“ចក្ខុវិស័យឧទ្ធម្ភាគចក្រ” មានន័យថា មេដឹកនាំត្រូវសម្លឹងឃើញឲ្យបានឆ្ងាយ ដោយរំលងចោលនូវ “ភាពរំខាន នយោបាយក្នុងរយៈពេលខ្លី ដើម្បីផ្តោតសំដៅធ្វើអ្វីៗដែលល្អបំផុតសម្រាប់ប្រទេសជាតិ ក្នុងមុំវែងឆ្ងាយ និងម៉ាក្រូ។
រដ្ឋមន្ត្រីជាន់ខ្ពស់ -អតីតីនាយករដ្ឋមន្ត្រី Goh Chok Tong (ឆ្វេង) កំពុងសន្ទនាជាមួយសមាជិកចូលរួមកម្មវិធីមេដឹកនាំសង្គមវ័យក្មេងរបស់សិង្ហបុរី នាខែកញ្ញា ២០១៧ ។
ជាច្រើនឆ្នាំកន្លងមកហើយវិធីសាស្ត្រជ្រើសរើសរបៀបប្រមាញ់រកបញ្ញាជនដែលមានទេព្យកោសល្យ និងសីលធម៌ ហាក់បង្ហាញប្រសិទ្ធភាពធំធេងចំពោះសិង្ហបុរី ទោះបីជាវាក៏នៅមានចំណុចខ្វះខាតពុំអាចចៀសវាងបានចំពោះគ្រប់ប្រព័ន្ធនយោបាយ។
ឧទាហរណ៍ក្នុងអតីតកាលរដ្ឋមន្ត្រីមួយចំនួនត្រូវបានរកឃើញថា ត្រូវពុករលួយ ហើយពួកគេក៏ត្រូវបានដកហូតដំណែង រត់គេចខ្លួន ឬធ្វើអត្តឃាត។ ប្រការនេះមានន័យថា ដំណើរការជ្រើសសំរាំងពុំទាន់បានសុក្រិតនៅឡើយទេ។
ប៉ុន្តែគុណសម្បត្តិនៃប្រព័ន្ធនេះ គឺយ៉ាងតិចពួកមន្ត្រីពុករលួយចុងក្រោយនឹងត្រូវបានគេរកឃើញ ហើយត្រូវតបស្នងចំពោះកំហុសរបស់ខ្លួន។
ជាក់ស្តែងពិតជាពិបាកស្រូបទាញនូវបេក្ខភាពអ្នកដឹកនាំដែលស្អាតបរិសុទ្ធដូចជាក្រដាសស ប៉ុន្តែពុំមែនវាគ្មានមនុស្សដែលគ្រប់លក្ខណៈសម្បត្តិនោះទេ បញ្ហាស្ថិតត្រង់ការរក្សាបានភាពស្អាតបរិសុទ្ធគឺជាសម្ពាធដ៏ខ្លាំងមួយ ខណៈពេលដែលគេក្លាយជាបុគ្គលរបស់មហាជន។
សម្ពាធចំពោះបុគ្គលរបស់ “មហាជន” ជាអ្វី? មនុស្សតិចតួចណាស់ដែលចង់ឲ្យជីវិតឯកជនរបស់ខ្លួនត្រូវបានឃ្លាំមើលយ៉ាងជិតដិត ហើយពុំមែនជាស្ថាប័នសន្តិសុខរបស់រដ្ឋាភិបាលទេ វាជាកែវភ្នែករបស់មហាជន។ ក្នុងយុគ្គសម័យព័ត៌មាន សង្គមបច្ចុប្បន្នការរក្សាបាន “ភាពស្អាតស្អំ” តាំងពីសីលធម៌បុគ្គល រហូតដល់កាយវិការទង្វើនីមួយៗ ពិតណាស់វាជាការប្រឈមយ៉ាងខ្លាំងក្លាចំពោះមនុស្សគ្រប់រូប។
បៀវត្សរ៍របស់មន្ត្រីនៅសិង្ហបុរីខ្ពស់ខ្លាំងណាស់ ប៉ុន្តែប្រាក់បៀវត្សរ៍នេះទាមទារឲ្យរដ្ឋមន្ត្រីទាំងនោះពលិកម្មភាពឯកជនរបស់ខ្លួនត្រូវរ៉ាប់រងភារកិច្ចច្រើនផ្នែក ធ្វើការមិនថា ថ្ងៃឬយប់ និងពុំចេះនឿយហត់។
ចំណោទទី២ គឺបញ្ហាប្រឡោះ “សំណាញ់” ពិតជាតូចចង្អៀត ខណៈពេលដែលមន្ត្រីល្អពិតជាពិបាករក។ ទន្ទឹមនោះប្រព័ន្ធនយោបាយបានបញ្ជាក់ប្រាប់ទុកជាមុនថា ប្រសិនបើរដ្ឋាភិបាលដឹកនាំមិនល្អ នោះពួកគេនឹងត្រូវមហាជនទាត់ចោល នៅអណត្តិក្រោយ ។
