បាត់ដំបង៖ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថាបន្ទាប់ពីទឹកជំនន់ស្រកទៅវិញនេះ ប្រជាពលរដ្ឋតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទ តាមបណ្ដាខេត្តរងគ្រោះដោយទឹកជំនន់ បានស្នើប្រមុខរាជរដ្ឋាភិបាល ស្ដារជីវភាពពួកគាត់ឡើងវិញ មានដូចជាការផ្ដល់ស្រូវពូជឬពូជដំណាំផ្សេងៗ ឬជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវលំដែលរងការខូចខាតកន្លងមកនេះ បន្ទាប់ពីមានការសម្រេចពីប្រមុខរាជរដ្ឋាភិបាល ក្នុងការស្ដារជួសជុលកែលម្អផ្លូវលំ ដែលបានរងការខូចខាតដោយទឹកជំនន់កន្លងមក ក្រសួងនឹងខិតខំធ្វើការងារនេះឲ្យបានលឿន ដើម្បីឲ្យពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនកសិផលបានស្រួល ចៀសវាងការបន្ទាបតម្លៃពីសំណាក់ឈ្មួញកណ្ដាល។
ការលើកឡើងបែបនេះ ក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវ រងការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងស្រុកសង្កែខេត្តបាត់ដំបង។
ឯកឧត្តម អ៊ិន ចន្ថា បានមានប្រសាសន៍ថា បន្ទាប់ពីទឹកជំនន់ស្រកទៅវិញនេះ ប្រជាពលរដ្ឋតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទ តាមបណ្ដាខេត្តរងគ្រោះដោយទឹកជំនន់ បានស្នើប្រមុខរាជរដ្ឋាភិបាល ស្ដារជីវភាពពួកគាត់ឡើងវិញ មានដូចជាការផ្ដល់ស្រូវពូជឬពូជដំណាំផ្សេងៗ ឬជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវលំដែលរងការខូចខាតកន្លងមកនេះ។ក្រោយពីទទួលសំណូមពរពីពលរដ្ឋ ក្រសួងអភិវឌ្ឍន៍ជនបទ បានជម្រាបជូនប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហើយក្រសួងសង្ឃឹមយ៉ាងមុតមាំថា សម្ដេចនឹងជួយស្ដារការជួសជុលផ្លូវឡើងវិញ ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្សទៅរៀន បានស្រួលដូចមុន។ពលរដ្ឋអាចធ្វើដំណើរ និងដឹកកសិករបានស្រួល ដើម្បីកុំឲ្យឈ្មួញមួយចំនួនឆ្លៀតឱកាសយកបញ្ហាផ្លូវខូច មកបន្ទាបតម្លៃកសិផលរបស់ពលរដ្ឋ។ដូច្នេះហើយ បន្ទាប់ពីមានការសម្រេចពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទនឹងធ្វើការជួសជុលជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថាបន្ទាប់ពីទឹកស្រកនេះ បច្ចុប្បន្នក្រសួងកំពុង ចាប់ផ្ដើមពិនិត្យនិងជួសជុលផ្លូវលំរងការខូចខាតដោយទឹកជំនន់ជាផ្លូវយុទ្ធសាស្ត្រ ផ្លូវសំខាន់ៗមួយចំនួន ដែលសម្រួលដល់ការដឹកជញ្ជូននិងការធ្វើដំណើរ របស់ពលរដ្ឋ។
គួរបញ្ជាក់ថា បញ្ហាជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ផ្លូវក្រាលកៅស៊ូ ផ្លូវគ្រួសក្រហមនិងផ្លូវដីជាដើមប្រមាណជាង៦០០ខ្សែ និងរងការខូចខាតជាច្រើនគីឡូម៉ែត្រ ដោយបច្ចុប្បន្នក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងធ្វើការជួសជុលកែលម្អឡើងវិញ៕ដោយ៖អ៊ុងសារុំ