ភ្នំពេញ៖ ក្រុមហ៊ុនម៉ាកសញ្ញាធំៗចំនួនបីនៅក្នុងវិស័យផ្ទាល់ខ្លួនរបស់ពួកគេដូចជា ក្រុមហ៊ុនមិត្តហ្វូន ក្រុមហ៊ុនអ៊ី-ម៉ាន់នី និងក្រុមហ៊ុនព្រូដិនសលកម្ពុជាបានរៀបចំកិច្ចព្រមព្រៀងគ្នាទៅវិញទៅមកលើវិស័យទូរគមនាគមន៍ សេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មទូទាត់ប្រាក់អេឡិចត្រូនិច។
នេះគឺជាជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុនមិត្តហ្វូនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយសហគ្រាសឯកជន និងនាយកដ្ឋាននានារបស់រដ្ឋាភិបាលដើម្បីបង្កើត និងតភ្ជាប់សង្គមឌីជីថលនៅក្នុងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវបានធ្វើឡើងក្រោមវត្តមានលោក Phung Van Cuong នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន លោក Pham Doan Cuong នាយកប្រតិបត្តិក្រុមហ៊ុនអ៊ី-ម៉ាន់ និងលោក Sanjay Chakrabarty នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសលកម្ពុជា។
ក្រុមហ៊ុនទាំងបី មានគោលបំណងផ្តល់ជូននូវបទពិសោធន៍ល្អប្រសើរ សម្រាប់អតិថិជនទូរស័ព្ទចល័តទាំងអស់ដែលកំពុងប្រើប្រាស់សេវាកម្មធានារ៉ាប់រង និងទាញយកអត្ថប្រយោជន៍ពីជីវិតឌីជីថល។ ក្រុមហ៊ុនទាំងបី មានគោលបំណងផ្តល់សេវាកម្មផ្ទាល់ខ្លួនទៅដល់អតិថិជនតាមវិធីទូទាត់តាម online និងធ្វើឱ្យប្រសើរឡើងនូវសេវាកម្មធានារ៉ាប់រងតាមរយៈសេវាទូរគមនាគមន៍នៅកម្ពុជាផងដែរ។
គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរយៈពេលវែង ក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនកាបូបលុយអេឡិចត្រូនិច និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។ អាស្រ័យហេតុនេះភាគីទាំងបី នឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយដោយនៅក្នុងនោះ ក្រុមហ៊ុនមិត្តហ្វូន និងអ៊ី-ម៉ាន់នីនឹងផ្តល់ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជានូវសេវាកម្មទូទាត់តាម online តាមរយៈកម្មវិធីអ៊ី-ម៉ាន់នីសម្រាប់អតិថិជនដែលទិញនិងប្រើប្រាស់សេវាកម្មធានារ៉ាប់រង និងការបង់បុព្វលាភធានារ៉ាប់រងតាមរយៈភ្នាក់ងារ អ៊ី-ម៉ាន់នីនៅទូទាំងប្រទេស។
ក្រៅពីនេះមិត្ដហ្វូននឹងផ្តល់ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជាជាមួយនឹងសេវាកម្មផ្សេងៗដូចជា សេវាកម្មទូរស័ព្ទ Hotline (SIP TRUNK) សេវាកម្មអ៊ីនធឺណិត សេវាកម្ម ICT សេវា e-Connect សេវា SMS Brand-Name និងសេវាកម្មជាច្រើនទៀតជាមួយនឹងអត្រាតម្លៃ និងសេវាកម្មល្អ។ បន្ថែមពីនេះទៅទៀតព្រូដិនសលកម្ពុជា នឹងទទួលបានការផ្សាយពាណិជ្ជកម្មនៃសេវាកម្មធានារ៉ាប់រងរបស់ខ្លួនលើកម្មវិធីអ៊ី-ម៉ាន់នី និង MyMetfone App។ ចុងក្រោយ អតិថិជនមិត្តហ្វូនទាំងអស់នឹងទទួលបានការបើកម្មវិធី Pulse របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាដោយឥតគិតថ្លៃផងដែរ។
លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូនមានប្រសាសន៍ថា៖ “ពិតណាស់ “អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់” គឺជាទស្សនវិស័យរបស់មិត្តហ្វូនយើងជឿជាក់រួមគ្នាជាមួយតម្លៃស្នូលរបស់ព្រូដិនសល “ស្តាប់ យល់ និងចែកចាយ” ក្រុមហ៊ុនទាំងបី នឹងផ្តល់នូវសេវាកម្មផ្ទាល់ខ្លួនប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុតសម្រាប់ភ្ជាប់ និងបម្រើជូនប្រជាជននូវភាពស្ងប់ស្ងាត់ និងជួយពួកគេឱ្យមានសុខភាពល្អ ងាយស្រួលក្នុងជីវិតរស់នៅប្រចាំថ្ងៃ” ។
លោកបានបន្ថែមទៀតថា៖ “កិច្ចសហប្រតិបត្តិការនេះបានបើកផ្លូវថ្មីនៃការទូទាត់សេវាកម្មធានារ៉ាប់រង ដែលជាជំហានបន្ទាប់នៃការវិវត្តសម័យឌីជីថលរបស់យើង ដោយមិត្តហ្វូន និងអ៊ី-ម៉ាន់នីធានាជូនក្រុមហ៊ុនព្រូដិនសលកម្ពុជាជាមួយនឹងបច្ចេកវិជ្ជាទំនើបចុងក្រោយដើម្បីបម្រើជូនអតិថិជន ជាមួយនឹងភាពសុខសាន្ត សុខភាពកាន់តែល្អ និងកាន់តែមានផាសុខភាពក្នុងជីវិត” ។
លោក Sanjay Chakrabarty នាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជាបានមានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនមិត្តហ្វូន និងអ៊ី-ម៉ាន់ជួយជំរុញការវិវឌ្ឍន៍នៃការធានារ៉ាប់រង និងសេវាកម្មសុខភាពនៅកម្ពុជា ដូចដែលយើងខិតខំធ្វើឱ្យពួកគេអាចចូលរួមប្រើប្រាស់បាន និងមានតំលៃសមរម្យសម្រាប់គ្រួសារកម្ពុជាកាន់តែច្រើន។
ឥឡូវនេះអតិថិជនរបស់យើងអាចធ្វើការផ្លាស់ប្តូរគោលការរបស់ពួកគេដោយភាពងាយស្រួល កក់ក្តៅ និងសុវត្ថិភាពពីគេហដ្ឋានរបស់ពួកគេតែម្តង។ យើងក៏មានក្តីរំភើបជម្រាបជូនផងដែរ ចំពោះអតិថិជនរបស់ក្រុមហ៊ុនព្រូដិនសលនិងមិត្ដហ្វូនអាចទាញយកកម្មវិធី Pulse របស់ព្រូដិនសលកម្ពុជាបានពី App Store ឬ Google Play ដោយឥតគិតថ្លៃ” ។
អស់រយៈពេលជាងមួយទសវត្សរ៍មិត្តហ្វូនគឺជាប្រតិបត្តិករឈានមុខគេដែលមានបណ្តាញគ្របដណ្តប់ទូទាំងប្រទេស ហើយចាប់តាំងពីឆ្នាំ 2020 មកនេះមិត្តហ្វូនបានក្លាយជាដៃគូយុទ្ធសាស្ត្ររបស់នាយកដ្ឋានរដ្ឋាភិបាលនានា និងសហគ្រាសលើការអនុវត្តដំណោះស្រាយ ICT៕
ដោយ៖CEN