នៅប្រទេសលោកខាងលិចមួយចំនួន ពិសេសអូស្ត្រាលី អង់គ្លេស និងអាមេរិក ម្ចាស់សន្លឹកឆ្នោតច្រើនធុញទ្រាន់ ពេលឃើញមុខមេដឹកនាំដដែលៗ ដែលក្តោបក្តាប់អំណាចជាង២ អណត្តិ ហើយគ្រានោះពួកគេនឹងបោះឆ្នោតសម្រាប់ការផ្លាស់ប្តូរ។ ប៉ុន្តែនៅសិង្ហបុរី ផ្ទុយស្រឡះពីនេះម្ចាស់ឆ្នោតបានទម្លាប់បោះឆ្នោតឲ្យបក្សប្រជាជនសកម្មភាព (PHP) ព្រោះតែបក្សនេះតែងយកចិត្តទុកដាក់ក្នុងការបំពាក់បំប៉នកសាងធនធានមនុស្សសម្រាប់បន្តវេន ទោះបីជាគណបក្សនយោបាយប្រឆាំងដទៃទៀត តែងបង្កសម្ពាធមិនធម្មតាឡើយ គិតចាប់តាំងពីឆ្នាំ ១៩៨៤កន្លងមក។
ម្យ៉ាងទៀតព្រោះថា រដ្ឋាភិបាលរបស់ PHP មានប្រវត្តិគ្រប់គ្រងដឹកនាំល្អគួរសម ហើយពួកគេតែងត្រៀមជាស្រេចដើម្បីបម្រែបម្រួលខ្លួនឲ្យសមស្របតាមស្ថានការណ៍ និងបំណងប្រាថ្នារបស់ម្ចាស់ឆ្នោត។ ដូច្នេះការបោះឆ្នោតឲ្យ PHP គឺជាជម្រើសសុវត្ថិភាពមួយ។ ម្ចាស់ឆ្នោតសិង្ហបុរី ក៏តែងទទួលបានព័ត៌មាន និងយល់ច្បាស់ពីប្រព័ន្ធសម្រិតសម្រាំងមេដឹកនាំដ៏តឹងតែងរបស់ PHP ហើយពួកគេគាំទ្របញ្ហានេះ។
របៀបធ្វើរបស់ PHP ក៏មានន័យថា រដ្ឋាភិបាលច្រើនជ្រើសរើសនូវបេក្ខភាពមួយចំនួនដែលពួកគេបានបណ្តុះបណ្តាល និងយល់ច្បាស់ ជាអាទិ៍មេដឹកនាំយោធា ស្ថាប័នរដ្ឋ…។ល។ ដែលបានបង្ហាញសមត្ថភាពរបស់ខ្លួនឲ្យមហាជនឃើញ។
បណ្តាបេក្ខភាពត្រូវបានចាត់ទុកថា ជាអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីរបស់សិង្ហបុរី (ពីឆ្វេងទៅស្តាំ) ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Heng Swee Keat, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Chan Chun Sing, និងរដ្ឋមន្ត្រីក្រសួងអប់រំ លោក Ye Kung
ជ្រើសរើសមនុស្សមានទេពកោសល្យតាមរយៈចក្ខុវិស័យរបស់ពួកគេ ៖
បទពិសោធបង្ហាញថា PHP នឹងចាប់ផ្តើម “បង់សំណាញ់” ក្នុងរង្វង់មនុស្សដែលគេបានយល់ដឹងជាបឋម។ រដ្ឋាភិបាលជឿជាក់ជាមួយវិធីសាស្ត្រនេះ ព្រោះថា បណ្តាមេដឹកនាំ “សក្តានុពល” ដែលត្រូវបានគេឃ្លាំមើលតាំងពីពួកគេនៅក្មេងម្លេះ មនុស្សភាគច្រើនក្នុងនោះ សុទ្ធសឹងទទួលបានអាហារូបករណ៍ដ៏មានតម្លៃរបស់រដ្ឋាភិបាល ជាអាទិ៍អាហាររូបករណ៍ប្រធានាធិបតីឬអាហារូបករណ៍សិក្សាបរទេស SAF។
អ្នករិះគន់មួយចំនួនបានស្តីបន្ទោសរបៀបធ្វើនេះរបស់សិង្ហបុរី ព្រោះថា បែបនេះនឹងបង្កើតឡើងនូវក្រុមមនុស្សដែលមានរបៀបពិចារណាស្រដៀងគ្នា ជាហេតុលំបាកសម្រាប់រដ្ឋាភិបាលផ្លាស់ប្តូរគោលនយោបាយមួយនាគ្រាចាំបាច់បានទាន់ពេលវេលា ពិសេសសារធាតុរបស់កងទ័ព និងរដ្ឋរបស់ប្រទេសនេះ លំអៀងតាមជម្រើសសុវត្ថិភាព។
