បាត់ដំបង៖ នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីប នៅតាមវត្តអារាមជាច្រើន រួមទាំងតាមរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង បានរៀបចំពិធីអកអំបុកសំពះយ៉ាងអ៊ូរអរយ៉ាងសប្បាយរីករាយ ទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដោយការប្រារព្ធពិធីអកអំបុកសំពះព្រះខែ និងបណ្ដែតប្រទីបក្នុងខេត្តបាត់ដំបងនេះ គឺតាមវត្តអារាមខ្លះ រៀបចំឲ្យមានការដាល់អំបុកនៅតាមទីតាំងពិធីផ្ទាល់ ប៉ុន្តែកន្លែងខ្លះទៀត តម្រូវឲ្យអ្នកចូលរួម ត្រូវយកអំបុកមកពីខាងក្រៅហើយធ្វើពិធីអកអំបុកជុំគ្នា បន្ទាប់ធ្វើពិធីតាមប្រពៃណីទំនៀមទម្លាប់ ពីបុរាណនេះ ពលរដ្ឋក៏បាននាំគ្នារាំលេងកម្សាន្តផងដែរ។
អ្នកស្រី ឡៅ វិន អ្នកគ្រប់គ្រងរមណីយដ្ឋានទឹកធ្លាក់ចម្ការស្វាយស្ថិតនៅក្នុងឃុំមានជ័យស្រុកសំឡូត បាននិយាយាប្រាប់ថា ក្នុងរមណីយដ្ឋាននេះគឺមានការរៀបចំពិធីអកអំបុកសំព្រះខែ ជាច្រើនឆ្នាំមកហើយ ដែលការប្រារព្ធពិធីនេះ ដើម្បីថែរក្សានូវទម្លាប់ប្រពៃណីខ្មែរផងក៏ដូចជា ដើម្បីបង្កឲ្យមានភាពសប្បាយរីករាយបន្ថែមដល់ភ្ញៀវទេសចរ មកលេងកម្សាន្តនៅទឹកធ្លាក់ចម្ការស្វាយនេះ ។ ដោយមានរៀបចំពិធីដាល់អំបុក ឬអកអំបុកក្នុងរមណីយដ្ឋាន គឺភ្ញៀវគ្រប់រូបអាចចូលរួមបានគ្រប់គ្នា រួមទាំងមានអាហារសម្រន់និងភេសជ្ជៈ សម្រាប់ឲ្យពួកគាត់បរិភោគផង។ ដោយសារបញ្ហាវិបត្តិកូវីដ១៩ ការមកលេងកម្សាន្តរបស់ភ្ញៀវទេសចរនៅរមណីយដ្ឋាននេះ ក៏បានមានការថយចុះផងដែរ ប៉ុន្តែនៅមានអ្នកមកលេងសឹងរាល់ថ្ងៃ ពិសេសនៅថ្ងៃបុណ្យទានធំៗ ហើយក្នុងទីកន្លែងនេះ ក៏បានអនុវត្តតាមការណែនាំរបស់ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ជំងឺកូវីដនេះផងដែរ ។
គួរបញ្ជាក់ថា នៅខេត្តបាត់ដំបង នាឱកាសបុណ្យអុំទូកនេះ ពុំសូវមានភ្ញៀវទេសចរមកលេងកម្សាន្តដូចពិធីបុណ្យចូលឆ្នាំ ចូលឆ្នាំសកលឬបុណ្យភ្ជុំបិណ្ឌទេ ពិសេសនៅឆ្នាំនេះ ព្រោះបញ្ហាទឹកជំនន់និងបញ្ហាជំងឺកូវីដ១៩ផង៕ដោយ៖អ៊ុងសារុំ