធ្វើអន្តរាគមន៍ផ្នែក ហិរញ្ញវត្ថុក្នុងកម្រិតមួយដែលមិនធ្លាប់មានក្នុងទំហំ ៥ភាគរយនៃផ.ស.ស អមដោយគោលនយោបាយផ្នែករូបិយវត្ថុសម្រាប់ជួយសម្រួលស្ថានភាពទៀតផង។ ពេលនេះសំខាន់ណាស់ដែលអាជ្ញាធរកម្ពុជា គប្បីត្រៀមរៀបចំយុទ្ធសាស្ត្រ មានប្រសិទ្ធភាពមួយសម្រាប់ស្តារសេដ្ឋកិច្ចឲ្យរើបឡើងវិញនៅក្រោយវិបត្តិកូវីដ១៩។
នៅមុនពេលមានវិបត្តិសកលកើតឡើងដោយសារការផ្ទុះរាលដាលជំងឺកូវិដ១៩ កម្ពុជាមានសេដ្ឋកិច្ចដែលមានកំណើន ដល់ទៅ ៧,១ភាគរយក្នុងឆ្នាំ២០១៩។ នៅឆ្នាំ២០២០នេះ ការរាលដាលជំងឺនេះ បានប៉ះពាល់យ៉ាងដំណំទៅលើក្បាល ម៉ាស៊ីនកំណើនធំៗរបស់កម្ពុជា ពិសេស វិស័យសំណង់, ទេសចរណ៍ និងផ្នែកនាំចេញទំនិញ ដែលទាំងអស់នេះ មានចំណែកជាង ៧០ភាគរយ ក្នុងកំណើនសរុប និង ៣៩ភាគរយ នៃការងារមានប្រាក់កម្រៃទាំងអស់ ក្នុងឆ្នាំ២០១៩។ ប៉ុន្តែ ជំងឺកូវីដ១៩ បានធ្វើឲ្យវិស័យសំណង់និងអចលនទ្រព្យនៅទ្រឹង ដែលជាវិស័យមានការពឹងពាក់ខ្លាំងទៅលើការ វិនិយោគពីបរទេស។ ការនាំចូលដែកនិងស៊ីម៉ងត៍ក្នុងអំឡុង ៦ខែដំបូងនៃឆ្នាំ២០២០ បានធ្លាក់ចុះ ៤៥,១ភាគរយ និង ៨,២ភាគរយ រៀងៗខ្លួន ប្រៀបធៀបទៅនឹងឆ្នាំមុន ដោយគម្រោងសាងសង់ធំៗមួយចំនួនត្រូវផ្អាកសកម្មភាព។
ដូចគ្នានេះដែរ ការរាលដាលជំងឺទាញវិស័យនាំចេញ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាបានដួលរលំ ដោយសារតែការរឹតត្បិតលើការធ្វើដំណើរ និងវិធានការរាំងខ្ទប់ឲ្យនៅមួយកន្លែង។ ចំនួនភ្ញៀវមកដល់បានធ្លាក់ចុះប្រហែល ៦៤,៦ភាគរយ ក្នុងកំឡុងពេល ៦ខែដំបូងនៃឆ្នាំ២០២០។ ការធ្លាក់ចុះយ៉ាងគំហុកនូវតម្រូវការលើសកលលោក បានបណ្តាលឲ្យវិស័យ កមន្តកម្មរបស់កម្ពុជាចុះខ្សោយ។ ការនាំចេញផលិតផលកាត់ដេរ, សម្ភារធ្វើដំណើរ និងស្បែកជើង បានធ្លាក់ចុះ ៧,២ភាគរយ ក្នុងកំឡុងពេល ៦ខែដំបូងនៃឆ្នាំ២០២០ ហើយទន្ទឹមគ្នានោះ ការនាចូលក្រណាត់សម្រាប់យកមកកាត់ដេរ បានធ្លាក់ចុះ ៨៥,៤ភាគរយ។
ការឡើងថ្លៃម្ហូបអាហារក្នុងពេលថ្មីៗនេះ បានរុញអតិផរណាឲ្យឡើងដល់ ៣,១ភាគរយ ក្នុងខែកក្កដា ឆ្នាំ២០២០។ ការនាំចូលធ្លាក់ចុះខ្លាំង ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវការស្រុតចុះតម្រូវការក្នុងស្រុក។ ការនាំចូលរថយន្តគ្រួសារនិងម៉ូតូ ដែលជាទំនិញនាំចូលប្រើមកយូរហើយនៅកម្ពុជា បានទាញធ្លាក់ចុះ ២១,៨ភាគរយ និង ៣០,៩ភាគរយ រៀងៗខ្លួន។ ដោយសារការធ្លាក់ចុះនៃការនាំចេញ មានទំហំច្រើនជាងការទូទាត់នៃការនាំចូល វាធ្វើឲ្យឱនភាពគណនេយ្យចរន្តរីកធំ ហើយត្រូវបានព្យាករទុកថា នឹងឡើងដល់ ១២,៨ភាគរយនៃផ.ស.ស ក្នុងឆ្នាំ២០២០ ប្រៀបធៀបទៅនឹងអត្រា ១០ភាគរយនៃផ.ស.ស ក្នុងឆ្នាំ២០១៩ ដែលគេរំពឹងថា ចាំបាច់ត្រូវមានការហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស ដើម្បីជួយទ្រទ្រង់។ ទុនបម្រុងជាតិសរុបត្រូវបានព្យាករទុកថា នឹងនៅមានត្រឹម ១៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ ឬសមមូលរយៈពេល ៧ខែនៃការនាំចូល៕
ដោយ៖CEN