Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​៣​នាក់​ជួញដូរ​រក្សាទុក ថ្នាំ​ម៉ា​ទឹកកក​០៧​ថង់ ម៉ូតូ​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន ទៅ​តុលាការ​

​បាត់ដំបង​៖​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​៣​នាក់​ជួញដូរ​រក្សាទុក ថ្នាំ​ម៉ា​ទឹកកក​០៧​ថង់ ម៉ូតូ​មួយគ្រឿង សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ បានធ្វើ​ឡើង កាលពី​ម៉ោង​១៤​និង​៥០​នាទី​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​តា​ស៊ង ឃុំ​បា​ដំរាំ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​៣​នាក់ ដែល​ចាប់​ឃាត់ខ្លួន​ទី​១​ឈ្មោះ​ថន សុ​ភណ្ឌ​ហៅ​ម៉ៅ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង និង​ឈ្មោះ​ឈួន ចាន់​រ៉ុង​ហៅ​ប្រុស ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ឆក​ពោធិ ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៣​ថង់ ម៉ូតូ​មួយគ្រឿង កាំបិត​មួយ​និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១៤​និង​៥០​នាទី​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​តា​ស៊ង ឃុំ​បា​ដំរាំ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ក្រោយពី​សាកសួរ​ឈ្មោះ​ថន សុ​ភណ្ឌ​ហៅ​ម៉ៅ និង​ឈ្មោះ​ឈួន ចាន់​រ៉ុង​ហៅ​ប្រុស ហើយ​កម្លាំង​បាន​ឈានទៅ​ចាប់​ឈ្មោះ​យឿន ដា​រ៉ា​ហៅ​ពេទ្យ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៥​និង​៥០​នាទី ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​តា​ស៊ង ឃុំ​បា​ដំរាំ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៤​ថង់ និង​សម្ភារ​ពាក់ព័ន្ធ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីនេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​ហើយ​៕ ដោយ​៖​អ៊ុង​សា​រុំ​

×