Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ជាង ១៥០០​គ្រួសារ ទទួល​អំណោយ​ជា​ស្បៀងអាហារ​និង​សម្ភារ​ប្រើប្រាស់​មួយចំនួន ពីស​ម្ដេច​ក្រឡាហោម និង​លោកជំទាវ នៅ​បាត់ដំបង​

​បាត់ដំបង​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ ញ៉ែម សា​ខន សខេង ប្រធានកិត្តិយស ក្រុម​អ្នក​ម្ដាយ​មនុស្សធម៌ បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​ជា​ស្បៀងអាហារ រួមទាំង​សម្ភារ​ប្រើប្រាស់​មួយចំនួន ជូន​ដល់​ពលរដ្ឋ​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​ជាង ១៥០០​គ្រួសារ​នៅ​ខេត្តបាត់ដំបង រូ​ម​មាននៅ​ក្រុង​បាត់ដំបង ចំនួន ៥០០​គ្រួសារ ស្រុក​កំរៀង​ចំនួន ៤០០​គ្រួសារ ស្រុក​ភ្នំព្រឹក​ចំនួន ៣០០​គ្រួសារ​និង​ស្រុក​សំពៅ​លូន​ចំនួន ៣០០​គ្រួសារ​។​

​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​មានប្រសាសន៍ថា ក្នុងចំណោម​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅក្នុង​ខេត្តបាត់ដំបង ចំនួន​ជាង ៧ ២០០០​គ្រួសារ​នៅ​ឆ្នាំ​២០២០ ក្នុងនោះ​មាន​ក្រុង​បាត់ដំបង ត្រូវបាន​ទឹក​លិច​ផ្ទះ​ចំនួន ៤ ៩២៦​គ្រួសារ ត្រូវ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ចំនួន ១៩១​គ្រួសារ​។​រង​ផលប៉ះពាល់​ដំណាំ​ស្រូវ​ចំនួន​២៦៣២​ហិកតា ខូចខាត​អស់​ចំនួន​១៥៤៧​ហិកតា​។​ដើម្បី​ឆ្ល​យ​តប​នឹង​គ្រោះមហន្តរាយ​នេះ ពលរដ្ឋ បានទទួល​នូវ​អំណោយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់ ពីស​ម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពីស​ម្ដេច​ក្រឡាហោម ពី​ឯកឧត្តម ងិន ឃ​ន អ្នកដំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង រួមទាំង​មន្ត្រីរាជការ និង​សប្បុ​សជន​ជាច្រើន​ទៀត​។​

​ការលើកឡើង​បែបនេះ ក្នុងឱកាស​ចុះ​ចែក​អំណោយ​ពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង នៅ​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា​។​

​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​មានប្រសាសន៍ថា ទោះបី​អំណោយ​នាពេលនេះ​មិន​ច្រើន សម្រាប់​ពលរដ្ឋ​អាច​ផ្គត់​ផ្គង​គ្រួសារ​បានយូរ​អង្វែង ប៉ុន្តែ​អាចជួយ​សម្រួល​ដល់​ជីវភាព​ពលរដ្ឋ​បាន​មួយរយៈ​ខ្លី ក្នុង​គ្រា​ដែល​កំពុង​លំបាក​ខ្លាំង ហើយ​បន្ទាប់​ពីនេះ​ទៅ ពលរដ្ឋ​អាច​បន្ត​ខិតខំ​ប្រកប​របប​តាម​ធម្មតា ដូចពេលមុន​ទឹកជំនន់​វិញ ដើម្បី​ដោះស្រាយ​ជីវភាព​។​

​ឯកឧត្តម ស សុខា បានបញ្ជាក់​ថា​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុម​អ្នក​ម្ដាយ​មនុស្សធម៌ នឹង​បន្ត​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ រួមមាន​អង្ករ មី ត្រីខ ទឹក​ស៊ី​អី​វ ទឹកត្រី ទឹកបរិសុទ្ធ ថវិកា​និង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ ដល់​ពលរដ្ឋ​នៅ​ស្រុក​ឯក​ភ្នំ​ចំនួន ២០០០​គ្រួសារ​និង​នៅ​ស្រុក​ប​វេ​ល​ចំនួន ១០០០​គ្រួសារ បន្ថែមទៀត​ផងដែរ ។​

​គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ អាជ្ញាធរ​នៃ​ខេត្តបាត់ដំបង បាន​ចុះ​ចែក​អំណោយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ បាន​ចំនួន ៦៦ ៧០៩​គ្រួសារ ផងដែរ ៕​ដោយ​៖​អ៊ុង​សា​រុំ​

 

×