យ៉ាងនេះក្តីឆ្លងកាត់ជំនាន់មេដឹកនាំផ្សេងៗគ្នា សិង្ហបុរីបានបង្ហាញឲ្យឃើញពីសមត្ថភាពដឹកនាំការកែទម្រង់ខឿនសេដ្ឋកិច្ច និងសង្គមរៀងរាល់ពេលដែលមានការប្រឈមនឹងបញ្ហាសកលភាវូបនីយកម្ម។
ជាក់ស្តែងជាងនេះទៀត PHP ចាប់បង្ខំឲ្យបណ្តាបេក្ខភាពមេដឹកនាំ ក្រៅពីលក្ខណៈវិនិឆ័យលើផ្នែកសីលធម៌ចាំបាច់ត្រូវមាន គុណភាពមួយទៀតដែលគេហៅថា “ចក្ខុវិស័យឧទ្ធម្ភាគចក្រ” រួមជាមួយសមត្ថភាពរៀបចំផែនការចាត់តាំងដឹកនាំផែនការនោះ។
“ចក្ខុវិស័យឧទ្ធម្ភាគចក្រ” មានន័យថាសមត្ថភាព សម្លឹងបានវែងឆ្ងាយ ឃើញបានទូលំទូលាយ វាយតម្លៃ និងដោះស្រាយបញ្ហា ចាកផុតពីគំនួចនៃកលយុគនយោបាយ។ គេអាចនិយាយម្យ៉ាងទៀតថា បណ្តាមេដឹកនាំត្រូវមើលឲ្យបានឆ្ងាយជាង ឬរំលងផុតនូវភាពវក់វីនយោបាយរយៈពេលខ្លី ដើម្បីបាញ់ឆ្ពោះទៅរកអ្វីដែលប្រសើរបំផុតសម្រាប់ប្រទេសជាតិលើជ្រុងយូរអង្វែង និងម៉ាក្រូ។
ដំណើរហោះហើររួម និងសំណុំចងចាំតែមួយ ៖
លោក លី ក្វាងដឺល ធ្លាប់មានប្រសាសន៍ថា ៖ មេដឹកនាំកំពូលៗទាំងអស់របស់សិង្ហបុរី រួមមានមេដឹកនាំនយោបាយ រដ្ឋាភិបាល សង្គម និងអ្នកជំនួញ មានប្រមាណ ២០០នាក់ អាចផ្ទុកលើយន្តហោះរួមមួយ ហើយឯកសារនៃជីវិតរបស់ពួកគេក៏អាចដាក់ក្នុងសំណុំចងចាំតែមួយដែរ។
ប្រសិនបើដំណើរហោះហើរ ត្រូវបានបញ្ចប់ដោយគ្រោះថ្នាក់នោះ សិង្ហបុរីចាត់ទុកថា ចប់ស្រេចបាច់ហើយ ព្រោះពុំមាននរណាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំទៀត។
លុតដំក្នុងបរិស្ថានកងទ័ព ៖
ច្រើនឆ្នាំមុន លោក លី ក្វាងដឺល ធ្លាប់ពោលថា “ជាមេ (ដឹកនាំ) នោះត្រូវតែជាដែកថែមត្រូវបានលុតរួច ពុំនោះសោតទេ (គេ) គប្បីចៀសចេញភ្លាម”។
នេះក៏ជាមូលហេតុមួយបង្ហាញថា ហេតុអ្វីកងទ័ពសិង្ហបុរីតែងជាទីកន្លែងមួយត្រូវបានរដ្ឋាភិបាល ធ្វើការវាយតម្លៃលើបេក្ខភាពជាមេដឹកនាំ គ្រាដែលទាហានម្នាក់នោះទើបចាប់ផ្តើមបុព្វហេតុ ការសាកល្បងរបស់ពួកគេអំឡុងពី ១-២ទសវត្សរ៍ ដោយវិធីផ្ទេរប្តូរមុខងារ តួនាទី ដោយឡែកៗពីគ្នា និងពោរពេញដោយសម្ពាធការងារយ៉ាងខ្លាំង។
អ្នកដែលទទួលបានជោគជ័យនឹងក្លាយជាបេក្ខភាពសក្តានុពល សម្រាប់មុខងារជារដ្ឋមន្ត្រីនៅក្នុងក្រសួងសំខាន់ៗ។
ចំណុចខ្វះខាតគួរឲ្យកត់សម្គាល់ក្នុងដំណើរការជ្រើសរើសអ្នកដឹកនាំរបស់សិង្ហបុរី គឺបញ្ហាសង្កត់ធ្ងន់លើ “សារធាតុយកបច្ចេកទេសជាកត្តាគ្រប់គ្រង”។
