រាជធានីភ្នំពេញ៖ សំណុំរឿងនគរបាលម្នាក់ ចុះបង្ក្រាបសង្វៀនជល់មាន់ ហើយបានបាញ់ស្លាប់បុរសម្នាក់ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីលោកព្រះរាជអាជ្ញាបានបញ្ចប់ការសាកសួរជាស្ថាពរ និងធ្វើការចោទប្រកាន់កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។
រឿងក្តីនេះ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានលើកយកសំណុំរឿងនេះ មកបើកសវនាការហើយបានប្រកាសសាលក្រមភ្លាមៗ ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ ចន វីរៈ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី ឬពាក់ស័ក្តិ១ បម្រើផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដាក់ពន្ធនាគារ ១ឆ្នាំ តែទោសនេះ ត្រូវព្យួរទាំងអស់ ដោយមិនជាប់ក្នុងពន្ធនាគារនោះទេ។ សំណុំរឿងនេះ តុលាការ បានចោទប្រកាន់ពីបទ «មនុស្សឃាតដោយអចេតនា» យោងតាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ៕ ដែន សីមា