តាកែវ៖បិទបញ្ចប់ការប្រកួតកីឡាបាល់ទាត់ហ្វូតសាលយុវជនក្រោមអាយុ១៨ឆ្នាំ ដណ្តើមពានរង្វាន់យុវជនភ្នំដិនស្រុកគីរីវង់ខេត្តតាកែវ កាលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាការរៀបចំការប្រកួតរកឃើញម្ចាស់ជ័យលាភីហើយ ក្នុងនោះម្ចាស់ជ័យលាភីជាជើងឯកចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមបាល់ទាត់យុវជនរតនៈភ្នំដិន ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមបាល់ទាត់សិរីវង់ ចំណាត់ថ្នាក់លេខ ៣ ក្រុមបាល់ទាត់ព្រៃយុទ្ធការ ។
លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងនគរបាលខេត្តតាកែវ ដែលជាអ្នកផ្តួចផ្តើមបំផុលបំផុសចលនាកីឡា នៅតាមមូលដ្ឋាននៃស្រុកគីរីវង់មានប្រសាសន៍ថា ការរៀបចំប្រកួតកីឡានេះឡើង គឺមានគោលបំណងសំខាន់ចង់ឲ្យក្មេងៗជំនាន់ក្រោយ ដែលជាយុវជនទំពាំងស្នងឬស្សីនៅក្នុងស្រុក អោយងាកមកលេងកីឡាឲ្យបានច្រើន ចៀសវាងក្មេងៗយុវជនទាំងនោះ យកពេលទំនេរទៅប្រព្រឹត្តអំពើឧបាយមុខពាលាអាវ៉ាសែ និងចៀសឆ្ងាយពីគ្រឿងញៀន ។
លោកបន្តថា ការផ្តួតផ្តើមបំផុសចលនាឲ្យការលេងកីឡានៅក្នុងស្រុកគីរីវង់នេះ គឺមិនមែនមានតែរូបលោកនោះទេ គឺមានការចូលរួមនិងជួយជ្រោមជ្រែងខ្លាំង ពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងបណ្តាសប្បុរសជននានា ក្នុងស្រុកផ្ទាល់បានចូលរួមផ្តួចផ្តើមគំនិតនេះឡើង ដើម្បីឲ្យក្មេងៗនៅក្នុងមូលដ្ឋាន ចូលរួមលេងកីឡាឲ្យបានច្រើន ដើម្បីសុខភាព និងមិត្តភាព ចៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសគឺបានរួមចំណែកច្រើនក្នុងការកាត់បន្ថយ នៅសកម្មភាពក្មេងទំនើងថែមទៀត ។
លោកស្នងការរងបន្តថា សកម្មភាពការប្រកួតកីឡានេះ យើងសង្កេតឃើញថា ក្មេងៗយុវជន និងអណាព្យាបាលក្មេងៗនៅក្នុងស្រុកគីរីវង់ គឺមានការចូលរួមគាំទ្រយ៉ាងច្រើនមែនទែន ហើយលោកនិងបន្ត បង្កើតនៅសកម្មភាពប្រកួតកីឡាបែបនេះឡើងបន្តទៀត ដើម្បីទាញយុវជនទាំងនោះឲ្យងាកមករកការលេងកីឡាឲ្យបានច្រើនឡើងវិញ ។
ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានេះដែរ ប្រធានការិយាល័យអប់រំកាយនិងកីឡា ខេត្តតាកែវ លោក ឡាយ សែម បានយល់ឃើញថា ការបំផុលបំផុសនៅសកម្មភាពការប្រកួតកីឡានៅស្រុកគីរីវង់ ខេត្តតាកែវ ជាសកម្មភាពដ៏ល្អបំផុត សម្រាប់ក្មេងៗយុវជនជំនាន់ក្រោយ មានឱកាសក្លាយខ្លួនជាកីឡាករឆ្នើម និងបង្កើតបាននៅសុខភាព និងមិត្តភាពល្អ រវាងយុវជន និងយុវជន ជាអ្នកគាំទ្រ នៅតាមបណ្តាស្រុក យកពេលវេលាកីឡានេះ ចៀសឆ្ងាយពីអំពើឧបាយមុខ និងគ្រឿងញៀន ផងដែរ ។
សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់ហ្វូតសាលនេះដែរ គឺគណៈកម្មាការរៀបចំការប្រកួត បានគោរពទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល អំពីការចូលរួមទុបស្កាត់នៅការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ គឺរក្សាគម្លាតរបស់កីឡាករ ថែមទាំងតម្រូវឲ្យមានការវាស់កម្តៅ និងបាញ់អាកុលលាងដៃសម្អាតថែមទៀត ដោយមានការចូលរួមគាំទ្រពីអាជ្ញាធរស្រុក ការិយាល័យអប់រំនិងកីឡាស្រុក រួមជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពផងដែរ ៕ដោយ៖ តាកែវ