Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្ត​ហ្វូ​ន អ៊ី​-​ម៉ាន់​នី និង​ព្រូ​ដិ​នស​ល​កម្ពុជា ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រយៈពេល​វែង ដើម្បី​ផ្ដល់​សេវា​ទូរគមនាគមន៍ ធានារ៉ាប់រង​អាយុជីវិត និង​គណនី​តាម​ទូរស័ព្ទ​ចល័ត

​ភ្នំពេញ ៖ នៅ​ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ នៅ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន អ៊ី​-​ម៉ាន់​នី និង​ព្រូ​ដិ​នស​លកម្ពុជា ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន​ធំៗ​បំផុត​ទៅតាម​វិស័យ​របស់ខ្លួន ក្នុងប្រទេស​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការផ្ដល់សេវា​ទូរគមនាគមន៍ ធានារ៉ាប់រង​អាយុជីវិត និង​គណនី​តាម​ទូរស័ព្ទ​ចល័ត​។

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ដែល​រៀបចំ​រួមគ្នា​ដោយ នាយក​ចាត់ការ​ទូទៅរ​បស់​ក្រុមហ៊ុន មិត្ត​ហ្វូ​ន លោក Phung Van Cuong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ៊ី​-​ម៉ាន់​នី លោក Pham Doan Cuong និង​អគ្គនាយក (​ចាត់តាំង​) ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា លោក Sanjay Chakrabarty​។

​ក្រោម​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​ដៃគូ​ទាំងនេះ​នឹង​ផ្ដល់​សេវា​នានា​ដល់​អតិថិជន​រប​ស់​ខ្លួន​ក្នុងប្រទេស​កម្ពុជា ដូចជា​សេវា​ទូទាត់​ប្រាក់​តាម​អន​ឡាញ និង​ការពង្រឹង​សេវា​ធានារ៉ាប់រង​អាយុជីវិត​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​។ កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ពង្រឹង​ដល់​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​វែង​រវាង​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទូរគមនាគមន៍ គណនី​តាម​ទូរស័ព្ទ​ចល័ត និង​ធានារ៉ាបរ់ង​អាយុជីវិត ទាំងបី​នេះ​ផងដែរ​។

​ភាគី​ទាំងបី នឹង​សហការគ្នា​លើ​ប្រតិបត្តិការ​មួយចំនួន​។ ក្នុងនោះ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន​នឹង​ផ្ដល់ជូន​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា នូវ​សេវា​ហៅ​និង​ទទួល​ទូរស័ព្ទ (SIP TRUNK) សេវា​អ៊ិន​ធឹ​ណិ​ត សេវា​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ សេវា eConnect សេវា SMS Brand-name និង​សេវា​ជាច្រើន​ទៀត​។ ក្រុមហ៊ុន មិត្ត​ហ្វូ​ន និង​អ៊ី​-​ម៉ាន់​នី នឹង​ផ្ដល់​សេវា​ជូន​អតិថិជន​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ក្នុងការ​បង់ប្រាក់​បុព្វលាភ​រ៉ាប់រង តាមរយៈ​ប្រព័ន្ធ​បង់ប្រាក់​អ៊ី​-​ម៉ាន់​នី ឬ​គណនី​តាម​ទូរស័ព្ទ​ចល័ត​។ ទន្ទឹមនឹងនេះ អ៊ី​-​ម៉ាន់​នី នឹង​ផ្ដល់ជូន​ព្រូ​ដិ​នស​ល​កម្ពុជា​នូវ​ដំណោះស្រាយ​ដែល​នឹង​ជួយ​សម្រួល​ដល់​ការទូទាត់​សំណង​ពី​ព្រូ​ដិ​នស​ល​កម្ពុជា​ទៅដល់​អតិថិជន​ខ្លួន ដែល​ប្រើប្រាស់​គណនី​ចល័ត អ៊ី​-​ម៉ាន់​នី (eMoney Wallet) ។ ជាងនេះទៅទៀត ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​នឹង​អាច​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្ដីពី​ដំណោះស្រាយ និង​សេវា​ធានារ៉ាប់រង​អាយុជីវិត​នៅលើ​កម្មវិធី​ទូរស័ព្ទដៃ អ៊ី​-​ម៉ាន់​នី និង​មិត្ត​ហ្វូ​ន​ផងដែរ​។

​ក្រៅពីនេះ អតិថិជន​មិត្ត​ហ្វូ​ន និង អ៊ី​-​ម៉ាន់​នី​ទាំងអស់ នឹង​អាច​ចូលទៅ​ប្រើ​កម្មវិធី​សុខភាព​លើ​ទូរស័ព្ទដៃ​របស់​ព្រូ​ដិ​នស​ល​កម្ពុជា ឈ្មោះថា Pulse by Prudential (Pulse) ដោយ​ឥតគិតថ្លៃ​សេវា​ថែម​ទៀតផង​។

​នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន លោក Phung Van Cuong មានប្រសាសន៍ថា​៖ “​ក្រោម​កិច្ចសហប្រតិបត្តិការ​នេះ ក្រុមហ៊ុន​ទាំងបី​នឹង​ផ្ដល់ជូន​អតិថិជន​របស់ខ្លួន​នូវ​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​”​។
​លោក​បាន​បន្ថែមថា​៖ “​កិច្ចសហប្រតិបត្តិការ​នេះ​ដាក់ចេញ​នូវ​វិធីសាស្ត្រ​ថ្មី​ក្នុងការ​បង់ប្រាក់​សេវា​ធានារ៉ាប់រង​អាយុជីវិត ដែល​នេះ​ជា​ជំហាន​បន្ទាប់​នៃ​ការវិវត្ត​ផ្នែក​ឌីជីថល​របស់​យើង ក៏ដូចជា​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការប្ដេជ្ញាចិត្ត​របស់​ព្រូ​ដិ​នស​ល​កម្ពុជា មិត្ត​ហ្វូ​ន និង​អ៊ី​-​ម៉ាន់​នី ក្នុង​ការបន្ត​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ដើម្បី​បម្រើ​សេវាកម្ម​ដែល​ធ្វើ​ឲ្យ​អតិថិជន​កាន់​តែមាន​ទំនុកចិត្ត ហើយ​ជួយ​ឲ្យ​ពួកគាត់​រស់នៅ​មាន​សុខភាព​ល្អ និង​មាន​ផាសុកភាព​ជាង​មុន​”​។

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អ៊ី​-​ម៉ាន់​នី លោក Pham Doan Cuong មានប្រសាសន៍ថា​៖ “​ភាពជា​ដៃគូ នេះ​នឹង​ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​របស់​អ៊ី​-​ម៉ាន់​នី និង​ព្រូ​ដិ​នស​ល​កម្ពុជា​ក្នុងការ​បង់ប្រាក់​បុព្វលាភ​រ៉ាប់រង​របស់ខ្លួន​។ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ក៏​អាច​ទូទាត់​សំណង​ជូន​ដល់​អតិថិជន​របស់ខ្លួន តាមរយៈ​ភ្នាក់ងារ​ជាង ៨០០០ ទីតាំង​របស់​អ៊ី​-​ម៉ាន់​នី នៅ​ទូទាំងប្រទេស​ផងដែរ​”​។

​អគ្គនាយក (​ចាត់តាំង​) ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា លោក Sanjay Chakrabarty មានប្រសាសន៍ថា​៖ “​គោលបំណង​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា គឺ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួលបាន​នូវ​ជីវិត​ដ៏​ប្រសើរ​។ ដើម្បី​បំពេញ​គោលបំណង​នេះ ទំនួល​ខុសត្រូវ​របស់​យើង​នៅពេលនេះ គឺ​កាន់​តែមាន​ភាព​បន្ទាន់ និង​សំខាន់​ជាង​ពេលណា​ទាំងអស់​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​ក្នុង​កម្ពុជា ពោលគឺ​ដោយសារតែ​រោគរាតត្បាត​កូ​វីដ​-១៩ ហើយ​និង​ទឹកជំនន់​ដែល​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ក្នុង​ពេលនេះ​។ ទន្ទឹមនឹងនេះ​ផងដែរ ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​អាយុជីវិត​នៅមានកម្រិត​ទាប​នៅឡើយ​។
​ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ធំជាងគេ​បំផុត​នៅ​កម្ពុជា ដោយមាន​អតិថិជន​ជាង ២០ ម៉ឺន​នាក់ ហើយ​តាមរយៈ​ការជួយ​គាំទ្រ​ក្នុង​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ពី​សំណាក់​ក្រុមហ៊ុន​នាំមុខគេ​ទាំងពីរ គឺ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​អ៊ី​-​ម៉ាន់​នី ខ្ញុំ​ជឿជាក់ថា យើង​នឹងមាន​លទ្ធភាព​ពិសេស​ក្នុង​ការពង្រីក​វិសាលភាព​សេវា​ធានារ៉ាប់រង​អាយុជីវិត​ដល់​ប្រជាពលរដ្ឋ​រាប់លាន​នាក់​នៅ​កម្ពុជា​ដែល​ពុំទាន់​ទទួលបាន​ការធានារ៉ាប់រង ឬ​មានការ​ធានារ៉ាប់រង​តិចតួច​”៕
​ដោយ : CEN

×