តាកែវ៖ ឆ្លងកាត់ការប្រកួតកីឡាយ៉ាងស្វីតស្វាញអស់រយៈពេល ៤ថ្ងៃ កន្លងមកចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ មកដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០នេះ គណៈកម្មការរៀបចំការប្រកួតនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ បានរកឃើញម្ចាស់ជ័យលាភីហើយ ។
ថ្លែងក្នុងឳកាសបិទវគ្គការប្រកួតកីឡាជ្រើសរើសជើងឯកទូទាំងខេត្តសិស្សមធ្យមសិក្សា នារសៀលថ្ងៃទី២៨ ខែកញ្ញានេះ នៅទីលានបាល់ទាត់សាលាគរុកោសល្យនិងវិក្រិតការខេត្ត លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជននិងកីឡា បានជំរុញនិងលើកទឹកចិត្តដល់ក្រុមកីឡាករកីឡាការិនី ដែលទទួលបានជ័យលីភី ត្រូវតែបន្តហ្វឹកហាត់បន្ថែមទៀត ទៅលើបច្ចេកទេសនៃការលេងកីឡា នីមួយៗ ។
លោកបន្តថា នៅក្នុងការរៀបចំប្រកួតកីឡានេះដែរ គឺមន្ទីរបានគោរពទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយមុនការប្រកួត គឺមន្ទីរបានបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើការវាស់កម្តៅគ្រប់កីឡាករទាំងអស់ និងតម្រូវអោយរក្សាគម្លាតពីរគ្នា ២ម៉ែត្រ ។
លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ បានលើកឡើងថា នេះជាលទ្ធផលមួយដែលធ្វើអោយយើងបានដឹងច្បាស់ថា នៅក្នុងខេត្តរបស់យើងបាននឹងកំពុងតែមានចលនាផុលផុស លើសវិស័យកីឡាបាល់ទាត់ បាល់ទះ និងកីឡាបាល់បោះខ្លាំង ក៏ដូចជាអ្នកគាំទ្រផងដែរ ដូច្នេះដើម្បីពង្រឹងការងារកីឡានេះឡើងវិញ គណៈគ្រប់គ្រងនៅការិយាល័យអប់រំកាយ និងកីឡានៅតាមបណ្តាស្រុកនានាក្នុងខេត្តតាកែវ ចាប់ពីពេលនេះតទៅ ត្រូវតែជំរុញដល់ការលេងកីឡា នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានផុលផសឡើងវិញ ពីព្រោះការលេងកីឡា បានជួយឲ្យរាងកាយរបស់យើងមានភាពមាំមួន មានសុខភាពល្អ និងបានជៀសឆ្ងាយពីអំពើឧបាយមុខ និងគ្រឿងញៀនផងដែរ ។
សូមបញ្ជាក់ផងដែរថា ចំពោះម្ចាស់ជ័យលីភីលើការប្រកួតកីឡាជ្រើសរើសជើងឯកកម្រងសិស្សមធ្យមសិក្សាទូទាំងខេត្តតាកែវ ឆ្នាំ២០១៩-២០២០ នេះវិញ្ញាសាកីឡាបាល់ទាត់បុរស លេខ១ បានទៅលើក្រុមបាល់ទាត់កម្រងសិស្សមធ្យមសិក្សាស្រុកបាទី លេខ២ ក្រុមបាល់ទាត់កម្រងសិស្សមធ្យមសិក្សាស្រុកគីរីវង់ និងលេខ ៣ បានទៅលើក្រុមកីឡាបាល់ទាត់កម្រងសិស្សមធ្យមសិក្សាក្រុងដូនកែវ និងចំណាត់ថ្នាក់លើវិញ្ញាសាជាច្រើនទៀត។
សូមបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់កម្រងមធម្យសិក្សានេះ លើវិញ្ញាសាបាល់ទាត់បុរសគឺក្រុមបាល់ទាត់ស្រុកគីរីវង់ ប្រកួតជាមួយនិងក្រុមបាល់ទាត់ស្រុកបាទី ដោយក្នុងការប្រកួតក្នុងតង់ទី១ នៅនាទី ២២នាទី ក្រុមបាល់ទាត់ស្រុកគីរីវង់បានស៊ុតបញ្ចូលទីបាន ១គ្រាប់ដោយកីឡាករលេខ ១០ ទៅលើស្រុកបាទី លុះមកតង់ទី ២ ក្នុងនាទី ៤៨ ក្រុមបាល់ទាត់ស្រុកបាទី បានទាត់ចូលមួយគ្រាប់វិញតាមស្មើបានសម្រេចជាមួយនឹងស្រុកគីរីវង់ លុះមកដល់នាទី ៥៣ ជិតចប់តង់ទី២ ក្រុមបាល់ទាត់ស្រុកបាទី បានរកបាន ១គ្រប់ទៀត នាំមុខក្រុមបាល់ទាត់ស្រុកគីរីវង់ ក្នុងលទ្ធផល ២ ទល់ ១ បញ្ចប់ការប្រកួត ក្រុមបាល់ទាត់កម្រងមធម្យសិក្សា ស្រុកបាទី ជាម្ចាស់ជើងឯកលើវិញ្ញាសាបាល់ទាត់បុរស ប្រចាំឆ្នាំសិក្សា ២០១៩ ២០២០ ប្រចាំខេត្តតាកែវ រីឯស្រុកគីរីវង់ជាជើងឯករង ៕ដោយ៖ តាកែវ