តាកែវ៖ ដោយមើលឃើញពីកត្តាសោភ័ណភាព និងភាពស្រស់បំព្រងនៅក្នុងទីក្រុងដូនកែវ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តនៅសួនច្បារ និងនៅតាមផ្លូវខ្នងទំនប់បឹងតាកែវ សូមកុំចោលសំរាមពាសវាលពាសកាលនៅតាមដងផ្លូវ និងសួរច្បារសាធារណៈ ព្រោះវាធ្វើឲ្យបាត់បង់នៅសោភ័ណភាពទីក្រុង ព្រមទាំងធ្វើឲ្យទីកន្លែង ដែលមានខ្យល់ឱកាសបរិសុទ្ធ ក្លាយទៅជាកន្លែងដ៏កខ្វក់ បាត់បង់បរិយាកាសធម្មជាតិ ដូច្នេះដើម្បីរក្សាទីកន្លែងដែលមានខ្យល់ឱកាសបរិសុទ្ធនេះបាន សូមឲបងប្អូនប្រជាពលរដ្ឋទាំងអស់ ងកម្សាន្តនៅទីនេះ រួមគ្នាសម្អាតបរិស្ថានទាំងអស់គ្នា ត្រូវចេះវេចខ្ចប់សំរាមទាំងនោះឲ្យបានល្អស្អាត រួចយកមកចោលក្នុងធុងសំរាម ។
លោកអភិបាលក្រុងដូនកែវថ្លែងបែបនេះ ក្នុងពេលដែលលោក រួមជាមួយក្រុមការងារចុះពិនិត្យ ការស្តារនិងទាញយក កក់ ស្មៅ និងកំប្លោកចេញពីផ្ទៃបឹង ដើម្បីសោភ័ណភាពបឹងឲ្យសភាពស្រស់ស្អាតឡើងវិញ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នេះ ព្រោះបឹងតាកែវជាប្រភពទឹកដ៏សំខាន់សម្រាប់បម្រើឲ្យប្រជាពលរដ្ឋទូទាំងក្រុងដូនកែវ ក្នុងខេត្តតាកែវ ។
សូមបញ្ជាក់ផងដែរថា ផ្ទៃបឹងតាកែវនេះមានទំហំ ៤៤៥ហិកតា ដែលអាចស្តុកទឹកបាន ១២លានម៉ែត្រគីប ហើយសព្វថ្ងៃមានប្រជាពលរដ្ឋនៅក្នុងក្រុងកែវ ជាង ៤ម៉ឺននាក់ បាននិងកំពុងប្រើប្រាស់ទឹកស្អាតជាប្រចាំ និងសម្រាប់បង្ហូរស្រោចស្រពដំណាំកសិកម្មស្រែប្រាំងដែលមានក្នុងក្រុង ជិត ៣០០ហិកតា ថែមទៀត ៕ដោយ៖តាកែវ