ភ្នំពេញ៖ ការប្រកាសលទ្ធផលប្រឡង Miss Grand Cambodia កាលពីថ្ងៃម្សិលមិញបានបញ្ចប់ដោយភាពរីករាយ និងរំភើបយ៉ាងខ្លាំងពីសំណាក់ម្ចាស់ជ័យលាភី ដែលលេខ១ បានទៅលើបេក្ខនារីមកពីខេត្តកំពង់ធំ និងលេខ២ បានទៅលើបេក្ខនារីមកពីខេត្តព្រះសីហនុ។
ទោះបីជាយ៉ាងណាក៏ដោយ មហាជនមានការតក់ស្លុត និងអាណិតអាសូរយ៉ាងខ្លាំង ចំពោះអ្នកច្នៃម៉ូតសម្រាប់ Miss grand ខេត្តត្បូងឃ្មុំ ដោយសារតែបានរៀបរាប់យ៉ាងកម្សត់ថា នាថ្ងៃប្រឡងខ្លួនដាច់បាយមួយថ្ងៃទល់ល្ងាច ព្រោះជីវភាពក្រីក្រពេក សូម្បីតែលុយជិះរថយន្តយកឈុតមកប្រឡងក៏គ្មានផង។
ក្នុងសំណេរយ៉ាងវែងអន្លាយដែលបង្ហោះក្នុងគណនីហ្វេសបុកមួយដែលមានឈ្មោះថា សំអាងការកូលាបស ត្បូងឃ្មុំ បានរៀបរាប់ថា «ម្ចាស់ឈុត miss grand ខេត្តត្បូងឃ្មុំបានមកដល់ផ្ទះហើយ ខ្ញុំសុំទោសពុកម៉ែបងប្អូនដែលថ្ងៃឡើងទទួលពានរង្វាន់ ដែលខ្ញុំពាក់សម្លៀកបំពាក់មិនសមរម្យ តែខ្ញុំមិនមានថវិកាទិញសម្លៀកបំពាក់ស្អាតៗដូចគេទេ ព្រោះខ្ញុំជាអ្នកក្រ ខ្ញុំសូមអរគុណឪពុកម្ដាយរបស់ miss grand ខេត្តក្រចេះដែលគាត់ជួយឲ្យកន្លែងស្នាក់នៅ ដល់រូបខ្ញុំហើយចេញលុយថ្លៃឡានឱ្យខ្ញុំមកផ្ទះវិញ គាត់ពិតជាចិត្តល្អខ្លាំងណាស់ខ្ញុំសូមអរគុណហើយខ្ញុំក៏អរគុណមី skrein ត្បូងឃ្មុំដែលគាត់ជួយឲ្យខ្ញុំប្រលងឈ្នះសម្លៀកបំពាក់បុរាណ តំណាងខេត្តត្បូងឃ្មុំ ដែលគាត់ជាអាយដលខ្ញុំខ្លាំងណាស់កញ្ញា ស ចាន់ដាលីន អ្នកខ្លះទៀតគាត់ស្មានតែខ្ញុំទៅប្រឡងបានញ៉ាំអ្វីឆ្ងាញ់ៗ តែតាមការពិតខ្ញុំរកតែលុយទិញបាយហូបថ្ងៃទៅប្រឡង មិនបានផង ខ្ញុំបានអត់បាយមួយថ្ងៃទល់ល្ងាច ទាល់តែគេប្រឡងហើយម៉ោង 3:00 ឃើញខ្ញុំសប្បាយសើច តែក្នុងចិត្តខ្ញុំពិបាកជាងស្អីទៀត ខ្ញុំឃ្លានបាយតែខ្ញុំធ្វើដូចជាអ្នកហូបបាយរួច ខ្ញុំទ្រាំខ្លាំងណាស់ កម្មវិធីឌីជេទិញបាយឲ្យហូប តែគេមិនបានដឹងថាខ្ញុំជាជនជាតិអ៊ីស្លាម ខ្ញុំហូបបាយសាច់ជ្រូកមិនបានទេ ត្រូវខ្ញុំអត់បាយ ព្រោះខ្ញុំមិនមានលុយទិញបាយហូប។
ក្រោយបង្ហោះមិនបានប៉ុន្មាននាទីផង មានអ្នកលេងបណ្តាញសង្គមហ្វេសបុកជាច្រើន សម្តែងក្តីអាណិតអាសូរដល់អ្នកច្នៃម៉ូតសម្លៀកបំពាក់ តំណាងខេត្តត្បូងឃ្មុំជាពន់ពេក៕ ដោយ៖ កូលាប ក្រហម