ភ្នំពេញ៖ អតីតតារាភាពយន្តស្រីដ៏ល្បីឈ្មោះ និងមានភាពលេចធ្លោលើវិថីសិល្បៈក្នុងទសវត្សរ៍ឆ្នាំ៨០ និង ៩០ អ្នកនាង អម្ពរ ទេវី បានបាត់វត្តមានអស់រយៈពេលជាង២ទសវត្សរ៍មកហើយ បន្ទាប់ពីបានដកខ្លួនពីវិថីសិល្បៈ ទៅសម្ងំរស់នៅយ៉ាងសុខសាន្ត និងពោរពេញដោយសុភមង្គល នៅឯសហរដ្ឋអាមេរិក បន្ទាប់ពីបានរៀបការស្វាមីទី២ជាអាណិកជនខ្មែរម្នាក់រស់នៅអាមេរិក នៅក្នុងឆ្នាំ២០១៤។
ដោយឡែក ងាកមកចាប់អារម្មណ៍ពីតំណក់ឈាមម្នាក់របស់អ្នកនាង អម្ពរទេវី និងអតីតស្វាមីលោកពេជ្រ ភិរុណ គឺលោក ភារុណ ហ្សូលី (Zoli Phirun) ត្រូវបានដឹងថា ក្រោយពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិករួចមក ពេលនេះ លោកបានចូលរៀនផ្នែកយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកហើយ។
ជាមួយគ្នានេះផងដែរ អ្នកនាង អម្ពរ ទេវី ក្រោយឃើញកូនប្រុសដែលប្រកបដោយគន្លងធម៌ ហើយខិតខំរៀនសូត្រ រហូតបានចូលសិក្សាផ្នែកយោធាជាន់ខ្ពស់បែបនេះ ក៏បានផ្តល់កម្លាំងចិត្តដល់កូនយ៉ាងដូច្នេះថា៖ «អបអរសាទរកូនប្រុសសម្លាញ់ ភាពក្លាហាន រឹងប៉ឹងរបស់កូនគឺជាស្នាមញញឹមរបស់ម្ដាយអស់មួយជីវិត សូមឲ្យកូនម្ដាយជួបតែសេចក្ដីសុខ Good job កូន»។
ក្នុងនោះផងដែរ ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ក៏បានសម្តែងនូវមោទនភាពជាខ្លាំង ចំពោះជោគជ័យក្នុងការសិក្សារបស់លោក ភារុណ ហ្សូលី ដែលក្នុងនាមលោកជាតំណក់ឈាមអ្នកសិល្បៈមួយរូបថា៖ «សូមអបអរសាទរ កូនខ្មែរម្នាក់បានចូលរៀនផ្នែកយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។ ហើយអ្វីដែលពិសេសនោះ គឺថាជាកូនខ្មែរម្នាក់ដែលមានឈាមជ័រទាំងឪពុក និងម្តាយជាអ្នកសិល្បៈទៀត គឺលោកស្រីអម្ភទេវី និងលោកពេជ្រ ភារុន»។
គួរបញ្ជាក់ផងដែរថា បើទោះបីជាគ្រានេះលោក ពេជ្រ ភិរុណ និងអ្នកនាង អម្ពរ ទេវី លែងលះគ្នាដាច់ស្រេចទៅហើយក្ដី ក៏ទំនាក់ទំនងអ្នកទាំងពីរត្រូវបានដឹងថានៅតែល្អប្រសើរ ដោយរាប់អានគ្នាយ៉ាងស្និទ្ធស្នាល មិនមានបញ្ហាល្អក់កករអ្វីនឹងគ្នានោះឡើយ៕ ដោយ៖ លឹម ហុង