ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០លានដុល្លារអាមេរិកក្នុងសប្តាហ៍នេះ ពីសំណាក់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវកម្មប្តូរប្រាក់ ពីព្រោះ ធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩ តម្លៃរូបិយវត្ថុភាគច្រើនក្នុងតំបន់បានប្រែប្រួល ដោយសារការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានទទួលរងការថយថ្លៃគួរឱ្យកត់សម្គាល់ ដែលក្នុងនោះប្រាក់រៀលក៏ទទួលសម្ពាធនេះផងដែរ ទោះជាការថយថ្លៃនេះមានកម្រិតទាបក៏ដោយ។
លោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាថ្លែងបញ្ជាក់ថា ជាក់ស្តែង អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២០ នេះ បានប្រែប្រួលខុសពីបណ្តាឆ្នាំមុនៗ។
លោកបន្តថា ក្នុងគោលដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងអំណាចទិញនៃប្រាក់រៀល ដែលនឹងរួមចំណែកក្សាស្ថិរភាពថ្លៃអោយនៅកម្រិតទាប និងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បានសម្រេចធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន៥០ លានដុល្លារអាមេរិក។
ការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកនេះនឹងមានការចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់។ ចំពោះអត្រាដេញថ្លៃអប្បបរមានឹងត្រូវប្រកាសពេលព្រឹកនៃថ្ងៃដេញថ្លៃជាក់ស្តែង។ ធនាគារជាតិនៃកម្ពុជា សូមអញ្ជើញ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាប័ណ្ណ និងត្រៀមលក្ខណៈចូលរួមការដេញថ្លៃតាមកាលបរិច្ឆេទ៕
ដោយ៖CEN