Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ផ្ញើ​សារ​ទៅគ្រប់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ សូម​ធ្វើការ​យោគយល់​និង​ពន្យារពេល​ការសង​បំណុល ចំពោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ឆ្នាំនេះ​

​ខេត្តបន្ទាយមានជ័យ​៖ ដោយសារ​ជំនន់​ទឹកភ្លៀង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី ២១​ខែតុលា ឆ្នាំ ២០២០​នេះ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូន​សារ អំពាវនាវ​ដល់​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​គ្រប់​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ នៅ​ទូទាំងប្រទេស សូម​ធ្វើការ​យោគយល់ បន្ធូរបន្ថយ ឬ​ពន្យា​ពេល ការសង​បំណុល​ដល់​ប្រជាពលរដ្ឋ ក្នុងពេល​កម្ពុជា​កំពុង​ជួប​និង​គ្រោះទឹកជំនន់​។ ការអំពាវនាវ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ធ្លាប់បាន​អំពាវ​ដូចគ្នានេះដែរ ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​យោគយល់​ដល់​អ្នក​បាត់បង់​ចំណូល​ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ផងដែរ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​ធ​គារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​ណែនាំ​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងឡាយ យោគយល់​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​គ្រោះទឹកជំនន់​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ដោយ​ការបន្ធូរបន្ថយ​អត្រា​ការប្រាក់ ឬ​ពន្យា​ពេល​នៃ​ការសង​បំណុល រហូត​ដល់ពេល​ស្ថានភាព​ធូរស្រាល​សមស្រប​ឡើងវិញ​។​

​សម្តេច​តេ​ជោ​បាន​មាន​ប្រសា​ន៍​ថា «​ខ្ញុំ​ជូន​សារ​នេះ ទៅគ្រប់​ធនាគារ និង​គ្រប់​មីក្រូហិរញ្ញវត្ថុ សូម​ធ្វើការ​យោគយល់​ដល់​សភា​ព​ការណ៍​ដ៏​លំបាក​របស់​ប្រជាជន​យើង ពិត​ហើយ​អស់លោក​ត្រូវការ​ចំណេញ ប៉ុន្តែ​បើ​ចំណេញ​ទៅលើ​ការលំបាក​របស់​ប្រជាពលរដ្ឋ ក៏​មិនមែនជា​ការសប្បាយរីករាយ​សម្រាប់​ទាំងអស់គ្នា ហើយ​នៅក្នុង​ស្ថានភាព​ឈ្នះ​-​ឈ្នះ​នោះដែរ ហើយ​ស​ង្ឈឹ​ម​ថា ធនាគារ​ទាំងអស់​នឹង​ធ្វើការ​ងារ​នេះ​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា​៖ «​ព្រោះ​រឿងនេះ វា​បាន​កើតឡើង បានផ្តល់​ការឈឺចាប់​ខ្លាំងណាស់​ទៅហើយ​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង ហើយ​ខ្ញុំ​ក៏​សូម​អំពាវនាវ​សូមកុំ​រឹបអូស​ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់​ប្រជាពលរដ្ឋ នៅក្នុង​ដំណាក់កាល​ជំងឺ​កូ​វីដ​១៩ និង​ដំណាក់កាល​គ្រោះទឹកជំនន់​នេះ សម្រាប់​អ្នក​ដែល​ប៉ះពាល់​ដោយ​ទឹកជំនន់​»​។​

​ផ្ទុយទៅវិញ សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បញ្ជាក់​ដដែល​ដោយ​បន្ត​ស្នើ​ឲ្យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ធ្វើការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ជន​ទាំងឡាយណា​ដែល​ចូលរួម​ជាមួយ​ចលនា​ដែល​ប៉ុនប៉ង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដក​ប្រាក់​ពី​ធនាគារ និង​កុំ​សងបំណុល​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្នុង​ចេតនា​ដ៏​អាក្រក់​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដួលរលំ​។

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី ២០​ខែតុលា ឆ្នាំ ២០២០​នេះ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​សរុប​មាន​ប្រមាណ​ជាង ១០​ម៉ឺន​គ្រួសារ ដែល​ស្មើនឹង​ជាង ៤១​ម៉ឺន​នាក់​៕
​ដោយ​៖CEN


×