ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក ដែលកំពុងទទួលបានជោគជ័យខ្លាំង ក្រោយចាប់ដៃសាងស្នេហ៍ជាមួយ ជី ដេវីត ជារឿយៗតែងបង្ហោះពីភាពជោគជ័យរបស់ខ្លួន តាមរយៈការទិញដូរគ្រឿងពេជ្រ រថយន្តសេរីទំនើប និងដំណើរកម្សាន្តនៅបរទេសជាដើម កាលពីថ្ងៃម្សិលមិញបានឡាយវីដេអូបង្ហាញអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ទៅកាន់បុរសម្នាក់ដែលបានខមិនពាក្យសម្តីអសុរោះហាក់មើលងាយមកកាន់នាងនិងអ្នកមានដែលទើបងើបពីក្រ។
ក្នុងវីដេអូឡាយនៅក្នុងរថយន្តជាមួយ ជី ដេវីត ទេព បូព្រឹក បាននិយាយទាំងឆួលចុងច្រមុះ អួលដើមក ទប់ទឹកភ្នែកស្ទើរមិនជាប់ ខឹងចិត្តដែលមិនគួរណាបុរសម្នាក់នោះហ៊ានមើលងាយខ្លួនដល់ថ្នាក់នេះ។ ដោយចោទជាសំនួរជាច្រើនទៅកាន់បុរសខាងលើ ថាតើខុសត្រង់ណាបើគ្រាន់តែខ្លួនបង្ហោះពីទ្រព្យសម្បត្តិលុយកាក់ ដែលរកបានពីសមត្ថភាព ញើសឈាម និងរបរសុច្ចរិតសុទ្ធសាធនោះ? តើគ្រាន់តែចង់ចែករំលែក បង្ហាញទៅកាន់ហ្វេនៗពីអ្វីដែលខ្លួនជោគជ័យខុសដែរមែនទេ? ម្យ៉ាងទៀត នាងគ្រាន់តែចង់បង្ហាញទៅកាន់ហ្វេនៗរបស់នាងថា មិនចាំបាច់ទាល់តែប្រកបរបរទុច្ចរិតដែលសង្គមស្អប់ខ្ពើមទើបជោគជ័យនោះទេ ឲ្យតែមានការតស៊ូលើការងារដែលខ្លួនស្រឡាញ់យូរឬឆាប់គង់តែជោគជ័យ។ មិនត្រឹមតែប៉ុន្នោះនាងបានបន្ថែមថា កុំតែបុរសខាងលើលុបខមិនទាន់ទេ កុំអីនាងនឹងមិនលើកលែងឲ្យដាច់ខាត ព្រោះពិតជាពិបាកទទួលយកនូវសម្តីប្រមាថមើលងាយទាំងរស់នោះណាស់។
យ៉ាងណាក៏ដោយវីដេអូនោះត្រូវបានលុបចោលភ្លាមក្រោយបញ្ចប់ការឡាយ ដោយហ្វេនៗសង្ស័យថា ទំនងជានាងមិនចង់រំលឹកពីមនុស្សបែបនោះ ឬមិនចង់មានរឿងវែងឆ្ងាយ៕ ដោយ៖ កូលាប ក្រហម