គណបក្សនយោបាយមួយដែលឈ្នះឆ្នោតពុំមែនពឹងពាក់តែលើមេដឹកនាំលើសមត្ថភាព និងមានកម្លាំងទាក់ទាញប៉ុណ្ណោះទេ អ្នកនោះត្រូវចេះបញ្ជូនសារធ្វើឲ្យអ្នកដទៃចង់ស្តាប់ និងគាំទ្រពួកគេក្នុងអំឡុងដណ្តើមសន្លឹកឆ្នោត ក៏ដូចជាអំឡុងពេលដែលរ៉ាប់រងមុខតំណែង។
ក្រុមមេដឹកនាំ PHP ច្រើនរអ៊ូពីអ្នកដែលត្រូវបានឈរឈ្មោះច្រើនតែ “លោតឆ័ត្រ” ចុះទៅកាន់តំបន់មួយក្នុងអំឡុងពេលយ៉ាងខ្លីមុនពេលបោះឆ្នោត ហេតុនេះពុំមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោត ហើយម្ចាស់ឆ្នោតក៏ពុំដឹងបេក្ខភាពនេះជានរណាផង។
បេក្ខភាពមួយចំនួនត្រូវបានវាយតម្លៃថា ពុំអាចផ្សាភ្ជាប់បានជាមួយពលរដ្ឋ ព្រោះតែពួកគេបំពេញការងារបច្ចេកទេសជាន់ខ្ពស់នៅមុនពេលបោះជំហានចូលឆាកនយោបាយ។
អាចនិយាយម្យ៉ាងទៀតថា ប្រសិនបើការងារគ្រប់គ្រងត្រូវទេពកោសល្យដឹកនាំនិងចក្ខុវិស័យវែងឆ្ងាយនោះក្នុងការងារនយោបាយបោះឆ្នោតទាមទារឲ្យបេក្ខភាពទាំងឡាយត្រូវចាប់ដៃជាមួយបាតដៃទាំងអស់ ទោះបីវាគគ្រិចប្រឡាក់ប្រឡូសយ៉ាងណា ត្រូវចេះលេងលួងលោមក្មេងៗ ពេលបេក្ខភាពនោះប្រាស្រ័យទាក់ទងជាមួយម្ចាស់ឆ្នោត ត្រូវមានវត្តមានភ្លាមៗដើម្បីជួយប្រជាជនដោះស្រាយរឿងរ៉ាវកំប៉ិកកំប៉ុកទាំងឡាយនៅមូលដ្ឋាន ត្រូវបង្ហាញឲ្យឃើញលទ្ធផលការងារគ្រប់ទាំងឡាយ ទោះបីសហគមន៍មួយតូចក្តី ។ល។ ការទាមទារនេះ ធ្វើឲ្យតំណាងរាស្ត្រម្នាក់គ្មានពេលវេលាគ្រប់គ្រាន់ ទោះបីនៅចុងសប្តាហ៍គេពុំបានសម្រាកក្តី សុខចិត្តពលិកម្មជីវភាពគ្រួសារ និងសេរីភាពឯកជនក្តី ជាក់ស្តែងពុំអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញបានការងារទាំងអស់នោះទេ។
សរុបសេចក្តីមកវិញនោះ ដំណើរការជ្រើសរើសមេដឹកនាំអនាគតរបស់ PHP មានលក្ខណៈពិសេស និងដោយឡែកបែបសិង្ហបុរី។
ក្នុងប្រវត្តិសាស្ត្រនយោបាយរបស់គណបក្សនេះ ពួកគេតែងមានមោទនភាពថា ខ្លួនមានគ្រិះនយោបាយ និងការគ្រប់គ្រងស្អាតស្អំ មេដឹកនាំទាំងឡាយរបស់គណបក្សនេះត្រូវបានសម្រិតសម្រាំងអស់កាលច្រើនទសវត្សរ៍ ទើបធ្វើការតែងតាំង ហេតុនេះពួកគេស្គាល់ច្បាស់ ហើយអាចរកឃើញភ្លាម ប្រសិនបើបុគ្គលនោះ បង្ហាញឡើងនូវការ “ប្តូរធាតុ” ។
ដូចជាមនុស្សច្រើនធ្លាប់បាននិយាយ ការត្រៀមបំរុងទុកជាជំហាន នាំទៅកាន់ជោគជ័យ ពលរដ្ឋសិង្ហបុរីជឿថា ប្រសិនបើអ្នកពុំរៀបចំផែនការ ត្រៀមទុកម៉ត់ចត់សម្រាប់អនាគត នោះមានន័យថា អ្នកបានរៀបចំផែនការមួយសម្រាប់ ការបរាជ័យ៕ សូយន